វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៦ មីនា ២០២៥
អន្តរជាតិ៖ កាលពីថ្ងៃអង្គារ កងទ័ពអាកាសអ៊ុយក្រែនបានអះអាងថា រុស្ស៊ីបានបាញ់ដ្រូនចំនួន ១៣៩គ្រឿង ព្រមទាំងមីស៊ីលបាលិស្ទីគ Iskander-M ចំនួន ១គ្រាប់ ក្នុងអំឡុងការវាយប្រហារមួយកាលពីវេលាយប់កន្លងទៅ ដែលបានបង្កឱ្យមនុស្ស ២នាក់រងរបួស ខូចខាតអគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់រុស្ស៉ីចំនួន ៧៨គ្រឿង ចំណែក ៣៤គ្រឿងទៀតមិនបានហោះទៅដល់គោលដៅនោះទេ ប៉ុន្តែពុំបានបញ្ជាក់ច្បាស់ចំពោះដ្រូនចំនួន ២៧គ្រឿង និងមីស៉ីល ១គ្រាប់ទៀតនោះឡើយ។ ការវាយប្រហារនោះបានបណ្តាលឱ្យមនុស្ស ២នាក់រងរបួស និងខូចខាតអគារ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅតំបន់ដូចជា ប៉ូតាវ៉ា, ខាគីវ និងគៀវ។ គួរបញ្ជាក់ថា ការវាយប្រហារខាងលើរបស់រុស្ស៊ី កើតមានឡើងបន្ទាប់ពីកិច្ចពិភាក្សាកាលពីថ្ងៃចន្ទរវាងក្រុមមន្រ្តីរុស្ស៊ី និងក្រុមមន្រ្តីសហរដ្ឋអាមេរិក នៅឯប្រទេសអារ៉ាប៊ីសាអូឌីត ដែលស្តីពីលទ្ធភាពបទឈប់បាញ់ក្នុងសង្រ្គាមជាមួយអ៊ុយក្រែន។ កាលពីថ្ងៃអង្គារក្រុមមន្រ្តីអ៊ុយក្រែន ក៏បានជួបជាមួយក្រុមមន្រ្តីអាមេរិក នៅអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីបទឈប់បាញ់ផងដែរ៕