ឥណ្ឌា ធ្វើតេស្ដបាញ់មីស៊ីលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរច្រើនគ្រាប់ដោយជោគជ័យ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_3796

IMG_3795

អន្តរជាតិ៖ លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌាបានប្រកាសថា ឥណ្ឌាបានធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគមួយគ្រាប់ផលិតក្នុងស្រុក ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរច្រើនគ្រាប់ប្រកបដោយជោគជ័យជាលើកដំបូង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក ម៉ូឌី ធ្វើការប្រកាសនៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ ទំនងសង្គម X ជាមួយការបន្ថែមថា មីស៊ីលបាលិស្ទីគដែលយោធាឥណ្ឌាបានធ្វើតេស្ដគឺជាមីស៊ីលប្រភេទ Agni-5 ប្រើប្រាស់បច្ចេកវិទ្យា MIRV។ MIRV គឺជាបច្ចេកវិទ្យាមួយដែលអាចឱ្យមីស៊ីលបាលិស្ទីគ Agni-5 មានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរច្រើនគ្រាប់ ហើយ អាចញែកចេញពីគ្នា និងវាយប្រហារលើគោលដៅផ្សេងៗគ្នាក្នុងពេលតែមួយ។ លោក ម៉ូឌី មិនបានបញ្ជាក់លម្អិតនោះទេពីការធ្វើតេស្ដមីស៊ីល ប៉ុន្តែកន្លងមកឥណ្ឌាក៏ធ្លាប់បានធ្វើតេស្ដបាញ់មីស៊ីល Agni-5 ជាច្រើនលើកផងដែរ។ គួរបញ្ជាក់ថា Agni-5 ជាមីស៊ីលបាលិស្ទីគត្រូវបានអភិវឌ្ឍដោយទីភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា Defence Research and Development Organisation ហើយក្នុងភាសាសំស្រឹ្កតពាក្យថា Agni មានន័យថា "ព្រះអគ្គិ"។ ក្រុមអ្នកជំនាញយល់ថាមីស៊ីលរយៈចម្ងាយខ្លី Agni-I និង Agni-II ត្រូវបានអភិវឌ្ឍឡើងដើម្បីប្រជែងជាមួយប៉ាគីស្ថាន ហើយការអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយ Agni-5 បានឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរការផ្តោតរបស់ឥណ្ឌាទៅលើចិន៕

Comments

Related posts