គ.ជ.ប បិទផ្សាយបញ្ជីបោះឆ្នោតក្រុមប្រឹក្សាចាប់ពីថ្ងៃស្អែកតទៅ


វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៩ ០៤ ២០២៤

IMG_8708

IMG_8709-1

IMG_8707
  គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា «ក្រុមប្រឹក្សា» អាណត្តិទី៤ ឆ្នាំ២០២៤ ត្រូវធ្វើចាប់ថ្ងៃទី២០ ខែមេសា ស្អែកនេះ។
  ថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅទីស្តីការ គ.ជ.ប ព្រឹកថ្ងៃទី១៩ ខែមេសានេះ ឯកឧត្តម ហេង ស៊ីឡេង សមាជិក គ.ជ.ប បានឱ្យដឹងថា ការបិទផ្សាយបញ្ជីបោះឆ្នោតក្រុមប្រឹក្សានេះ ក្នុងគោលបំណង បើកផ្លូវឱ្យគណបក្សនយោបាយ និងអ្នកពាក់ព័ន្ធ ធ្វើការប្តឹងតវ៉ា ឬការប្តឹងជំទាស់ ក្នុងករណីបាត់ឈ្មោះ របស់អ្នកបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយ ប៉ុន្តែកត់ត្រាមិនច្បាស់លាស់ ឬមិនត្រឹមត្រូវ ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃក្រុង ស្រុក ខណ្ឌផ្សេង ខណៈកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ គ.ជ.ប បានសម្រេចលើបញ្ជីបោះឆ្នោតដំបូង ដែលមានការិយាល័យបោះឆ្នោតចំនួន២០៩ការិយាល័យ និងមានអ្នកបោះឆ្នោត សរុបចំនួន១១.៦២២នាក់។
ឯកឧត្តម បានបន្តថា ពាក្យបណ្ដឹងជំទាស់ អាចធ្វើឡើងចំពោះបុគ្គលណាម្នាក់ ដែលមានឈ្មោះក្នុងបញ្ជី បោះឆ្នោតដំបូងជាជនដែលពុំមានសិទ្ធិបោះឆ្នោត ដោយមិនមែនជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុង មុខតំណែងនៅក្នុងក្របខណ្ឌនៃក្រុង ស្រុក ខណ្ឌនីមួយៗ និងករណីដែលអ្នកបោះឆ្នោតមានឈ្មោះ ក្នុង បញ្ជីបោះឆ្នោតច្រើនជាងមួយកន្លែង ជាដើម។ ការប្ដឹងតវ៉ា ឬការប្ដឹងជំទាស់ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោត ដំបូង ត្រូវធ្វើនៅ គធ.ខប ក្នុងរយៈពេល៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។ ថ្ងៃចុងក្រោយនៃការទទួលពាក្យបណ្តឹង គឺនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ បន្ទាប់ពីបានទទួល ពាក្យបណ្ដឹង គធ.ខប ត្រូវចាត់ចែងដោះស្រាយលើពាក្យបណ្ដឹងនោះ ក្នុងរយៈពេលយ៉ាងយូរ៣ថ្ងៃ។ ពាក្យបណ្ដឹងអនាមិក ពុំត្រូវបានចាត់ទុកជាពាក្យបណ្តឹងស្របច្បាប់ និងមិនត្រូវលើកយកមក ដោះស្រាយនោះទេ។
សូមបញ្ជាក់ថា ការបិទផ្សាយបញ្ជីបោះឆ្នោតក្រុមប្រឹក្សា ក៏មានបង្ហោះនៅលើគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh និង Mobile App (NEC KH)។ គណបក្សនយោបាយ ដែលបានចុះបញ្ជី ស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ និងសមាគម អង្គការមិនមែនរដ្ឋាភិបាលសង្កេតការណ៍ បោះឆ្នោត មានសិទ្ធិស្នើសុំបញ្ជីបោះឆ្នោតដំបូងច្បាប់ថតចម្លងបានដោយបង់ថ្លៃ ដោយតម្លៃ ត្រូវគិតត្រឹមតែ តម្លៃផលិតប៉ុណ្ណោះ៕

Comments

Related posts