កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៤ ០៤ ២០២៤

IMG_9330

IMG_9331-2

IMG_9332-2

IMG_9333-1

រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គ្រាដែលមេដឹកនាំពិភពលោក បានជួបជុំគ្នា ក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីស្តីពីគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍(OECD) ក្នុងទីក្រុងប៉ារីស ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤ ដើម្បីដោះស្រាយបញ្ហាប្រឈមរួម និងជំរុញសកម្មភាពបរិវត្តកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
  ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ក្នុងបទអន្តរាគមន៍ដល់អង្គសន្និសីទ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ពីការផ្តល់សារៈសំខាន់របស់កម្ពុជាដល់សមាហរណកម្មតំបន់នានា ជាពិសេស តាមរយៈស្ថាប័នតំបន់ដូចជា អាស៊ាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម។ ឯកឧត្តមបានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមផ្សេងៗរបស់កម្ពុជា ក្នុង ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យដែលផ្តល់តម្លៃបន្ថែមខ្ពស់ ដូចជាការកែលម្អបរិយាកាសធុរកិច្ច និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា។
ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា ការអភិវឌ្ឍមូលធនមនុស្ស និងការធ្វើសមាហរណកម្មបច្ចេកវិទ្យាទៅក្នុងសហគ្រាស ពិសេសក្នុងវិស័យឯកជន អាចបង្កើនផលិតភាព និងរួមចំណែកកាន់តែប្រសើរដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។ ឯកឧត្តមបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល និងអន្តរវិស័យ ដើម្បជំរុញការផ្លាស់ប្តូរប្រកបដោយនិរន្តរភាព និងធានាបាននូវអត្ថប្រយោជន៍សង្គមពីការ រីកចម្រើនផ្នែកបច្ចេកវិទ្យា។ ឯកឧត្តម ក៏បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងក្នុងការសហការបង្កើតផែនទី បង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយប្រើកម្លាំងរួម  ដើម្បីកសាងអនាគតមួយដែលកាន់តែមាននិរន្តរភាព ។
អង្គការ OECD បានកំណត់អាទិភាពមួយចំនួនរបស់សន្និសីទនេះ ផ្តោតលើការដោះស្រាយបញ្ហាប្រឈមរួម និងការចាប់យកកាលានុវត្តភាពថ្មីៗ ក្នុងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍។ អាទិភាពទាំងនោះរួមមានការបង្កើតគោលនយោបាយអភិបាលកិច្ចរហ័សរហួន ការលើក កម្ពស់ជីវសេដ្ឋកិច្ច  ដែលមានភាពធន់ ការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវ និងការបង្កើនទំនុកចិត្តសង្គមលើគំនិតផ្តួចផ្តើមផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ទន្ទឹមនឹងការជំរុញនវានុវត្តន៍ អ្នករៀបចំ គោលនយោ បាយដែលចូលរួមក្នុងសន្និសីទនេះក៏មានបំណងផ្តល់អាទិភាពលើក្រមសីលធម៌នៃការអភិវឌ្ឍបច្ចេកវិទ្យា និងអត្ថប្រយោជន៍សង្គមផងដែរ៕

Comments

Related posts