មន្រ្តីកំពូលចិនលំដាប់ទី៣ នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើងក្នុងសប្តាហ៍នេះ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a5-243

a4-250

អន្តរជាតិ៖ ទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង បានប្រកាសថា មន្រ្តីកំពូលចិនលំដាប់ទី៣ គឺលោក Zhao Leji នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើងក្នុងសប្តាហ៍នេះ ស្របពេលដែលប្រទេសទាំងពីរអបអរគម្រប់ខួបលើកទី ៧៥ ឆ្នាំនៃចំណងការទូត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា លោក Zhao ដែលជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ក្នុងការិយាល័យនយោបាយដ៏មានឥទ្ធិពលបំផុតរបស់គណបក្សកុម្មុយនិស្តចិន ព្រមទាំងជាប្រធានសភាប្រជាជនចិន នឹងដឹកនាំគណៈប្រតិភូមានសមាសភាពនៃមន្រ្តីរដ្ឋាភិបាល និងសមាជិកបក្សកុម្មុយនិស្ត ទៅបំពេញទស្សនកិច្ចសុឆន្ទៈផ្លូវការមួយនៅប្រទេសកូរ៉េខាងជើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមេសា។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើងក៏បានរាយការណ៍ផងដែរថា លោក Zhao នឹងបំពេញទស្សនកិច្ចសុឆន្ទៈលក្ខណៈផ្លូវការតបតាមការអញ្ជើញពីគណបក្សកាន់អំណាចរបស់ទីក្រុងព្យុងយ៉ាង។ គួរបញ្ជាក់ថា ទីក្រុងប៉េកាំងគឺជាសម្ព័ន្ធមិត្ត និងជាអ្នកជួយគាំទ្រសេដ្ឋកិច្ចដ៏សំខាន់បំផុត របស់កូរ៉េខាងជើង ខណៈទំនាក់ទំនងប្រទេសទាំងពីរត្រូវបានកសាងឡើងអំឡុងសម័យសង្រ្គាមកូរ៉េ នាទសវត្សរ៍ឆ្នាំ១៩៥០។ លោក Zhao Leji គឺជាមន្រ្តីកំពូលចិនលំដាប់ទី៣ បន្ទាប់ពីប្រធានាធិបតី ស៉ី ជីនពីង និងនាយករដ្ឋមន្រ្តី Li Qiang៕

Comments

Related posts