វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤
MC. ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍"When Shaolin Meets Bokator At Angkor"នៅបរិវេណប្រាសាទបាយ័នខេត្តសៀមរាបនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានបើកដំណើរការ ជាផ្លូវការ ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នា រវាងខេត្តហឺណាន និងខេត្តសៀមរាប រួមជាមួយការសម្តែង រួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកតោខ្មែរ ដើម្បីអបអរសាទរដល់ការ អនុវត្តយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” និង “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤។
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថ្លែងក្នុងពិធីបើក «ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ» នាបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ថា ជាការពិត ប្រទេសចិន និងកម្ពុជា គឺជាមិត្តល្អបំផុត ចេះជួយយក អាសាគ្នាទៅវិញទៅមកគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។ ប្រជាជនចិន និងប្រជាជនកម្ពុជា មានភាពស្រដៀងគ្នា និងពាក់ព័ន្ធខាងផ្នែកប្រវត្តិសាស្ត្រជាមួយគ្នាច្រើន ដូចជាប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ ជាមួយនឹងប្រវត្តិនៃទំនាក់ទំនងការទូតដ៏យូរលង់ណាស់មកហើយ។ ចំណងសាមគ្គីភាពរវាងកម្ពុជា-ចិន ក៏ត្រូវបានរឹតបន្តឹងកាន់តែស្អិតរមួត បន្ថែមទៀតពីមួយជំនាន់ទៅមួយ ជំនាន់ រហូតដល់បច្ចុប្បន្ននេះ។ ឯកឧត្តមថា ជាក់ស្ដែង ការរៀបចំនូវព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ ទេសចរណ៍ និងព្រឹត្តិការណ៍"When Shaolin Meets Bokator At Angkor" ពិតជាឆ្លុះបញ្ចាំង ឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ ពិសេសកិច្ចសហការ ដ៏ល្អរវាង ក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តហឺណាន ក្នុងការពង្រឹងនិងពង្រីក ចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតី មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាព ជាក់ស្ដែង ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រវាងកម្ពុជា-ចិន ដែលផ្ដោតលើវិស័យ អាទិភាពចំនួន ៦ ក្នុងនោះរួមបញ្ចូលទាំងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ ជាងនេះទៀត ព្រឹត្តិការណ៍នេះ ជួយគាំទ្រដល់យុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤» និងជាការចូលរួមចំណែកយ៉ាងសកម្ម ដល់ការអនុវត្តយុទ្ធសាស្ត្រ “ខ្សែក្រវាត់ និងវិថី” ផងដែរ។
ទន្ទឹមនឹងនេះ ដើម្បីអាចទាក់ទាញភ្ញៀវទេសចរមកចូលរួមរាល់ព្រឹត្តិការណ៍ និងសកម្មភាពដែល រៀបចំក្រោមយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤» ឱ្យកាន់តែច្រើន, ក្រសួងទេសចរណ៍សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងរៀបចំឱ្យមានព្រឹត្តិការណ៍ ទេសចរណ៍, កីឡា, វប្បធម៌, កម្មវិធីពិព័រណ៌, កម្មវិធី MICE, និងកម្មវិធីជាច្រើនទៀត ស្របជាមួយការ ដាក់ចេញយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» ដើម្បីរៀបចំជាប្រតិទិនព្រឹត្តិការណ៍ (Event Calendar) សម្រាប់ផ្សព្វផ្សាយជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិនផងដែរ។ ក្នុងន័យនេះ ក្នុងនាមជាស្ថាប័នដឹកនាំសម្របសម្រួលការរៀបចំ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤», ខ្ញុំសូមថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្ដ ហឺណាន និងរដ្ឋបាលខេត្តសៀមរាប ដែលបានចូលរួមសហការជាមួយក្រសួងទេសចរណ៍ក្នុងការរៀបចំកម្មវិធី «ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ» នាពេលនេះ ប្រកបដោយភាពឱឡារិក និងអធិក អធម។
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ទៀតថា តាមរយៈការរៀបចំព្រឹត្តិការណ៍ នានា រួមគ្នារវាងកម្ពុជា-ចិន ក្នុងក្របខណ្ឌនៃយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ពិសេសព្រឹត្តិការណ៍ «ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ» នាពេលនេះ ធ្វើឱ្យយើងអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ ប្រពៃណី និង សក្តានុពលទេសចរណ៍របស់ប្រទេសយើងទាំងពីរ ដែលនឹងមិនត្រឹមតែចូលរួមដល់ការពង្រឹង ចំណង មិត្តភាព ការបង្កើនទំនាក់ទំនងលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក រវាងកម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាព ចំពោះទីផ្សារចិនសម្រាប់ វិស័យទេសចរណ៍កម្ពុជាផងដែរ៕
Comments