សម្ដេចធិបតី អំពាវនាវគ្រប់សិល្បករ និងសិល្បការិនីដែលទាញចំណាប់អារម្មណ៍ពីមហាជនត្រូវ គិតពីផលប៉ះពាល់វប្បធម៌ប្រពៃណី និងសីលធម៌សង្គម

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

 

ភ្នំពេញ៖សម្ដេចធិបតី អំពាវនាវគ្រប់សិល្បករ និងសិល្បការិនីដែលទាញចំណាប់អារម្មណ៍ពីមហាជនត្រូវគិតពីផលប៉ះពាល់វប្បធម៌ប្រពៃណី និងសីលធម៌សង្គម ដើម្បីចូលរួមរក្សាបាននូវតម្លៃសិល្បៈវប្បធម៌ជាតិឱ្យបានគង់វង្ស និងមានភាពរស់រវើក។

   ថ្លែងក្នុងពិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿង ឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ និងសិល្បការិនី ដែលពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នារសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា មានប្រសាសន៍ថា ក្នុងវិស័យសិល្បៈវប្បធម៌ សិល្បករ សិល្បការិនី គឺជាគំរូ ជាតួអង្គដែលមានឥទ្ធិពលទៅលើមជ្ឈដ្ឋានផ្សេង ជាពិសេសឧបករណ៍ផ្សព្វផ្សាយ តាមរយៈការសម្ដែងដោយផ្ទាល់ ឬមិនផ្ទាល់។ ការរក្សាបាននូវតម្លៃសិល្បៈវប្បធម៌ជាតិ និងតម្លៃផ្ទាល់ខ្លួនរបស់សិល្បករ សិល្បការិនី គឺពិតជាអាស្រ័យលើសេចក្តីសម្រេចផ្ទាល់ខ្លួនរបស់សិល្បករ សិល្បការិនីទាំងអស់ ដែលការសម្រេចចិត្តត្រឹមត្រូវនឹងទទួលបានការគាំទ្រ ពីសាធារណជន រីឯការសម្រេចចិត្តមិនត្រឹមត្រូវនឹងទទួលរងនូវសម្ពាធសង្គម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការបង្កើតយុទ្ធសាស្ត្រទាញចំណាប់អារម្មណ៍ពីសាធារណជន គួរមានការថ្លឹងថ្លែង និង ពិចារណាជាមុន ពីផលប៉ះពាល់ផ្នែកវប្បធម៌ប្រពៃណី និងសីលធម៌សង្គម ដោយពុំគួរប្រើប្រាស់ជំហរ អត្តនោម័ត ឬជំហរចង់ល្បីភ្លាមៗ ដែលអាចប៉ះពាល់ដល់បុគ្គលផង ដល់តម្លៃជាតិផង ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល ការចែករំលែកព័ត៌មានក្នុងសង្គមកាន់តែលឿន និងពិបាកទប់ស្កាត់  ដើម្បីចូលរួមដល់ភាពរឹងមាំនៃសង្គមយើង សូមរំលឹកដល់គ្រប់សិល្បករ សិល្បការិនីទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឱ្យបាននូវការប្រឌិត និងការសម្តែងទាំងឡាយដែលមានលក្ខណៈមិនពិត អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងជំនឿសាសនា។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ សិល្បករ សិល្បការិនី គ្រប់ទម្រង់ចូលរួមចងក្រងជាសមាគម ឬចូលជាសមាជិក សមាគមសិល្បៈ ដើម្បីប្រសិទ្ធភាពនៃការធ្វើការរួមគ្នា ក្នុងភាពជាបងប្អូន ដោយចេះជួយគ្នាទៅវិញទៅមក ស្របតាមប្រពៃណីទំនៀមទម្លាប់របស់ដូនតាយើង៕8891690A-4B6C-42C6-9E76-00CF7C0FF8132FC94006-D21A-4F23-A8A3-D85FA9EC6E9103BFF4AB-12D4-4475-9F32-26355035F32996A4AEAF-7665-40A8-BFE3-67E2115C7C39

Comments

Related posts