វិទ្យុជាតិកម្ពុជា រ៉ាត់ សុវណ្ណ
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅខេត្តតាកែវ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យយ៉ាងត្រចះត្រចង់ ដោយមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្ត ប្រមាណជាង៣៥ម៉ឺននាក់។
ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នៅខេត្តតាកែវ បានបិទបញ្ចប់កាលពីរាត្រីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ហើយក៏មានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរក្រុង-ស្រុក កងកម្លាំងទាំង៣ មន្ត្រីរាជការ វិស័យឯកជន សមាគមយុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករផងដែរ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់គណៈកម្មការអន្តរក្រសួង រៀបចំបុណ្យទន្លេ លើកទី៩នេះ ដែលបានរួមសហការគ្នាអស់ពីកម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលគួរជាទីមោទនៈ ទាំងការរៀបចំ ទាំងការពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដែលផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានចូលរួមទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅខេត្តតាកែវ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យយ៉ាងត្រចះត្រចង់ ដោយមានប្រជាពលរដ្ឋនិងភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្ត ប្រមាណជាង៣៥ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេស ប្រមាណជាង១០០០នាក់ ដោយនៅថ្ងៃទី១ ទទួលបានប្រមាណជាង១០ម៉ឺននាក់ នៅថ្ងៃទី២ ដែលជាថ្ងៃបើកពិធីជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបានវត្តមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ប្រមាណជាង១១ម៉ឺននាក់ ចំណែកនៅថ្ងៃបិទបញ្ចប់ ទទួលបានប្រមាណជាង ១៤ម៉ឺននាក់បន្ថែមទៀត។
ជោគជ័យដ៏ត្រចះត្រចង់នេះ អាស្រ័យដោយការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដែលជាសហថាមពលដ៏ខ្លាំងក្លា ជាពិសេសជំនឿទុកចិត្ត របស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលើរាជរដ្ឋាភិបាល និងអាជ្ញាធរ ដែលធ្វើឱ្យបងប្អូនមានភាពកក់ក្តៅ ក្នុងការចេញដើរកម្សាន្ត។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមក្រសួងទេសចរណ៍ និងក្នុងនាមគណៈកម្មការអន្តរក្រសួង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ និងគណៈកម្មការអន្តរក្រសួង រៀបចំព្រឹត្តិការណ៍បុណ្យទន្លេជាប្រវត្តិសាស្ត្រនេះឡើង នៅលើទឹកដីខេត្តតាកែវ ដ៏ចំណាស់ដែលពុំធ្លាប់មានពីមុនមក។
សូមបញ្ជាក់ជូនថា នៅក្នុងពិធីបិទនេះ ក៏មានការប្រគល់-ទទួលទង់ ខេត្តជាម្ចាស់ផ្ទះរៀបចំបន្ត ព្រឹត្តិការណ៍បុណ្យទន្លេ គឺខេត្តពោធិ៍សាត់។ តើខេត្តពោធិ៍សាត់ មានសក្តានុពលអ្វីខ្លះដែលទ្រទ្រង់ដល់ទេសចរណ៍ សហគមន៍តាមដងទន្លេ? សូមត្រៀមខ្លួនទាំងអស់គ្នា ក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ នៅលើទឹកដីខេត្តពោធិ៍សាត់៕