កម្ពុជា និងឡាវ បន្តពង្រឹងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៦ ៤ ២០២៤

IMG_9603

IMG_9601-1

IMG_9602-1

IMG_9605

IMG_9606-1

IMG_9604

ភ្នំពេញ ៖ កម្ពុជា និងឡាវ បន្តពង្រឹងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីជាផល ប្រយោជន៍នៃប្រទេសទាំងពីរ។

តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រ កម្ពុជា ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤។
ក្នុងឱកាសបំពេញទស្សនកិច្ចនេះ ឯកឧត្តមប្រធានរដ្ឋ បានអញ្ជើញដាក់កម្រងផ្កានៅវិមាន
ឯករាជ្យ និងនៅមណ្ឌប ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមប្រធានរដ្ឋ បានជួបគាល់សវនាការជាមួយ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង និងបានជួបពិភាក្សាការងារដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ 
ឯកឧត្តមប្រធានរដ្ឋ បានថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នូវរូបថតសត្វដំរីមួយគូ ឈ្មោលមួយក្បាល និងញីមួយក្បាល ជានិមិត្តរូបនៃទំនាក់ទំនង ភាតរភាព ដ៏យូរអង្វែង និងមិត្តភាពខ្លាំងក្លារវាងប្រទេសទាំងពីរ ដែល ព្រះករុណា ព្រះមហាក្សត្រ បានសព្វ ព្រះរាជហឫទ័យទទួលដោយក្តីរីករាយបំផុត។ ដំរីមួយគូនេះនឹងត្រូវប្រគល់ជូន បន្ទាប់ពីបំពេញនីតិវិធី ចាំបាច់រួចរាល់។  
សម្តេចធិបតី នាយករដ្ឋមន្រ្តី និង ឯកឧត្តមប្រធានរដ្ឋ បានជំរុញអាជ្ញាធរពាក់ព័ន្ធបន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីនៅលើគ្រប់វិស័យរួមមាន នយោបាយ កិច្ចការព្រំដែន សន្តិសុខ និងការពារជាតិ សេដ្ឋកិច្ច ថាមពល និងការតភ្ជាប់។ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការពហុភាគី
ដើម្បីធានាបាននូវសន្តិភាព និងវិបុលភាពសម្រាប់ប្រទេសទាំងពីរ ក៏ដូចជារួមចំណែកដល់ភាពសុខសាន្ត និងការអភិវឌ្ឍនៅក្នុងតំបន់ផងដែរ។ 
ឯកឧត្តមប្រធានរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកម្ពុជា ដែលបានរួមចំណែក ជាទឹកប្រាក់ ១លានដុល្លារអាមេរិក គាំទ្រឡាវជាប្រធានអាស៊ាន ឆ្នាំ២០២៤ ក្នុងអំឡុងពេលទស្សនកិច្ច ផ្លូវការរបស់ សម្តេចធិបតី នៅប្រទេសឡាវ កាលពីខែមុន។ 
វិស័យសន្តិសុខ និងការពារជាតិ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ច ខិតខំប្រឹងប្រែងរួម លើបញ្ហាសន្តិសុខនានារវាងអាជ្ញាធរពាក់ព័ន្ធនៅតាមតំបន់ព្រំដែន ជាពិសេសការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។ 
កិច្ចការព្រំដែន ថ្នាក់ដឹកនាំទាំងពីរកោតសរសើរចំពោះការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័ន និងការចុះហត្ថលេខាលើកំណត់ហេតុស្តីពីការផ្លាស់ប្តូរលិខិតតុបករណ៍ សច្ចាប័ន  នៃសន្ធិសញ្ញាកំណត់ ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ ក្នុងអំឡុងទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅប្រទេសឡាវ។ ភាគីទាំងពីរបានឯកភាពគ្នាដោះស្រាយកំណាត់ព្រំដែននៅសេសសល់ចំនួន ១៤% ដោយសន្តិវិធី ដើម្បីកសាងព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ 
ការតភ្ជាប់ ភាគីទាំងពីរបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការកំណត់ទីតាំងសាងសង់ ស្ពានឆ្លងកាត់ទន្លេរពៅ (កម្ពុជា)/សេឡាំផាវ (ឡាវ) ដើម្បីសម្របសម្រួលដល់លំហូរប្រជាជន ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ។ 
កិច្ចសហប្រតិបត្តិការលើវិស័យថាមពល កម្ពុជាបានថ្លែងអំណរគុណឡាវដែលបានបន្តផ្គត់ផ្គង់អគ្គិសនីដល់ កម្ពុជា ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ភាគីទាំងពីរបានលើកទឹកចិត្តដល់អាជ្ញាធរកម្ពុជា និងឡាវ អនុវត្តឱ្យមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នានានាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល រួមមានកិច្ច ព្រមព្រៀងថ្មីស្តីពីកិច្ចសហប្រតិបត្តិការថាមពលរវាងរដ្ឋាភិបាលទាំងពីរ និងអនុស្សរណៈយោគយល់ គ្នាស្តីពីការទិញថាមពលបៃតងនិងការសិក្សាសមិទ្ធិលទ្ធភាពកសាងបណ្តាញបញ្ជូនថាមពលអគ្គិសនីទៅកម្ពុជា ដែលបានចុះហត្ថលេខាក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅប្រទេសឡាវ។  
ក្រៅពីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ឯកឧត្តម ថងលុន ស៊ីសុលីត បានចូលរួមកិច្ចប្រជុំកំពូលលើកទី១៤ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ ផងដែរ។ 
ឯកឧត្តមប្រធានរដ្ឋ បានសម្តែងនូវអំណរគុណចំពោះកម្ពុជា ចំពោះបដិសណ្ឋារកិច្ច ដ៏ល្អក្រៃលែងជូនឯកឧត្តម និងគណៈប្រតិភូទាំងអស់ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា៕

Comments

Related posts