កម្ពុជាមានសត្វផ្សោតក្បាលត្រឡោកប្រមាណ៤០ក្បាល

 

វិទ្យុជាតិកម្ពុជា លោកស្រីឃួន លក្ខិណា ២៤/០៤/២០២៤

IMG_9261-1

IMG_9260-1

IMG_9257-1

IMG_9258-1

IMG_9256-1

IMG_9259

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរកឃើញសត្វផ្សោតក្បាលត្រឡោកមានចន្លោះពី៣៥ទៅ៤០ក្បាល។ជាមួយគ្នានេះដែរ ក្រសួងបានអំពាវនាវឱ្យចូលរួមថែក្សាការពារសត្វផ្សោតក្បាលត្រឡោកទន្លេមេគង្គទាំងអស់គ្នា ដោយត្រូវបញ្ឈប់ការដាក់មងក្រឡាធំៗក្នុងទន្លេ ឬដោយការនេសាទដែលប្រើឧបករណ៍ខុសច្បាប់។ 

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ចេញក្លីបវីដេអូមួយ ដែលនិយាយអំពីជីវិតរស់នៅរបស់សត្វផ្សោតក្បាលត្រទ្បោក ដោយក្នុងនោះបានបញ្ជាក់អំពីចំនួនតួលេខនៃចំនួនសត្វផ្សោតប្រភេទនេះ ព្រមទាំងបំផុសឱ្យមានការចូលរួមជួយថែរក្សាការពារពីប្រជាពលរដ្ឋ។
យោងតាមក្លីបវីដេអូដែលផលិត ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា នៅតំបន់អន្លង់ផ្សោតកាំពីដែលមានចម្ងាយប្រមាណ១៥គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ មានសត្វផ្សោតក្បាលត្រទ្បោករស់នៅប្រមាណពី ៣៥ទៅ ៤០ក្បាល ដែលជាចំនួនច្រើនជាងគេក្នុងចំណោមអន្លង់ទឹកជ្រៅទាំង ៨ តាមដងទន្លេមេគង្គ។
ក្នុងចម្ងាយប្រមាណ១៨០គីឡូម៉ែត្រលាតសន្ធឹងពីខេត្តក្រចេះ ទៅដល់ព្រំប្រទល់ប្រទេសឡាវ នៅខេត្តស្ទឹងត្រែង គឺជាកន្លែងអភិរក្សសត្វផ្សោតកំណត់ដោយអនុក្រឹត្យលេខ ១៥៥ អនក្រ.បក ចុះថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១២ ។សត្វផ្សោតទាំងនេះត្រូវបានថែរក្សាការពារក្រោមសមត្ថកិច្ចរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។វត្តមាននៃសត្វផ្សោតទាំងនេះបានឆ្លុះបញ្ចាំងអំពីសុខភាពល្អ នៃប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេមេគង្គ។ សត្វផ្សោតស៊ីត្រីជាអាហារប្រមាណពី ៥ទៅ ១០គីឡូក្រាម ក្នុង១ថ្ងៃ ហើយអាចមានជីវិតរស់នៅពី ២៧ទៅ៣០ឆ្នាំ មានប្រវែងរហូតដល់ ២.៧៥ម៉ែត្រនិងមានទម្ងន់ច្រើនជាង ១៥០គីឡូក្រាម សត្វផ្សោតបង្កកំណើតចន្លោះពី ២ទៅ ៣ឆ្នាំម្តង ហើយផ្សោតញីពពោះរយៈពេល១៤ខែ ដោយកើតម្តងបានកូនតែ១ប៉ុណ្ណោះ។
ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ចំនួនផ្សោតសរុបនៅកម្ពុជាបានកើនឡើងដល់ជាង ៩០ក្បាល។ សត្វផ្សោតគឺជាថនិកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ។ ជារឿយៗសត្វផ្សោតតែងតែងើបមកផ្ទៃទឹកដើម្បីដកដង្ហើម ដែលផ្តល់ឱកាសឱ្យអ្នកទេសចរអាចទស្សនាសត្វផ្សោតបានយ៉ាងរំភើបរីករាយ។ សូមចូលរួមថែរក្សាការពារសត្វផ្សោតទន្លេមេគង្គទាំងអស់គ្នា ដោយបញ្ឈប់ការដាក់មងក្រឡាធំក្នុងទន្លេឬដោយការនេសាទដោយឧបករណ៍ខុសច្បាប់ ពុំនោះសោតទេ អ្នកប្រព្រឹត្តនឹងត្រូវប្រឈមមុខនឹងការអនុវត្តច្បាប់ដោយតឹងរ៉ឹងពីមន្ត្រីជលផល៕

Comments

Related posts