វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥
MC. ក្រុមការងារតំបន់ត្រជាក់ចិត្ត តស់ៗលេងទឹក នាបរិវេណដងស្ទឹងសៀមរាប កំពុងរៀបចំទីតាំង ការតុបតែងលម្អមើលទៅប្លែកភ្នែក និងទាក់ទាញជាបណ្តើៗហើយ ខណៈឆ្នាំ២០២៥នេះ មានកម្មវិធីកម្សាន្តសប្បាយជាច្រើន នៅតំបន់តស់ៗលេងទឹក ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនអ្នកចូលមកកម្សាន្ត។
លោក ហួត សូនី ប្រធានក្រុមការងារតំបន់តស់ៗលេងទឹក នាបរិវេណសួនច្បារដងស្ទឹងសៀមរាប បានឱ្យដឹងថា ក្រុមការងារកំពុងមមាញឹករៀបចំទីតាំង និងការតុបតែងលម្អនានា សម្រេចបានប្រមាណជាង៣០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ឱ្យរួចរាល់តាមផែនការកំណត់ មុនថ្ងៃព្រឹត្តិការណ៍សង្រ្កាន្តឈានចូលមកដល់។ លោកថា តំបន់តស់ៗលេងទឹក បានរៀបចំកម្មវិធីល្បែងកម្សាន្តជាច្រើនទាំងនៅលើគោក និងក្នុងទឹក មានភាពទាក់ទាញញជាងមុន រួមជាមួយការដាក់ពាងទឹក ចំនួនជាង៨០ពាងនៅតាមដងផ្លូវ ដោយបានតុបតែងយ៉ាងស្រស់ស្អាត។
លោកបញ្ជាក់ទៀតថា ក្រុមការងារបានគិតគូរខ្ពស់ ពីសុខសុវត្ថិភាពនៅតាមទីតាំងនីមួយៗ ដោយបានត្រៀមទឹកគ្រប់គ្រាន់ រៀបចំជាប្រព័ន្ធទឹក មានធុងទឹក និងមានបន្ថែមការបាញ់ទឹកតាមរថយន្តជាច្រើនគ្រឿងផងដែរ ដើម្បីផ្តល់ភាពសប្បាយរីករាយ សម្រាប់អ្នកដែលចូលមកកាន់តំបន់តស់ៗលេងទឹកដោយចាប់ផ្តើមដំណើរការពីថ្ងៃទី១៤ ខែមេសាតទៅ។
ចំពោះកម្មវិធីនៅតំបន់របស់យើងនេះគឺនៅតាមដងស្ទឹងយើងមានស្ពានយោលញញឹមសាទរ យើងមានល្បែងកម្សាន្តមួយចំនួននៅលើដងស្ទឹង យើងមានសៃវៀនប្រដាល់ធ្លាក់ទឹក យើងមានតង់ពពុះសាប៊ូនៅលើហ្នឹងយើងមានល្បែងជាច្រើន មានទាញព្រ័ត្រ មានរាំទូលក្អម មានដណ្តើមស្លឹកឈើ លោតបាវអីជាដើម។ យើងក៏មានវេទិការាំបែបកន្រ្ទាក់អារម្មណ៍ មានឌីជេ និងរាំជាមួយពពុះសាប៊ូ យើងមានដើមចេកមហារំអិល និងមានកញ្ញាធ្លាក់ទឹកអីជាដើម។
សូមជម្រាបថា នៅសល់តែរយៈពេល១០ថ្ងៃប៉ុណ្ណោះ ព្រឹត្តិការណ៍អង្គរសង្រា្កនឆ្នាំ២០២៥ នឹងឈានចូលមកដល់ ព្រឹត្តិការណ៍នេះ នឹងរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៥ ដោយសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវិធីកាន់តែច្រើនជាងមុន និងបានពង្រីកវិសាលភាពទីតាំង ធំទូលាយជាងមុននៅលើទីតាំងចំនួន៦សំខាន់ៗ រួមមាននៅបរិវេណប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, King’s Road, Pub Street និងអង្គរឃ្យុងយូជាដើម៕