អ៉ីរ៉ង់អះអាងថាបាញ់ទម្លាក់ដ្រូនជាច្រើនគ្រឿង មិនមានការវាយប្រហារមីស៊ីលទេ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_8756

IMG_8764

អន្តរជាតិ៖ អ៉ីរ៉ង់បានឱ្យដឹងថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូនជាច្រើនគ្រឿង ដោយមិនមានការវាយប្រហារដោយមីស៊ីលណាមួយនោះទេនៅពេលនេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីស្នូរផ្ទុះនៅក្បែរទីក្រុង Isfahan ស្ថិតនៅភាគខាងកណ្ដាលនៃប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Hossein Dalirian អ្នកនាំពាក្យទីភ្នាក់ងារអវកាសអ៉ីរ៉ង់ បានគូសបញ្ជាក់ថា ដ្រូនជាច្រើនគ្រឿងត្រូវបានប្រព័ន្ធការពារដែនអាកាសបាញ់ទម្លាក់ដោយជោគជ័យ ហើយក្នុងពេលនេះមិនមានការវាយប្រហារដោយមីស៊ីលណាមួយនោះទេ។ តាមទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Fars ការផ្ទុះចំនួន ៣ លើកបានកើតឡើងនៅក្បែរមូលដ្ឋានទ័ពអាកាស Shekari ស្ថិតក្បែរទីក្រុង Isfahan ប៉ុន្តែមិនបានបង្កការខូចខាតអ្វីដល់រោងចក្រនុយក្លេអ៊ែរ ក្នុងទីក្រុង Isfahan ឡើយ។ គួរបញ្ជាក់ថា សារព័ត៌មានអាមេរិក ABC News បានរាយការណ៍ថាមីស៊ីលរបស់អ៉ីស្រាអែល បានវាយប្រហារលើគោលដៅមួយស្ថិតនៅក្នុងទឹកដីអ៉ីរ៉ង់កាលពីយប់ ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រ ទី១៩ ខែមេសានេះ បន្ទាប់ពីអ៉ីស្រាអែលព្រមានថានឹងសងសឹកចំពោះការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់អ៉ីរ៉ង់កាលពី សប្ដាហ៍មុន៕

Comments

Related posts