លោកស្រីបណ្ឌិត ជា វណ្ណីមន្ត្រីជំនាញរាជបណ្ឌិត្យសភាកម្ពុជាលើកទឹកចិត្តដល់យុវជនឱ្យចូលរួមលេងល្បែងប្រជាប្រិយខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះមន្ត្រីជំនាញរាជបណ្ឌិត្យសភាកម្ពុជាលើកទឹកចិត្តដល់យុវជនចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុលផុសដើម្បីចូលរួមថែរក្សាតម្លៃវប្បធម៌ជាតិ ឱ្យបានគង់វង្ស។

លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរជាពិសេសយុវជនត្រូវងាកមកចាប់អារម្មណ៍លើកល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើនព្រោះថា ល្បែងប្រជាប្រិយខ្មែរនេះ សុទ្ធតែបានបង្កប់នូវការអប់រំ បំផុសស្មារតីឱ្យវាងវៃរហ័សរហួន។

សំឡេង៖ «តាមការសង្កេតរបស់ខ្ញុំជាទូទៅ នៅក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរហើយនេះ គឺមិនថានៅតាមស្ថាប័ន សាលារៀន តាមទីវត្តអារាមទេ គឺមានការលេងល្បែងប្រជាប្រិយខ្មែរច្រើន។ បើយើងមើលទៅល្បែងប្រជាប្រិយខ្មែរទាំងអស់នេះ គឺមានការអប់រំ បណ្តុះស្មារតីឱ្យភ្នែកវៃ ដៃរហ័ស ធ្វើឱ្យរៀងកាយយើងមាំមួន។ ជាក់ស្តែងល្បែងទាញព្រ័ត្រ គឺផ្តល់តម្លៃអប់រំឱ្យចេះសាមគ្គីគ្នា »។ 

លោកស្រីបណ្ឌិត ជា វណ្ណី អំពាវនាវដល់យុវជនទាំងអស់គប្បីទម្លាក់ចោលនូវល្បែងណាដែលរាជរដ្ឋាភិបាលហាមឃាត់ ហើយចូលរួមលេងល្បែងប្រជាប្រិយខ្មែរយើងឱ្យបានច្រើននៅតាមទីវត្តអារាម ភូមិស្ថាន និងតាមតំបន់រមណីយដ្ឋាននានា ព្រោះការងារវប្បធម៌នេះ គឺជាការងារយើងទាំងអស់គ្នា ។

សំឡេង៖ « ខ្ញុំសូមអរគុណចំពោះរាជរដ្ឋាភិបាលគឺឆ្នាំនេះ លោកបានខិតខំបំផុសឱ្យយុវជនយើងលេងល្បែងប្រជាប្រិយខ្មែរឡើងវិញដែលជាមរតកដូនតាខ្មែរយើងបន្សល់ទុកមក។ ដូច្នេះហើយដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលដែលបានខិតខំអំពាវនាវនេះ យុវជនយើងត្រូវចូលរួមលេងល្បែងប្រជាប្រិយខ្មែរយើងឱ្យបានគ្រប់គ្នា ហើយកុំលេងបាញ់ទឹកប៉ាតម្សៅព្រោះវាអាចបង្កឱ្យគ្រោះថ្នាក់ ។ ក្នុងនាមជាតិខ្មែរយើងគ្រប់គ្នាត្រូវចូលរួមគាស់រម្លើងល្បែងប្រជាប្រិយយើងឡើងវិញធ្វើយ៉ាងណាឱ្យប្រពៃណីវប្បធម៌យើងកាន់តែរីកចម្រើនគង់វង្ស»។

សូមបញ្ជាក់ថា ល្បែងប្រជាប្រិយខ្មែរ ដែលគេនិយមលេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានដូចជា៖ ស្តេចចង់ ឬអៀវ របាំត្រុដិ ចោលឈូង ចាប់កូនខ្លែង លោតអន្ទាក់ លាក់កន្សែងឱបត្រឡាច គ្របមាន់ បិទពួនបោះអង្គញ់ កោះត្រឡោក ទាត់សី ទាញព្រ័ត្រ រាវបង្កង និងល្បែងស្វាដណ្តើមស្លឹកឈើជាដើម៕IMG_0245-2IMG_0372IMG_0387IMG_0411-2IMG_0440IMG_0454

IMG_0465-1

278111196_343299991167779_2644370240893439891_n

Comments

Related posts