វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៦ មីនា ២០២៥
អន្តរជាតិ៖ លោកស្រី Mette Frederiksen នាយករដ្ឋមន្ត្រីដាណឺម៉ាកបានរិះគន់គណៈប្រតិភូអាម៉េរិកដែលបានគ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ Greenland ដែលជាទឹកដីដាណឺម៉ាកដែលជាទឹកដីមួយដែលលោកប្រធានាធិបតី Donald Trump ចង់បាន ដោយលោកស្រីបាននិយាយថា នេះគឺជាការដាក់ "សម្ពាធដែលមិនអាចទទួលយកបាន" លើទឹកដីនិងប្រទេសដាណឺម៉ាក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ សេតវិមាន បានប្រកាសថា លោកស្រី Usha Vance ដែលជាភរិយារបស់លោក JD Vance អនុប្រធានាធិបតីអាម៉េរិក នឹងទៅលេងកោះ Greenland ក្នុងសប្តាហ៍នេះពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍។ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក Mike Waltz ក៏នឹងទៅបំពេញទស្សនកិច្ចនៅ Greenland ក្នុងសប្តាហ៍នេះដែរ ខណៈប្រព័ន្ធផ្សព្វផ្សាយអាម៉េរិករាយការណ៍ថា រដ្ឋមន្ត្រីក្រសួងថាមពល លោក Chris Wright នឹងធ្វើដំណើរទៅទីនោះផងដែរ។ លោកស្រីបានប្រាប់អ្នកយកព័ត៌មានថា "គេមិនអាចរៀបចំដំណើរទស្សនាលក្ខណៈឯកជន រួមជាមួយអ្នកតំណាងផ្លូវការនៃប្រទេសមួយដូច្នេះបានទេ។ នេះច្បាស់ណាស់ថា មិនមែនជាដំណើរទស្សនកិច្ចដែល Greenland ត្រូវការ ឬចង់បានឡើយ។ វាដូចជាមានសម្ពាធដាក់មកលើ Greenland និងដាណឺម៉ាក ហើយយើងនឹងរកវិធីទប់ទល់"។ គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ លោក JD Vance ក៏បានបង្ហោះសារលើបណ្តាញសង្គម X ថារូបលោក នឹងដឹកនាំគណៈប្រតិភូអាម៉េរិក បំពេញទស្សនកិច្ចទៅកាន់ដែនដី Greenland ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍សប្ដាហ៍នេះផងដែរ៕