ព្រឹទ្ធសភាជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធដោះស្រាយបញ្ហាទឹកស្អាតដល់ប្រជាជននៅតាមជនបទ

Narith | ថ្ងៃទី 25 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៥ ០៣ ២០២៥

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២នៃព្រឹទ្ធសភា បានជំរុញឲ្យភាគីពាក់ព័ន្ធបន្តខិតខំសហការគ្នា ក្នុងការដោះស្រាយបញ្ហាទឹកស្អាតឱ្យបានជាអតិបរមាជូនប្រជាជន ជាពិសេសប្រជាជននៅតាមទីជនបទដែលកំពុងតែខ្វះខាតនៅទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ។

ថ្លែងក្នុងពិធីបិទវេទិកាផ្សព្វផ្សាយស្ដីពី«វឌ្ឍនភាពនៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» ដែលរៀបចំឡើងវិមានរដ្ឋសភា នៅរសៀលថ្ងៃទី២៥ ខែមីនា  ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លើកឡើងថា ទឹកស្អាត ចាំបាច់ណាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលជាប្រភពនៃជីវិត អនាម័យ និងសុខភាព ។

បើតាមប្រសាសន៍របស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ក្រសួងបានបន្តពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍវិស័យទឹកស្អាត ព្រមទាំងបានបន្តអនុវត្តគោលនយោបាយលើកទឹកចិត្តដល់វិស័យឯកជន ក្នុងការចូលរួមវិនិយោគលើវិស័យទឹកស្អាត ដើម្បីឆ្លើយតបទៅ នឹងតម្រូវការរបស់ប្រជាពលរដ្ឋទូទៅ និងការផ្គត់ផ្គង់ទឹកស្អាតក្នុងភូមិសាស្ត្រអាទិភាពមានដូចជា៖ តំបន់សេដ្ឋកិច្ចពិសេស, សួនបណ្ដុំសហគ្រាសធុនតូចនិងមធ្យម, និងតំបន់ប៉ូលសេដ្ឋកិច្ច ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងឆ្នាំ២០២៤ បរិមាណទឹកស្អាត ដែលផលិត និងផ្គត់ផ្គង់មានសរុបជាង ៥៣០លានម៉ែត្រគូប មានកំណើនប្រមាណ៦៨លានម៉ែត្រគូប ស្មើនឹង ១៤,៩ភាគរយ ធៀបនឹងឆ្នាំ២០២៣។ 

ឯកឧត្តមរដ្ឋមន្ត្រី បានអះអាងថា គិតត្រឹមចុងឆ្នាំ២០២៤ រដ្ឋាករទឹក និងប្រតិបត្តិករទឹកស្អាតឯកជន បានភ្ជាប់តំណជូនអតិថិជនសរុប១.៤៤០.៩១៣តំណ កើនឡើង ១៣៣.១០៣តំណ ស្មើនឹង១០,២ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០២៣។

យោងតាមរបាយការណ៍បច្ចុប្បន្នភាព នៃផែនការមេវិស័យទឹកស្អាតដំណាក់កាលទី៣ ឆ្នាំ២០២១-២០៣០ បានព្យាករណ៍ថា តម្រូវការទឹកស្អាតនឹងកើនឡើងដល់ប្រមាណជាង១,៨លានម៉ែត្រគូប ក្នុងមួយថ្ងៃ នៅត្រឹមដំណាច់ឆ្នាំ២០៣០៕