រាជរដ្ឋាភិបាល ជំរុញការចាប់យកបដិវត្តកម្មបច្ចេកវិទ្យាទៅក្នុងវិស័យឧស្សាហកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៤ ៣ ២០២៤

a15-121

a14-146

a13-154

a11-173

a12-169

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បានជំរុញការចាប់យកបដិវត្តកម្មបច្ចេកវិទ្យាទៅក្នុងវិស័យឧស្សាហកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងឈានទៅរក ការសម្រេចនូវផែនការឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។
ថ្លែងក្នុងពិធីបើក ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នាមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា   ណាចក្រកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ បានជួយបណ្តុះស្មារតីស្រឡាញ់ តាមរយៈបទពិសោធន៍ ការមើលឃើញផ្ទាល់ ដោយឆ្លុះបញ្ចាំងអំពីការជំរុញ កិច្ចសហប្រតិបត្តិការរវាងតួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ ដើម្បីចាប់យកសក្តានុពលនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ព្រឹត្តិការណ៍ទិវាជាតិនេះក៏បាន បំផុសការយល់ដឹងក្នុងចំណោមតួអង្គ ធ្វើគោល នយោបាយសិក្សាស្រាវជ្រាវនិងវិស័យឯកជន ជាពិសេសការដាក់បញ្ជូលបច្ចេកវិទ្យាក្នុងខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញ ផលិតភាពនិងបង្កើនតម្លៃបន្ថែមសម្រាប់សហគ្រាសធុនតូចនិងមធ្យម ក្នុងបរិការណ៍ដែលបណ្តាប្រទេស នៅលើ សកលលោក កំពុងតែបន្តការហ៊ុព័ទ្ធដោយហានិភ័យនិងភាពមិនប្រាកដប្រជា រួមទាំងកម្ពុជាផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ការពង្រឹងសមត្ថភាពបច្ចេកវិទ្យានិងការលើកកម្ពស់សមិទ្ធកម្មនវានុវត្តន៍ របស់សហគ្រាសគឺជាកត្តាគន្លឹះ ដើម្បីសម្រេចបាននូវការចាប់យកខ្សែច្រវាក់ផ្គត់ផ្គង់ ក្នុងតំបន់និងសកលលោក នៅក្នុង បរិការណ៍ដែលប្រទេសកម្ពុជាកំពុងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសាធារណរដ្ឋកូរ៉េ សាធារណរដ្ឋ ប្រជាមានិតចិន អារ៉ាប់រួមអេមីរ៉ាតនិងក្របខ័ណ្ឌភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់ ហៅថាអាសិប ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរិមាពីកិច្ចព្រមព្រៀង ហើយពង្រឹងប្រព័ន្ធនវានុវត្តន៍ជាតិ ប្រកបដោយ តម្លាភាពនិងប្រសិទ្ធភាព។
 « នៅក្នុងទិសដៅនេះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចជាសេនាធិការ ដើម្បីសម្រេចបាននូវការកសាងមូលដ្ឋាន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្ពោះបានសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយបន្ថែម បច្ចេកវិទ្យាជាអាទិភាពទី៥ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល »។
សូមបញ្ជាក់ថា ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ឆ្នាំនេះ ក្រសួងបានជ្រើសយកប្រធានបទ «សហគ្រាសធុនតូចនិងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ក្នុងគោលបំណងជំរុញផលិតភាព របស់សហគ្រាសឯកជន តាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យា ក្នុងខ្សែច្រវាក់ផលិតកម្ម ដើម្បីបង្កើនប្រសិទ្ធភាព និង គុណតម្លៃបន្ថែម។ ព្រឹត្តិការណ៍ដែលមានរយៈពេលបីថ្ងៃនេះ មានគោលបំណង ទី១-បណ្តុះស្មារតីស្រឡាញ់ និង ការស្វែងយល់អំពីវិទ្យាសាស្ត្រ តាមរយៈការពិសោធន៍ដោយផ្ទាល់ ទី២-ជំរុញកិច្ចសហប្រតិបត្តិការរបស់តួអង្គពាក់ព័ន្ធ ក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ ដើម្បីចាប់យកសក្ដានុពល នៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទី៣-បំផុសឱ្យមាន ការយល់ដឹងស៊ីជម្រៅអំពីតួនាទីរបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងចំណោមតួអង្គធ្វើគោលនយោបាយ សិក្សាស្រាវជ្រាវ និងវិស័យឯកជន និងទី៤-បញ្ជ្រាបវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញផលិតភាព និងវឌ្ឍនភាពដល់សហគ្រាសធុនតូចនិងមធ្យម។ ទិវាជាតិលើកទី២ នេះ មានព្រឹត្តិការណ៍អមចំនួន ០៥ រួមមាន៖ (១) ពិព័រណ៍បច្ចេកវិទ្យា និងគ្រឿងឧបករណ៍កម្មន្តសាល, (២) ពិព័រណ៍វិទ្យាសាស្ត្រ, (៣) វេទិកាពិភាក្សាស្តីពីបច្ចេកវិទ្យា, (៤) ពានរង្វាន់អ្នកវិទ្យាសាស្រ្តកម្ពុជាឆ្នើម, និង (៥) កម្មវិធីប្រកាសចាប់ផ្តើម «ពានរង្វាន់នវានុវត្តន៍សម្រាប់វិស័យ សាធារណៈ»៕

Comments

Related posts