អ៊ីស្រាអែល កំពុងផ្ទៀងផ្ទាត់របាយការណ៍ដែលថា មេបញ្ជាការលេខ២ របស់ក្រុមហាម៉ាសត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់ខ្លួនដែរឬយ៉ាងណា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a13-32

a14-32

អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបាននិយាយថា អ៊ីស្រាអែលកំពុងស៊ើបអង្កេត និងផ្ទៀងផ្ទាត់ថា តើមេបញ្ជាការយោធាលំដាប់ទីពីរនៃចលនាតស៊ូហាម៉ាសត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសដែរឬយ៉ាងណា ?ខណៈដែលការចរចាបានបរាជ័យដើម្បីឈានដល់បទឈប់បាញ់នៅក្នុងសង្រ្គាមហ្គាហ្សា ស្របពេលនឹងខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដានក៏បានឈានមកដល់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ ប្រសិនបើការស្លាប់របស់លោក Marwan Issa ត្រូវបានបញ្ជាក់ពិតមែន នោះគាត់នឹងក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតមួយរបស់ចលនា ហាម៉ាស ដែលអ៊ីស្រាអែលខិតខំប្រឹងប្រែងតាមប្រមាញ់នៅក្នុងសង្គ្រាមជាងប្រាំខែមកនេះ ដោយបានបំផ្លិចបំផ្លាញតំបន់ប៉ាឡេស្ទីន និងបានសម្លាប់មនុស្សរាប់ពាន់នាក់។ វិទ្យុកងទ័ពអ៊ីស្រាអែលបាននិយាយថា កាលពីល្ងាចថ្ងៃសៅរ៍ អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើជំរុំ Nuseirat នៅកណ្តាលហ្គាហ្សាជាកន្លែងដែលខ្លួនទទួលបានព័ត៌មានស៊ើបការណ៍អំពីកន្លែងលាក់ខ្លួនរបស់ លោក Issa ដែលជាបុរសទី ២ នៃបញ្ជាការកងពលតូច Izz al-Din al-Qassam។ កាសែត អ៊ីស្រាអែល Haaretz បានរាយការណ៍ថា អ៊ីស្រាអែលកំពុងផ្ទៀងផ្ទាត់ថា តើលោក Issa ត្រូវបានរាប់បញ្ចូលក្នុងចំនួនអ្នកស្លាប់ដែរឬទេ។ ទាំងកងទ័ពអ៊ីស្រាអែល និងមន្ត្រីហាម៉ាសមិនបានធ្វើអត្ថាធិប្បាយភ្លាមៗលើរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយខាងលើនោះទេ៕

Comments

Related posts