វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២៧.០៣.២០២៥
មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានដាក់ចេញផែនការធំៗចំនួន៣ សម្រាប់រួមសហការជាមួយអាជ្ញាធរខេត្ត ក្នុងការរៀបចំព្រឹត្តិការណ៍
សង្ក្រាន្តកំពង់ស្ពឺឱ្យកាន់តែល្អដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមានបំណងចូលរួមសប្បាយ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៥ ។
លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានរបស់វិទ្យុជាតិកម្ពុជា ថា ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ បានរុញច្រានឱ្យវិស័យធំៗមានភាពរីកចម្រើននិងការអភិវឌ្ឍឥតឈប់ឈរ ជាពិសេសគឺវិស័យទេសចរណ៍ផ្ទាល់តែម្ដង ។ ក្នុងនោះរដ្ឋបាលខេត្តកំពង់ស្ពឺ បានសហការជាមួយមន្ទីរ អង្គភាពជំនាញ រៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ស្ពឺ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ដោយក្នុងនោះមន្ទីរទេសចរណ៍ខេត្ត ក៏បានដាក់ចេញផែនការធំៗចំនួនបី ដើម្បីចូលរួមជាមួយអាជ្ញាធរខេត្ត ធ្វើឱ្យព្រឹត្តិការណ៍សង្ក្រាន្តកំពង់ស្ពឺ ក៏ដូចជាទីតាំងរមណីយដ្ឋានទាំងអស់នៅទូទាំងខេត្ត មានភាពស្រស់ស្អាតនិងទាក់ទាញ ។
លោកបានបន្តថា សម្រាប់ការដាក់ចេញផែនការ រួមមាន ៖ ការរៀបចំក្រុមការងារចុះផ្សព្វផ្សាយ ពីការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីឱ្យប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរបានដឹងពីកម្មវិធីកម្សាន្តនិងទីតាំងកម្សាន្តនៅក្នុងខេត្ត ។ មន្ទីរទេសចរណ៍បានរៀបចំក្រុមយុវជនដើម្បីចូលរួមផ្ទាល់នៅក្នុងកម្មវិធីសង្ក្រាន្ត សម្រាប់ធ្វើការប្រចាំការក៏ដូចជានាំប្រជាពលរដ្ឋនិងភ្ញៀវទេសចរលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរនិងរាំលេងចង្វាក់ប្រពៃណីខ្មែរ ។ ម្យ៉ាងវិញទៀត មន្ទីរក៏មានណែនាំឱ្យមន្ត្រីជំនាញចុះទៅពិនិត្យនិងស្រង់ស្ថិតិភ្ញៀវ ឱ្យបានច្បាស់លាស់ពីការស្នាក់នៅ ក៏ដូចជាការចូលលេងកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានាក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ។
ក្នុងនោះ សម្រាប់នៅតាមទីតាំងផ្តល់សេវាកម្មលើវិស័យទេសចរណ៍នៅក្នុងខេត្ត គឺមន្ត្រីជំនាញបាន ចុះទៅពិនិត្យនិងណែនាំបន្ថែម លើការរក្សាអនាម័យបរិស្ថាន ការរៀបចំទីតាំងអាជីវកម្មរបស់ខ្លួនឱ្យមានភាពទាក់ទាញ និងការរក្សាតម្លៃបន្ទប់ស្នាក់នៅនិងម្ហូបអាហារ ដែលទាំងអស់នេះគឺជាចំណុចខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តម្ដងហើយម្ដងទៀត ។
« សម្រាប់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺដែលមានបែងចែកក្រុមផ្សព្វផ្សាយទៅដល់មូលដ្ឋានអាជីវកម្មទាំងអស់ មុនឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីចូលមកដល់ដោយបានធ្វើការណែនាំទៅដល់ម្ចាស់អាជីវកម្ម ធ្វើការពង្រឹងទៅលើការរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ ទី២ យកចិត្តទុកដាក់លើការរក្សាអនាម័យបរិស្ថាន ដោយគ្រប់ទីតាំងទាំងអស់ត្រូវធ្វើយ៉ាងណា រៀបចំបរិស្ថានឱ្យបានល្អ សម្រាប់ទាក់ទាញភ្ញៀវទេសចរ ទី៣ គឺធ្វើការផ្សព្វផ្សាយផ្ដោតសំខាន់ទៅលើការរក្សាតម្លៃម្ហូបអាហារ ការស្នាក់នៅ ដោយមិនអាចឱ្យមានការឡើងថ្លៃខុសពីពេលធម្មតានោះទេ ព្រោះការរក្សាតម្លៃនេះគឺពិតជាសំខាន់ណាស់ ព្រោះប្រសិនបើមានការឡើងថ្លៃណាមួយ នោះអាជីវកម្មនឹងអាចមានបញ្ហាប្រឈម អាចនឹងមានបញ្ហាជាមួយភ្ញៀវជាក់ជាមិនខាន » ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំទីតាំងកម្សាន្តនៅជុំវិញបរិវេណវិមានឯករាជ្យទៅដល់សួនច្បារសម្ដេចព្រះសង្ឃរាជជួនណាត ដោយមានរៀបចំជាតំបន់ភូមិត្រជាក់ចិត្ត ភូមិល្បែងប្រជាប្រិយ ភូមិប្រដាល់ធ្លាក់ទឹកនិងកូនក្រមុំធ្លាក់ទឹក ភូមិសំនៀងឯក និងភូមិទឹកធ្លាក់ ដែលតំបន់ភូមិទាំងប្រាំនេះ នឹងបើកឱ្យលេងកម្សាន្តរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខ ៕