ទំនប់ទឹក២០ឧសភា ជារមណីយដ្ឋានដ៏ទាក់ទាញ ដោយសារតែសម្រស់ធម្មជាតិអំណោយផល

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៤ ៤ ២០២៤

IMG_7846

IMG_7847

IMG_7850

IMG_7852

IMG_7851

IMG_7849

ភ្នំពេញ ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ទំនប់ទឹក២០ឧសភា បច្ចុប្បន្នបានប្រែក្លាយទៅជាតំបន់ទេសចរណ៍ ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ ជាពិសេសសម្រាប់ពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំង តែងមកកម្សាន្តទំនប់នេះជាប់មិនដាច់ ដោយសារទីនោះរំលេចជាមួយទេសភាពទំនប់យ៉ាងស្រស់បំព្រ ង ដែលធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ រំសាយរាល់ទុក្ខកង្វល់ទាំងឡាយជាមួយនឹងសម្រស់ ខ្យល់ជំនោរបក់ត្រសៀកៗ។
លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ទំនប់ទឹក២០ឧសភា មិនថាតែនៅរដូវវប្រាំងឬរដូវវស្សា បានក្លាយជាកន្លែងលំហែកាយចុងសប្តាហ៍គ្រប់រដូវកាល គ្រាន់តែនៅរដូវប្រាំងទឹកមិនសូវសម្បូរដូចនៅរដូវវស្សាតែប៉ុណ្ណោះ ដោយសង្កេតឃើញភ្ញៀវទេសចរ ក៏ដូចជាអ្នកស្រុកដែលរស់នៅក្បែរៗនោះ បាននាំគ្នាទៅលំហែកាយនិងអ្នកខ្លះទៅនេសាទត្រីបង់សំណាញ់ អាំងត្រី ពិសាអាហារជួបជុំមិត្តភក្តិយ៉ាងសប្បាយរីករាយ។
លោកប្រធានមន្ទីរទេសចរណ៍ បានបន្តថា ក្រៅពីបម្រើឱ្យវិស័យកសិកម្មទំនប់ទឹក២០ឧសភា បានក្លាយជារមណីយដ្ឋានទេសចរណ៍ដ៏ពេញនិយមមួយ ដោយមានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានទៅធ្វើរោងលក់ដូរនំចំណី ភេសជ្ជៈ និងម្ហូបអាហារ នៅតាមខ្នងទំនប់ជាហូរហែ និងមានទាទឹកសម្រាប់ជិះលេងកម្សាន្តនៅក្នុងទំនប់ទឹកនោះទៀតផង។
«ទំនប់២០ឧសភាដែលស្ថិតនៅឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងនេះ គឺមានការទាក់ទាញខ្លាំង ទីនេះមានវាលស្រែធំធេងនៅពីក្រោយ ហើយប្រើសិនបើនៅរដូវទឹកឡើងវិញទឹកឡើងមកដល់ក្យូស លំហែហ្នឹងតែម្តង ធ្វើឱ្យភ្ញៀវមានការសប្បាយរីករាយក្នុងការជិះទូក ងូតទឹក និងស្ទូចត្រី ទទួលទានម្ហូបឆាញ់ដែលសហគមន៍រៀបចំជូន »។
លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឱ្យដឹងទៀតថា ទំនប់ទឹក២០ឧសភា នេះកសាងឡើងក្នុងសម័យ ប៉ុល ពត នៅអំឡុង ឆ្នាំ១៩៩៧៧-១៩៧៨  ដែលមានសំណង់ទ្វារធំៗ ៣កន្លែង និងទ្វារតូចៗ ៥កន្លែង ដែលពោរពេញទៅដោយទេសភាពដ៏ស្រស់ស្អាតអមដោយវាលស្រែ និងដំណាំផ្សេងៗនៅផ្នែកខាងក្រោមទំនប់។ ក្រោយពីរងការខូចខាត ទំនប់ទឹកនេះ ត្រូវបានជួសជុលឡើងវិញហើយអាចស្តុកទឹករាប់លានម៉ែត្រគូប ដែលហូរចេញមកពីស្ទឹងស្រះអង្កាម ហើយអាចផ្គត់ផ្គង់ទឹកធ្វើចម្ការនិងស្រែប្រាំងរបស់ប្រជាពលរដ្ឋបានរាប់ពាន់ហិកតា។
សូមបញ្ជាក់ថា ទំនប់ទឹក ២០ ឧសភា ស្ថិតនៅក្នុង ភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានចម្ងាយប្រមាណជា ១៧ គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង ។ រយៈពេល ៥ ឆ្នាំចុងក្រោយនេះ ទំនប់ទឹក ២០ ឧសភា បានក្លាយជារមណីយដ្ឋានទេសចរណ៍ ដ៏ទាក់ទាញមួយ ដោយនៅចុងសប្តាហ៍មានមនុស្សម្នាទៅលេងច្រើន៕

Comments

Related posts