ប្រទេសជាច្រើននៅលើពិភពលោក បាននិងកំពុងគាំទ្រយ៉ាងខ្លាំងលើប្រភេទអាជីវកម្មបៃតង

Narith | ថ្ងៃទី 09 ខែ មេសា ឆ្នាំ 2025

 

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០៩.០៤.២០២៥

 

ប្រទេសជាច្រើននៅលើពិភពលោកពិសេសនៅតំបន់អឺរ៉ុប បាននិងកំពុងគាំទ្រយ៉ាងខ្លាំងលើប្រភេទអាជីវកម្មបៃតង ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងពង្រឹងការប្រើប្រាស់ធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព ។

 

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB បានមានប្រសាសន៍ថា ពាក់ព័ន្ធជាមួយនឹងការអនុវត្តអាជីវកម្មបៃតង គឺសំខាន់ត្រូវតែមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសបច្ចុប្បន្ននេះគឺឃើញថា ក្រសួងបរិស្ថានកម្ពុជា បាននិងកំពុងអនុវត្តការងារជាច្រើន ដែលផ្ដោតទៅលើភាពស្អាតនៅតាមសហគមន៍ ភាពស្អាតនៅក្នុងទីក្រុង ដែលអនុវត្តតាមយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន ដោយដាក់ចេញជាគោលការណ៍រួមមួយ គឺស្អាតទាំងអស់ ស្អាតទាំងបរិយាកាស ស្អាតទាំងសង្គម រួមទាំងបញ្ញាស្មារតីរបស់មនុស្សដែលកំពុងរស់នៅក្នុងសង្គម ។ 

ជាងនេះទៅទៀត ដើម្បីឱ្យការអនុវត្តអាជីវកម្មបៃតងកាន់តែមានប្រសិទ្ធភាព គឺត្រូវមានការទទួលខុសត្រូវពីប្រជាជន ដោយត្រូវយល់ដឹងពីផលប៉ះពាល់ដល់បរិស្ថាន ដើម្បីធ្វើយ៉ាងណាអនុវត្តន៍អាជីវកម្មរបស់ខ្លួន មិនឱ្យមានផលប៉ះពាល់ទៅដល់បរិស្ថាន ជាពិសេសនោះ គឺអាជីវកម្មដែលផ្ដោតសំខាន់ទៅលើការផលិតផលិតផលដែលមានការទទួលខុសត្រូវផ្នែកសង្គម និងបរិស្ថាន ។  ហើយនេះក៏ជាផ្នែកមួយដែលធ្វើឱ្យផលិតផលនោះ មានអត្ថប្រយោជន៍ដល់បរិស្ថាន សង្គម និងសេដ្ឋកិច្ច ជាពិសេសជាផ្នែកមួយ ផ្លាស់ប្តូរផ្នត់គំនិត របស់ប្រជាជនដែលកំពុងរស់នៅលើពិភពលោកថែមទៀតផង ។ 

ឯកឧត្តមបណ្ឌិត បានបន្តទៀតថា តាមរយៈគំនិតផ្ដួចផ្ដើមនៃការអនុវត្តអាជីវកម្មបៃតងនេះ គឺទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រទេសជាច្រើននៅលើពិភពលោក ដើម្បីរួមគ្នាធ្វើយ៉ាងណា ចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ទៅដល់បរិស្ថានឱ្យបានជាអតិបរមា ។ 

« តាមការសង្កេតផ្ទាល់ខ្លួនគឺឃើញថា ប្រទេសជាច្រើនបាននិងកំពុងគាំទ្រយ៉ាងពេញទំហឹងទៅលើអាជីវកម្មបៃតង ព្រោះជាប្រភេទអាជីវកម្មដែលនឹងដំណើរការទៅប្រកបដោយចីរភាព រួមទាំងអឺរ៉ុបផងដែរ ដែលបាននិងកំពុងគិតគូរយ៉ាងច្រើន ព្រោះយើងដឹងហើយថា នៅអឺរ៉ុបគឺចាប់ផ្ដើមខ្លាំងជាងគេទៅលើការបារម្ភលើបរិស្ថាននិងនៅតំបន់មួយចំនួននៅក្នុងប្រទេសជាច្រើន ដែលបាននិងកំពុងតែគិតគូរទៅលើបរិស្ថានប្រកបដោយចីរភាព។ ដូច្នេះយើងឃើញហើយថា ប្រទេសជាច្រើនបាននិយាយអំពីការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ហើយកម្ពុជាក៏ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនោះផងដែរ ។ជាមួយគ្នានេះ ការធ្វើអាជីវកម្មបៃតងគឺកំពុងតែមានការវិវត្តកាន់តែច្រើនទៅហើយ ដោយសារតែក្រុមហ៊ុនធំៗឬក្រុមហ៊ុនក្នុងស្រុកមួយចំនួន បាននិងកំពុងគិតគូរទៅលើផលប៉ះពាល់បរិស្ថាន ព្រោះនេះពាក់ព័ន្ធទៅនឹងការរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់នៅលើពិភពលោក បើសិនជាពិភពលោកនេះកខ្វក់ មិនស្អាត ពោរពេញទៅដោយខ្យល់ពុល ដូច្នេះយើងមិនអាចរស់នៅលើភពផែនដីនេះបានទេ ។ពេលនេះប្រទេសជាច្រើន មានការយល់ដឹងអំពីផលប៉ះពាល់បរិស្ថាន គឺបានចាប់ផ្តើមពង្រីកអាជីវកម្មរបស់ខ្លួន ដោយផ្ដោតទៅលើការគិតគូរទៅលើបរិស្ថាន» ។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់បន្ថែមថា ឥណទានបៃតង គឺកម្ពុជាបានគិតគូរជាយូរមកហើយ ដោយបានចាប់ផ្ដើមបង្កើតជាយុទ្ធនាការ និងជាស្ថាប័ននីយកម្ម នៅក្នុងធនាគារតែម្ដង ចាប់ពីឆ្នាំ២០១៨ មកដល់ឆ្នាំ២០២០ បានចាប់ផ្ដើមជារូបរាង ដើម្បីផ្ដល់ជាឥណទានបៃតង ដោយប្រើប្រាស់មូលនិធិផ្ទាល់របស់ធនាគារក្នុងរង្វង់២លានដុល្លារ ដល់វិស័យកសិកម្ម ៕

ប្រទេសជាច្រើននៅលើពិភពលោក បាននិងកំពុងគាំទ្រយ៉ាងខ្លាំងលើប្រភេទអាជីវកម្មបៃតង