វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០៣.០៤.២០២៥
ឯកឧត្តម ឃឹម ហ្វីណង់ បាននិងកំពុងណែនាំដល់ប្រជាកសិករជាង១០០គ្រួសារនៅលើភ្នំគូលែនពីការរៀបចំចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីឱ្យគាត់បានជ្រាបច្បាស់ពីអត្ថប្រយោជន៍ដែលទទួលបានពីសហគមន៍កសិកម្មទំនើប ។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញមកដល់ទីនេះដោយផ្ទាល់កាលពីថ្មីៗនេះ ព្រមទាំងបានណែនាំឱ្យ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រិះរកវិធីគាំទ្រ និងលើកកម្ពស់ជីវភាពរបស់បងប្អូនកសិករនៅក្នុងតំបន់នេះ ជាពិសេសសម្រាប់អ្នកដាំស្វាយចន្ទី ។
ឯកឧត្តមបានបន្ថែមទៀតថា ការជំរុញឱ្យប្រជាកសិករចងក្រងទៅជាសហគមន៍កសិកម្មទំនើប គឺដើម្បីផ្តល់ផលចំណេញលើកស្ទួយសេដ្ឋកិច្ចគ្រួសារ ជួយឱ្យកសិករចេះធ្វើការរួមគ្នា អនុវត្តកិច្ចសន្យាផលិតកម្មត្រឹមត្រូវ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ហើយការរៀបចំទៅជាសហគមន៍កសិកម្មទំនើបនេះ ក្រសួងកសិកម្ម ក៏នឹងតាមជួយសម្របសម្រួល ធ្វើយ៉ាងណាឱ្យទទួលបានផលប្រយោជន៍ទាំងអស់គ្នា ។
សូមបញ្ជាក់ថា នៅក្នុងឃុំខ្នងភ្នំមានអ្នកដាំស្វាយចន្ទីច្រើនរហូតដល់ទៅ៨០០គ្រួសារ នៅលើផ្ទៃដីជាង៣០០០ហិកតា ប៉ុន្តែភាគច្រើនមានទិន្នផលទាប ពូជប្រពៃណី ដាំខុសស្តង់ដាបច្ចេកទេស និងជាប្រភេទកសិកម្មយថាផល ។ មានទាំងបញ្ហាប្រឈម មានទាំងឱកាស ជាពិសេសសក្តានុពលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដែលអាចអនុញ្ញាតឱ្យកសិករអាច « កែច្នៃរួចនាំចេញនៅនឹងកន្លែងតែម្តង » ៕