សមិទ្ធផលមន្ទីរពេទ្យថ្មីៗនៅកម្ពុជា គឺមានតម្លៃជាប្រវត្តិសាស្ត្រដើម្បីលើកកម្ពស់សេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៣ ៣ ២០២៤

IMG_3843

IMG_3841

IMG_3842

IMG_3839

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សមិទ្ធផលមន្ទីរពេទ្យថ្មីៗនៅកម្ពុជា គឺមានតម្លៃជាប្រវត្តិសាស្ត្រដើម្បីលើកកម្ពស់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង ពិសេសប្រជាជនក្រីក្រ ជនងាយរងគ្រោះ ស្រ្តី កុមារ យុវវ័យនិងចាស់ជរា សំដៅដល់ការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនិងបន្តកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យ «តេជោសែនកោះធំ» តម្លៃជាង១០លានដុល្លារ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា មន្ទីរពេទ្យតេជោសែនកោះធំ ជាមិទ្ធផលដ៏ថ្លៃថ្លាមួយទៀតសម្រាប់ប្រជាជនកម្ពុជា ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យជាតិតេជោសន្តិភាព កាលពីខែតុលា ឆ្នាំ២០២៣កន្លងទៅ មន្ទីរពេទ្យទាំងនេះបានផ្តល់តម្លៃជាប្រវត្តិសាស្ត្រសម្រាប់វិស័យសុខាភិបាល ក្នុងការបំពេញសេចក្តីត្រូវការសម្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនោះទេ និងបម្រើសេចក្តីត្រូវការជូនប្រជាពលរដ្ឋទាំងអស់។
សំឡេង « មន្ទីរពេទ្យទាំងនេះគឺផ្តល់តម្លៃជាប្រវត្តិសាស្ត្រសម្រាប់វិស័យសុខាភិបាលនៅកម្ពុជាដែលបានលេចចេញជារូបរាងឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលតែងតែចាត់ទុកការវិនិយោគលើប្រព័ន្ធថែទាំសុខភាព និងសុខុមាលភាពរបស់ប្រជាជន ជាអាទិភាពចម្បងនៅក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាពនិងបរិយាប័ន្ន»៕

Comments

Related posts