នាយករដ្ឋមន្ត្រី ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងផ្ទុកគ្រាប់ នៃទីបញ្ជាការយោធភូមិភាគទី៣ខេត្ដកំពង់ស្ព

វិទ្យុជាតិកម្ពុជា៖

សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានក្តីរន្ធត់ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន ២០ នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស។ 

 

សម្ដេចធិបតីហ៊ុន ម៉ាណែត បន្ដថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ ។ 

 

សម្ដេចធិបតីហ៊ុន ម៉ាណែតបានផ្តល់ការណែនាំដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដើម្បីចាត់ចែងជាបន្ទាន់រៀបចំពិធីបុណ្យសពជូនយោធិនដែលបានពលីក្នុងឧបទ្ទវហេតុនេះ ឱ្យបានសមរម្យស័ក្តិសមនឹងពលិកម្មរបស់ពួកគាត់ចំពោះជាតិ និងមាតុភូមិ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា នឹងធ្វើជាតំណាងរបស់ខ្ញុំដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ។ 

 

រាជរដ្ឋាភិបាលនឹងទទួលរ៉ាប់រងទាំងស្រុង លើការចំណាយរៀបចំពិធីបុណ្យសពនេះ។  

 

ជាមួយគ្នានេះ សម្ដេចធិបតីហ៊ុន ម៉ាណែតសូមផ្តល់ការឧបត្ថម្ភជាថវិកាជូនគ្រួសារយោធិនពលី ចំនួន ២ ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារសព ហើយចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន ២០ លានរៀល ។ 

 

សម្ដេចធិបតីហ៊ុន ម៉ាណែតសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់យោធិនពលី បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងក៏សូមជូនពរយោធិន​ និងជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បេីយ។

C24B1A2A-35FB-434D-B978-381E8D5EA5E531448670-75F4-4DBF-9F25-1DCA0353E691C5F11E2E-15C8-4A63-8E13-D5C872A6F8F2698B71F1-0742-415F-AEAE-BA3719190854307992BD-D9AA-4E9D-A113-C4CF835255F547210722-13E3-4362-848F-89A8CFFBBE54

Comments

Related posts