អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ៖ ដោយលោកស្រីសន សាវិន
មហាសង្ក្រាន្តឆ្នាំថ្មីឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ មហាសករាជ ១៩៤៧ ចុល្លសករាជ ១៣៨៧ នឹងចូលមកនៅថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៤:៤៨ នាទីទៀបភ្លឺ។ទេវតាឆ្នាំថ្មី ដែលនឹង ចុះមក ថែរក្សា មនុស្សលោកជំនួសទេវតាឆ្នាំចាស់ទ្រង់ព្រះនាម គោរាគទេវី ជាបុត្រីទី២នៃ កបិលមហាព្រហ្មទ្រង់អម្ពរពណ៌លឿង សៀតផ្កា អង្គាបុស្ប អាភរណៈកែវមុក្តា ឬ (គុជខ្យង) ភក្សាហារតេលំ (សោយប្រេងល្ង ឬប្រេងដូង) ព្រះហស្តស្តាំរបស់ទ្រង់កាន់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់កាន់ឈើច្រត់ គង់លើខ្នងព្យក្យ (ឬសត្វខ្លាធំ) ជាពាហនៈ ។តាមទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរ ដល់ពេលជិតដល់ថ្ងៃចូលឆ្នាំ មិនថានៅតាម ក្រសួង ស្ថាប័នរដ្ឋ ឯកជន វត្តអារាម ផ្ទះសំបែង គឺត្រូវបានរៀបចំតុបតែងភ្លើងលំអរដោយផ្កាភ្ញីនិងត្រៀមរណ្ដាប់ទទួលទេវតាឆ្នាំថ្មី ដោយប្រជាពលរដ្ឋខ្មែរមានជំនឿថានឹងនាំមកនូវសិរីសួស្ដីដល់ក្រុមគ្រួសារ។
លោកអ្នកនាងជាទីមេត្រី!
ប្រពៃណី និងទំនៀមទម្លាប់មុនពិធីបុណ្យចូលឆ្នាំថ្មីចូលមកដល់ បងប្អូនប្រជាពលរដ្ឋខ្មែរយើងគ្រប់គ្នា តែងនាំគ្នាបោសសំអាតនិងតុបតែងផ្ទះសម្បែង ត្រៀមសម្លៀកបំពាក់ថ្មីៗ នំចំណីនិងប្រាក់កាសសម្រាប់ទទួលទេវតាឆ្នាំថ្មី ក៏ដូចជាសម្រាប់ចូលរួមកំសាន្ត សប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ចំណែកនៅតាមស្ថាប័នរដ្ឋ និងឯកជននានា ក៏មានការរៀបចំទីកន្លែង ចងបដាពាក្យស្លោកនិងទង់ជាតិទង់ជ្វាលាលម្អដោយអំពូលភ្លើងចម្រុះពណ៌ដើម្បីទទួលទេវតាឆ្នាំថ្មីផងដែរ។
បងស្រីឈូក ផល្គុន ប្រជាពលរដ្ឋរស់នៅខេត្តកណ្ដាលបាននិយាយថា ៖តាមទម្លាប់ជិតថ្ងៃចូលឆ្នាំថ្មីគ្រួសារបងស្រីក៏ដូចជាបងប្អូនប្រជាជនក្នុងភូមិ បាននាំគ្នារៀបចំទុកដាក់ បោសសំអាតផ្ទះសម្បែងអោយមានរបៀបរៀបរយ ដើម្បីជាសិរីសួស្ដីក្នុងឆ្នាំថ្មី។
សំឡេងទី១«តាមធម្មតាប្រជាជនខ្មែរយើង ពេលពិធីបុណ្យចូលឆ្នាំជិតមកដល់ចឹង យើងទាំងអស់គ្នា តែងនាំគ្នាបោសសំអាតផ្ទះសម្បែង រៀបចំតុបតែង ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ដើម្បីឱ្យមានសិរីសួស្ដីសុខចម្រើនទាំងអស់គ្នា។មួយទៀតយើងបានត្រៀមរួចជាស្រេចនូវគ្រឿងរណ្ដាប់ មានដូចជាផ្កាភ្ញី ផ្លែឈើ ភេសជ្ជ នំចំណី ដើម្បីទទួលទេវតាឆ្នាំថ្មី ដោយមានជំនឿថា ជាសិរីសួស្ដីដល់កូនចៅនៅក្នុងឆ្នាំថ្មីនេះ»។
ក្រៅពីរៀបចំតុបតែងផ្ទះសំបែងរួច រាល់ហើយប្រជាពលរដ្ឋខ្មែរយើង មិនភ្លេចឡើយនូវការធ្វើបុណ្យទាន និងការជូនរបស់របរមានជាសម្លៀកបំពាក់ថ្មីៗ នំនែក និងប្រាក់កាស ដល់ជីដូនជីតា លោកឪពុកអ្នកម្ដាយចាស់ព្រឹទ្ធាចារ្យ គ្រូបាអាចារ្យ និងលោកគ្រូអ្នកគ្រូជាដើម។ល។ នេះជាការលើកឡើងរបស់បងស្រីផល្គុន។ បងស្រីមានប្រសាសន៍ដូច្នេះទៀតថា៖
សំឡេងទី២«បុណ្យចូលឆ្នាំថ្មី គឺជាពេលវេលាមួយធ្វើឱ្យបងប្អូនប្រជាជនខ្មែរយើងគាត់បានជួបជុំ ញាតិមិត្តជិតឆ្ងាយហើយ យើងនាំគ្នាលេងល្បែងប្រជាប្រិយផ្សេងៗ។ ជាពិសេសទៀតយើងបានយក ចង្ហាន់ទៅប្រគេនព្រះសង្ឃនៅឯវត្តដើម្បីឧទ្ទិសដល់ញាតិការទាំង៧សន្ដានដែលបានចែកឋានទៅ កាន់លោកខាងមុខ និងដើម្បីប្រសិទ្ធិពរឆ្នាំថ្មីឱ្យទទួលបានសេចក្ដីសុខចម្រើនទាំងអស់គ្នា»។
មិនខុសគ្នាពីបងស្រីផល្គុននោះទេ ប្អូនស្រីសាវ៉ុន បានអោយដឹងថា៖ ជាទម្លាប់ជិតដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គ្រួសារប្អូនស្រីតែងតែនាំគ្នារៀបចំសម្អាតតុបតែងផ្ទះ អោយបានស្អាតបាត ដើម្បីអំណរសាទរទេវតាឆ្នាំថ្មី និងជម្រះឧបទ្រពចង្រៃក្នុងឆ្នាំចាស់ត្រៀមទទួលសិរីសួស្ដីក្នុងឆ្នាំថ្មី។
សំឡេង៣«ចាប់ពីថ្ងៃទី១០ជាង ផ្ទះនីមួយៗចាប់ផ្ដើម បោសសំអាតផ្ទះ ព្រោះសិរីសួស្ដីឆ្នាំចាស់យើង ត្រូវសំអាតទាក់ទងនឹងផ្ទះសម្បែង ព្រៃឈើ សំអាតអោយអស់នៅក្នុងឆ្នាំចាស់ ហើយរបស់របរបែក បាក់ខ្លះយើងជម្រុះវាចោលកុំទុកដល់ឆ្នាំថ្មី សូម្បីតែសត្វគោក៏យើងយកមកស្រោចទឹកលាងដុសក្អែលវាឱ្យស្អាត និងឈប់ប្រើវារយៈពេល៣ថ្ងៃហ្នឹងដែរ ព្រោះយើងគិតថាឆ្នាំចាស់ផ្លាស់មកឆ្នាំថ្មី អ្វីៗក៏ថ្មី នាំមកនូវសេចក្ដីសុខចម្រើនដល់ក្រុមគ្រួសាររបស់យើងគ្រប់ៗគ្នា»។
ចំណែកគ្រឿងរណ្ដាប់ទទួលទេវតាឆ្នាំថ្មីវិញ គ្រួសារប្អូនស្រីសាវ៉ុន ក៏ដូចជាគ្រួសារដទៃទៀតដែរ តែងតែបានរៀបចំទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង តាមឆ្នាំនីមួយៗនិងទៅតាមធន់ធាននៃក្រុមគ្រួសារនីមួយៗ។
សំឡេងទី៤«ទាក់ទងនឹងការទទួលទេវតាឆ្នាំថ្មីគឺប្រជាពលរដ្ឋតែងនាំគ្នារៀបចំគ្រឿងរណ្ដាប់មានដូចជាបាយសី ផ្កាឈូក ទឹកដាក់ក្នុងផ្តិលប្រាក់ ផ្លែឈើ៤មុខ ឬ៧មុខ សណ្ដែក ល្ង ធូប ទៀនហើយឆ្នាំហ្នឹងឮថាទេវតាសោយប្រេងជាអាហារ។និយាយរួមទៅប្រជាពលរដ្ឋរៀបចំទៅតាមលទ្ធភាព របស់គាត់ ដោយពួកគាត់យល់ថាការទទួលទេវតាឆ្នាំថ្មី ជាសិរីសួស្ដីដល់កូនចៅគ្រប់ៗគ្នា»។
វត្តអារាមនានា ក៏មានការរៀបចំតុបតែងលម្អសម្រាប់ទទួលពុទ្ធបរិស័ទផង និងទទួល អំណរទេវតាឆ្នាំថ្មីផងដែរ។ព្រះសតិមង្គល អ៊ុក ង៉ូវ ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តពិភ័ទ្ទរង្សី ហៅវត្តចិនដំដែកខាងជើងបានមានសង្ឃដីកាថា៖
សំឡេងទី៥«វត្តមានរៀបចំសង្ក្រាន្តនៅក្នុងវត្តសម្រាប់ឱ្យញាតិញោមពុទ្ធបរិស័ទដែលអញ្ជើញមកវត្ត ផង ក៏ទទួលបានទស្សនីយភាពស្អាតៗសម្រាប់ថតលេងទុកជាអនុស្សាវរីយ៍។ វត្តអារាមនីមួយៗ រៀបចំកន្លែងទទួល ចង្ហាន់ ទេយ្យទាន កន្លែងពូនភ្នំខ្សាច់ កន្លែងស្រង់ព្រះ»។
ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ជាពេលវេលាល្អមួយ សម្រាប់អោយកូនចៅសំដែងនូវការដឹងគុណចំពោះមាតាបិតា ដោយងូតទឹកដុសក្អែលជូនគាត់ ជូនសម្លៀកបំពាក់ថ្មីៗ ផ្គត់ផ្គង់ចំណីអាហារដល់ពួកគាត់ ។ចំណែកការដឹងគុណមួយផ្នែកទៀត គឺការធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់លោកអ្នកមានគុណ និងញាតិកាទាំង៧សន្ដាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ហើយក៏ជាពេលវេលាមួយ ដែលកូនចៅសុំខមាទោសរាល់កំហុសខុសឆ្គង ពីមាតាបិតា គ្រូអាចារ្យ និងទទួលពរជ័យសេចក្ដីសុខពីលោកអ្នកមានគុណផងដែរ។
សំឡេងទី៦«យើងធ្វើបាយទឹកជូនឪពុកម្ដាយពិសារ និងយកមកប្រគេនព្រះសង្ឃដើម្បីឧទ្ទិសដល់ញាតិមិត្តដែលបានចែកឋានទៅ។ ព្រមទាំងមានទេយ្យទានរបស់របរផ្លែឈើ ភេសជ្ជ និងថវិកា ព្រមទាំងសម្លៀកបំពាក់ ។យើងមានការងូតទឹកជូន ឪពុកម្ដាយ អ៊ំ ពូមីង ចាស់ទុំនៅក្នុងភូមិ ដែលជាប្រពៃណីសម្រាប់បងប្អូនជាកូនចៅត្រូវបំពេញ»។
ឯកឧត្ដម ប៊ុន វាស្នារ ទីប្រឹក្សាអមគណៈកម្មាធិជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និង ជា សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រនិងប្រពៃណីទំនៀមទម្លាប់ខ្មែរបានមានប្រសាសន៍នៅក្នុងកម្មវិធីសន្ទនាមតិជីវិតយើងសង្គមរបស់វិទ្យុជាតិកម្ពុជាថា៖ពាក្យសង្ក្រាន្ត និងមហាសង្ក្រាន្តគឺមានលក្ខណៈខុសគ្នា ហើយការប្រារព្ធក៏ខុសគ្នាដែរ។មកដល់ពេលនេះយើងសង្កេតឃើញថា តាមសាលារៀន ក្រសួង ឬស្ថាប័នឯកជន បាននាំគ្នាប្រារព្ធធ្វើសង្ក្រាន្តឆ្នាំថ្មីជាបណ្ដើរៗហើយ ដោយការប្រារព្ធធ្វើសង្ក្រាន្តនេះ មិនកំណត់ពេលវេលាជាក់លាក់នោះទេ គឺអាចនាំគ្នាធ្វើនៅមុនថ្ងៃមហាសង្ក្រាន្តចូលមកដល់។
សំឡេងទី៧«ប៉ុន្តែមហាសង្ក្រាន្តគឺយើងនាំគ្នាប្រារព្ធទៅតាមដំណើរជើងលេខ តាមការគន់គូររបស់ហោរាប្រចាំប្រទេស ដូចឆ្នាំថ្មីខាងមុខនេះ មហាសង្ក្រាន្តឆ្នាំថ្មីនឹងចូលមកដល់នៅវេលាម៉ោង៤.៤៨ នាទីព្រឹកថ្ងៃចន្ទទី១៤ ខែមេសា ឆ្នាំ២០២៥ ។ចឹងកិច្ចដែលប្រារព្ធនៅពេលនោះ គឺទូទាំងប្រទេសកម្ពុជា គឺធ្វើទៅតាមពេលវេលាទាំងអស់ ដែលខ្មែរយើងហៅថាទទួលទេវតាឆ្នាំថ្មី ដែលយើងឱ្យឈ្មោះថា មហាសង្ក្រាន្ត។ ការរៀបចំទទួលទេវតាឆ្នាំថ្មី យើងរៀបចំឱ្យសមគួរ ដូចឆ្នាំសព្វមួយដង គ្រាន់ខុសគ្នាត្រង់ថា ភក្សាហារឆ្នាំនេះទេពធីតាសោយ តេលំ ប្រែថា ប្រេងល្អ ឬប្រេងដូង ប្រេងដែលផលិតជាធញ្ញជាតិ។ ចំណែករៀបចំផ្សេង មានបាយសី និងគ្រឿងរណ្ដាប់ផ្សេង គឺទៅតាមធន់ធានរបស់យើង ហើយទេវតាឆ្នាំថ្មីនេះព្រះនាមគោរាគទេវី»។
តាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើងជិតដល់ថ្ងៃចូលឆ្នាំ ឬក្នុងថ្ងៃចូលឆ្នាំ ក្រុមគ្រួសារនីមួយៗបានរៀបចំពិធីសូត្រមន្តបង្សុកូល ដោយនិមត្តព្រះសង្ឃចម្រើនព្រះបរិត្ត ប្រោះព្រំ ស្រោចទឹក ក្នុងន័យជម្រះឧបទ្រពឆ្នាំចាស់ និងសុំសេចក្ដីសុខសិរីសួស្ដីក្នុងឆ្នាំថ្មីតទៅមុខទៀត។ ព្រះភិក្ខុចក្ខុ សំវរោណុំ វីរ៍ ឧទ្ទេសាចារ្យនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បានមានសង្ឃដីកាថា៖
សំឡេងទី៨«ការសូត្រមន្ត ឬយើងហៅថាទំនៀមទម្លាប់ប្រពៃណី ខ្មែរយើងធ្វើពិធីសូត្រមន្តមុនចូលឆ្នាំថ្មី គឺក្នុងន័យមួយដើម្បីជម្រះនូវឧបទ្រពចង្រៃផ្សេងៗ អ្វីដែលជាគ្រឿងសៅហ្មង មិនស្ងប់នៅក្នុងចិត្ត សន្ដានអ្វីសព្វបែបយ៉ាងដែលយើងថាចង្រៃ គឺថាជម្រះឱ្យវាជ្រះស្រឡះឱ្យអស់តាមឆ្នាំចាស់ ហើយក៏ធ្វើខ្លួនឱ្យបានស្អាតបរិសុទ្ធ ទទួលយកនូវអ្វីដែលថ្មី ល្អ សួស្ដីចម្រើនរុងរឿង ជាមង្គលថ្មីសម្រាប់ឆ្នាំថ្មី បន្តទៅទៀត »។
លោកអ្នកនាងជាទីមេត្រី!
បុណ្យចូលឆ្នាំថ្មីជាបុណ្យប្រពៃណីខ្មែរ មានប្រវត្តិយូរលង់ណាស់មកហើយ ។ចំណែកបងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងនៅទីក្រុងក៏ដូចជាជនបទ បាននាំគ្នាប្រារព្ធពិធីបុណ្យនេះគ្រប់ៗគ្នាយ៉ាងសប្បាយរីករាយ។ពិធីបុណ្យចូលឆ្នាំថ្មីក៏ជាឱកាសមួយសម្រាប់ឱ្យកូនចៅបងប្អូនមកជួបជុំគ្នា ដើម្បីរំឭកគុណដល់មាតាបិតា ជីដូនជីតា ដែលជាព្រះរស់របស់កូនចៅគ្រប់ៗគ្នា។នៅក្នុងឱកាសសង្ក្រាន្តទាំង៣ថ្ងៃនេះ បងប្អូនជនរួមជាតិប្រុសស្រីទាំងឡាយបានរៀបចំគ្រឿងសក្ការបូជា មានទៀនធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងមាននំចំណី ផ្លែឈើជាដើម ជូនមាតាបិតា អាណាព្យាបាល ជាបុព្វការីព្រមទាំងទទួលស្វាគមន៍ទេវតាឆ្នាំថ្មីព្រះនាម គោរាគទេវី ។មិនតែប៉ុណ្ណោះបានខិតខំលះបង់នូវចិត្តឈ្នានីស ចិត្តអាក្រក់ ចិត្តលោភលន់ ចិត្តព្យាបាទ ចោលឲ្យអស់និងឱ្យជ្រះស្រឡះដើម្បីចម្រើនឡើងវិញនូវចិត្តប្រកបដោយបញ្ញានិងព្រហ្មវិហារធម៌ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា ។រក្សាសីល ធ្វើបុណ្យដាក់ទាន តាមប្រពៃណីឱ្យបានជាប់ជានិច្ច នោះទេវតានឹងប្រទានពរសព្ទសាធុការជូនលោកអ្នក ប្រកបដោយសិរីសួស្តី សុភមង្គល វិបុលសុខ គ្រប់ប្រការ ជាមួយនឹងការងារបានត្រជាក់ត្រជំ អាយុយឺនយូរតរៀងទៅដែរ។
គួរបញ្ជាក់ថា៖ ចំពោះគ្រឿងរណ្ដាប់ទទួលទេវតា បងប្អូនប្រជាពលរដ្ឋអាចរៀបចំទៅតាមលទ្ធភាពរៀងៗខ្លួន ។ ប៉ុន្តែតាមទំនៀមពីបុរាណរៀងរហូតមកបានឱ្យដឹងថា ត្រូវរៀបរៀនឬក៏តុមួយនៅខាងមុខផ្ទះសម្រាប់តាំងគ្រឿងពលីការផ្សេងៗព្រមដោយកម្រាលពណ៌ស ឬពណ៌ក្រហមតាមលទ្ធភាពដែលមាន ។បន្ថែមពីលើនេះត្រូវរៀបចំគ្រឿងសក្ការៈបូជាទេវតា មានដូចជា បាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាកឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពានមួយគូ ចេកនួន-ចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខរៀបដាក់ជើងពាន ដូងផ្លែមួយគូ និងទឹកស្អាតចំនួន២កែវ។ បន្ទាប់មកមានរៀបចំពលិការគ្រឿងសក្ការៈបូជាអុជប្រទីបជ្វាលាថ្វាយព្រះរតនត្រ័យនិងទទួលស្វាគមន៍ទេពធីតាឆ្នាំថ្មី តាមគេហដ្ឋានរបស់ខ្លួន នៅពេលដល់កំណត់ថាទេវតាឆ្នាំថ្មី យាងចុះមកប្រសិទ្ធិពរជ័យ សិរីសួស្ដី ដើម្បីឱ្យ ក្នុងក្រុមគ្រួសារទទួលបានសេចក្ដីសុខ គ្រប់ៗគ្នា៕