ឯកឧត្តម ជា វ៉ាន់ដេត រំពឹងថា ក្នុងរយៈពេល១០ឆ្នាំខាងមុខ កម្ពុជាមានសិស្សចំនួនជាង១០ម៉ឺននាក់ ដែលបញ្ចប់ជំនាញផ្នែកឌីជីថល

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១១ ៣ ២០២៤

a6-217

a-206

a2-231

a5-228

a1-229

a3-238

a4-234

ភ្នំពេញ ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរំពឹងថា ក្នុងរយៈពេល១០ឆ្នាំខាងមុខ កម្ពុជាមានសិស្សចំនួនជាង១០ម៉ឺននាក់ ដែលបញ្ចប់ជំនាញផ្នែកឌីជីថល ខណៈដែលការបញ្ចប់ជំនាញនេះនឹងរួមចំណែកអភិវឌ្ឍកម្ពុជាឆ្ពោះទៅសម្រេចបានបរិវត្តកម្មឌីជីថលនៅកម្ពុជានាពេលអនាគត។

ក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ថ្នាក់រដ្ឋមន្ត្រី ស្តីពីការចែករំលែកចំណេះដឹងក្នុងការធ្វើបរិវត្តកម្មរដ្ឋបាលឌីជីថល គោលនយោបាយនិងការអនុវត្ត នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថាប្រទេសកម្ពុជា គឺមិនខុសពីបណ្ដាប្រទេសផ្សេងនោះទេ ដែលមានបញ្ហាប្រឈមលើបញ្ហាធនធានមនុស្ស ពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថលនេះ ជាពិសេសការទទួលយកបច្ចេកវិទ្យាមកប្រើប្រាស់ ដូចអ្វីដែលកំពុងតែអនុវត្តនៅកម្រិតសាលារៀន។
ឯកឧត្តមរដ្ឋមន្ត្រីប្រៃសណីយ៍ បានបន្តថា ពលរដ្ឋឌីជីថល គឺចាប់ផ្ដើមចេញពីសាលារៀន ដូច្នេះយើងត្រូវលើកកម្ពស់ការយល់ដឹងជាសាធារណៈនៅតាមសាលារៀន តាមរយៈការរៀបចំការប្រកួតប្រជែង និងរៀបចំព្រឹត្តិការណ៍លើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យា។ បន្ថែមពីនោះ គួរកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យានៅតាមសហគមន៍ និងតាមថ្នាក់រៀន ដើម្បីអ្នកដែលទទួលការអប់រំនៅតាមសាលារៀន ទោះបីមិនបានបញ្ចប់ថ្នាក់វិទ្យាល័យក៏ដោយ ក៏ពួកគាត់មានជំនាញឌីជីថលខ្លះ សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ បន្ថែមពីនោះទៀត អ្នកទាំងអស់នោះអាចក្លាយទៅជាកសិករ អាចក្លាយទៅជាកម្មករឬពាណិជ្ជករ ក៏ប៉ុន្តែពួកគាត់ទាំងអស់ សុទ្ធតែមានលទ្ធភាព សមត្ថភាពប្រើប្រាស់ឧបករណ៍ឌីជីថលក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដែលពួកគាត់អាចចូលមើលប្រព័ន្ធអនឡាញ ចេះប្រើប្រាស់ថ្នាលបច្ចេកវិទ្យាពាណិជ្ជកម្មអេឡិចត្រូនិក ពួកគាត់អាចរកមើលសេវាដែលផ្តល់ជូនដោយរដ្ឋាភិបាលតាមប្រព័ន្ធអនឡាញជាដើម។ សម្រាប់នៅតាមរោងចក្រ ប្រសិនបើកម្មករនិយោជិត ដឹងអំពីការប្រើប្រាស់ឧបករណ៍ឌីជីថលសម្រាប់ជីវិតការងាររបស់ខ្លួន នោះវានឹងផ្តល់ជាប្រយោជន៍ដល់រោងចក្រកម្មន្តសាល ហើយនឹងអាចជួយលើកកម្ពស់នឹងផ្តល់ប្រាក់ខែកាន់តែច្រើន។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា ចំពោះកម្រិតសាកលវិទ្យាល័យវិញ សម្រាប់ពលរដ្ឋឌីជីថល គឺអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងតាមសាកលវិទ្យាល័យ ដែលបានផ្ដល់ប្រព័ន្ធនេះទៅដល់សាកលវិទ្យាល័យ ដើម្បីអាចប្រើប្រាស់ គ្រប់គ្រងកាន់តែមានប្រសិទ្ធភាព លើកកម្ពស់គុណភាពល្អជាងមុននៅក្នុងការអប់រំ ដូចដែលបានលើកឡើង ក្នុងផែនទីបង្ហាញផ្លូវឌីជីថល។
ឯកឧត្តម  បានបន្ថែមថា សម្រាប់សាកលវិទ្យាល័យ ដើម្បីអាចឱ្យសាកលវិទ្យាល័យរៀបចំនូវកម្មវិធីបណ្ដុះបណ្ដាលកម្មវិធីសិក្សារបស់ខ្លួន ស្របទៅតាមនិន្នាការនៃការអភិវឌ្ឍបច្ចេកវិទ្យាថ្មី ដើម្បីឱ្យសាកលវិទ្យាល័យអាចផ្ដល់ការអប់រំ មិនមែនតាមបែបប្រពៃណីនោះទេគឺស្របទៅតាមបច្ចេកវិទ្យាថ្មីផងដែរ។
ឯកឧត្តម  បានបញ្ជាក់ថា យោងតាមផែនទីបង្ហាញផ្លូវ ក្នុងរយៈពេល១០ឆ្នាំខាងមុខ កម្ពុជារំពឹងថាមានសិស្សជាង១០ម៉ឺននាក់ ដែលបញ្ចប់ជំនាញផ្នែកឌីជីថល ដោយផ្ដោតសំខាន់លើការបណ្តុះបណ្តាលគរុកោសល្យគ្រូ ដើម្បីអាចឱ្យលើកកម្ពស់ជំនាញចំណេះដឹងតាមលទ្ធភាពរបស់ខ្លួន អាចបង្រៀនសិស្សកាន់តែល្អប្រសើរជាងមុន ។ឯកឧត្តម  បានបញ្ជាក់ទៀតថា កម្ពុជាទោះបីជាពុំមានជំនាញឌីជីថលជាក់លាក់ នៅក្នុងឧស្សាហកម្មមួយចំនួនក៏ដោយ ក៏ប៉ុន្តែពលរដ្ឋរបស់កម្ពុជាមួយចំនួន ត្រូវបានបំពាក់បំប៉នចំណេះដឹងឌីជីថលរួចជាស្រេច នៅពេលដែលចាកចេញពីសាកលវិទ្យាល័យ។
ឯកឧត្តម  ក៏បានបង្ហាញក្តីព្រួយបារម្ភផងដែរអំពី ជំនាញឌីជីថលលើវិស័យសន្តិសុខ ដោយសារបច្ចុប្បន្ននេះ វិស័យសន្តិសុខគឺជាការបារម្ភធំរបស់កម្ពុជា ជាពិសេសនៅពេលដែលសេវារដ្ឋ ឯកជន ដាក់ឱ្យប្រើប្រាស់តាមប្រព័ន្ធអនឡាញ ថ្នាលហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ការវាយប្រហារលើថ្នាលបច្ចេកវិទ្យានិងឧបករណ៍របស់កម្ពុជានឹងអាចមានផលប៉ះពាល់ខ្លាំង ដូច្នេះហើយកម្ពុជាត្រូវផ្ដោតទៅលើបញ្ហាសន្តិសុខ ដើម្បីអាចដោះស្រាយទៅលើបញ្ហាប្រឈមទាំងអស់នេះបាន។
សូមបញ្ជាក់ថា កិច្ចពិភាក្សាកម្រិតខ្ពស់ថ្នាក់រដ្ឋមន្ត្រី ស្តីពីការចែករំលែកចំណេះដឹងក្នុងការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល៖ គោលនយោបាយនិងការអនុវត្ត បានផ្ដល់ជាឱកាសសំខាន់ដើម្បីពិភាក្សាអំពីស្ថានភាព បញ្ហាប្រឈម និងដំណើរឆ្ពោះទៅរកបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងពង្រឹងកិច្ចសហប្រតិបត្តិការឌីជីថលក្នុងតំបន់ជាមួយរដ្ឋមន្ត្រីឌីជីថលអាស៊ាន ឆ្ពោះទៅរកការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបដោយបរិយាបន្ន៕

Comments

Related posts