សភាកម្ពុជា ចូលរួមពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជនក្នុងតំបន់អាស៊ី និងអារ៉ាប់ ស្របពេលដែលកម្លាំងយុវជនត្រូវបានដាក់បញ្ចូលក្នុងគោលដៅអភិវឌ្ឍន៍នៅឆ្នាំ២០៣០

វិទ្យុជាតិកម្ពុជា​

IMG_9053

IMG_9054-1

IMG_9055

IMG_9056

IMG_9057

លោកជំទាវ ឡោក ខេង ប្រធានគណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី(គណៈកម្មការទី៨) នៃរដ្ឋសភា បានដឹកនាំប្រតិភូ ចូលរួមនៅក្នុងកិច្ចសន្ទនារវាងសមាជិកសភាអាស៊ី និងអារ៉ាប់ដើម្បីផ្ដល់ភាពអង់អាចដល់យុវជន និងសមភាពយេនឌ័រ ដើម្បីសម្រេចបានរបៀបវារៈឆ្នាំ ២០៣០ ដែលប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។
   កិច្ចពិភាក្សា បានផ្ដោតសំខាន់ទៅលើវិស័យចំនួន៣ គឺការទទួលបានការអប់រំ ការងារសមរម្យ សុខភាពនិងសមភាពយេនឌ័រក្នុងស្រទាប់យុវជន ដោយឈរលើគោលគំនិត ដើម្បីផ្ដល់ភាពអង់អាចដល់យុវជន អាចសម្របខ្លួននៅក្នុងទីផ្សារការងារ និងទទួលបានការងារសមរម្យ។
  សមាជិកសភានៃប្រទេសស៊ីរី បានសំដែងនូវក្តីបារម្ភអំពីភាពងាយរងគ្រោះរបស់យុវជនស៊ីរី ដោយសារភ្លើងសង្រ្គាម ធ្វើឲ្យយុវជនងាយត្រូវបានអូសទាញឲ្យក្លាយជាភេរវជន។
ចំណែកឯ សមាជិកសភាម៉ាឡេស៊ី បានលើកឡើងពីបទពិសោធន៍ជោគជ័យក្នុងការផ្តល់ការងាមានប្រាក់កម្រៃខ្ពស់ដល់យុវជនជាច្រើនលាននាក់។
សម្រាប់លោកជំទាវ ឡោកខេង ដែលតំណាងរដ្ឋសភាកម្ពុជាវិញ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យដំណើរការនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស (TVET) ដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងគ្រោះ ដែលជាកម្មវិធីអាទិភាពទីពីរ ក្នុងចំណោមកម្មវិធីអាទិភាពទាំង៦ សម្រាប់យុវជនចំនួន១លាន៥សែននាក់ តាមរយៈអភិក្រមយុវជនម្នាក់មានជំនាញមួយយ៉ាងតិច រៀនឲ្យចេះ រៀនឲ្យចប់ និងឲ្យមានការងារធ្វើ ដោយទទួលបានប្រាក់ឧបត្ថម្ភក្នុងម្នាក់ចំចំនួន២៨ម៉ឺនរៀលក្នុងមួយខែ និងត្រូវសិក្សាពេញម៉ោងរយៈពេល៤ខែ។ 
ជំរុញជំនាញដល់យុវជន ខណៈរាជរដ្ឋាភិបាលបានកំណត់យកការលើកកម្ពស់គោលនយោបាយតម្រង់ទិសការអភិវឌ្ឍ ដែលគាំទ្រដល់សកម្មភាពផលិតកម្មបង្កើតការងារសមរម្យ សហគ្រិនភាព ការច្នៃប្រឌិត និងលើកទឹកចិត្តក្នុងការចុះបញ្ជីអាជីវកម្មជាផ្លូវការ និងកំណើនសហគ្រាសមីក្រូ តូច និងមធ្យម( MSMEs) រួមទាំងការទទួលបានសេវាហិរញ្ញវត្ថុ ដែលជាការងារអាទិភាពមួយរបស់កម្ពុជា ដើម្បីឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជារួម៕

Comments

Related posts