វិទ្យុជាតិកម្ពុជា លោកគឹមហឿន ថ្ងៃទី០៧មេសាឆ្នាំ២០២៥
ខេត្តស្ទឹងត្រែង- នៅក្នុងឱកាសរដូវចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប្រធានមន្ទីរទេសចណ៍ខេត្តស្ទឹងត្រែងបានណែនាំដល់ម្ចាស់ រមណីយដ្ឋានទេសចរណ៍នៅតាមដងទន្លេ ត្រូវបង្កើនការរៀបចំដាក់ប្រព័ន្ធសុវត្ថិភាពកន្លែងចុះលេងទឹក ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងដោយយថាហេតុណាមួយ ។
ក្នុងឱកាសចុះពិនិត្យរមណីយដ្ឋានអេកូរទេសចរណ៍អូរឬស្សីកណ្តាលនៅឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ថ្ងៃទី០៧ ខែមេសាឆ្នាំ២០២៥ លោកអ៊នប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងកំពុងមានការអភិវឌ្ឍប្រែមុខមាត់ ប្រជាពលរដ្ឋសប្បាយរីករាយ ហើយយើងទាំងអស់គ្នាសង្ឃឹមថាភ្ញៀវទេសចរចាប់អារម្មណ៍មកលេងច្រើននៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងឆ្នាំ២០២៥នេះ ។
លោកបន្តថា៖ម្ចាស់រមណីយដ្ឋាននិមួយៗត្រូវរៀបចំប្រព័ន្ធសុវត្ថិភាពនៅពេលមានភ្ញៀវទេសចរទៅលេង ដើម្បីលើកកម្ពស់សេវាកម្មវិស័យទេសចរណ៍ឱ្យបានល្អប្រសើរ ហើយបញ្ចៀសពីការគ្រោះថ្នាក់ផ្សេងៗ។
(សំឡេង)ជាពិសេសនៅតាមរមណីយដ្ឋានទេសចរណ៍ត្រូវមានឆ្មាំ សង្កេតមើលភ្ញៀវទេសចរទៅលេងតំបន់ណាគឺល្បាត តាមកន្លែងគោលដៅដែល បានកំណត់ កន្លែងមិនមានសុវត្ថិភាព គឺសូមណែនាំកុំឲ្យភ្ញៀវទៅលេង ទោះបីថាភ្ញៀវគាត់ចង់ទៅលេងកន្លែងនោះស្អាត កន្លែងនេះស្អាតក៏ដោយ យើងត្រូវតែល្បាតមើលហើយណែនាំគាត់ សុំធ្វើម៉េចទាញគាត់ឲ្យមកលេងកន្លែងដែល យើងអាចគ្រប់គ្រងបាន នៅតាមដងទន្លេមេគង្គ សេកុងទាំងសេសាន ដែលយើងត្រូវធ្វើកិច្ចការងារនេះ។
លោកទួនថាំងម្ចាស់រមណីយដ្ឋានមរតកសេកុងនៅក្នុងសង្កាត់ស្រះឬស្សីក្រុងស្ទឹងត្រែងបានទទួលយកការណែនាំនេះ ព្រោះម្ចាស់រមណីយដ្ឋាននិមួយៗបង្កើតឡើង ចង់តែបានភ្ញៀវទេសចរមកលេងឱ្យបានច្រើន ដើម្បីបង្ហាញពីការគាំទ្រនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងខេត្ត។
លោកបន្តថា៖ការរៀបចំរមណីយដ្ឋានដែលមានកន្លែងលេងទឹក លោកតែងដាក់សញ្ញាបង្ហាញករណីគ្រោះថ្នាក់និងចាត់ចែងឱ្យមានកម្លាំងប្រចាំការ ដើម្បីហាមឃាត់ភ្ញៀវទេសចរមិនឱ្យចុះលេងទីតាំងដែលដាក់ស្លាកសញ្ញានោះទេ។
សូមបញ្ជាក់ថា៖រមណីយដ្ឋានដែលមានកន្លែងលេងទឹកក្រៅពីរមណីយដ្ឋានអេកូរទេសចរណ៍អូរឬស្សីកណ្តាល មានរមណីយដ្ឋាន មរតកសេកុង នៅក្រុងស្ទឹងត្រែង សម្រស់សេសាន ជួរចាប នៅស្រុកសេសាន កោះខេ នៅក្នុងសង្កាត់សាមគ្គី និងកោះហាន-កោះទន្សាយនៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងដែលភ្ញៀវទេសចរនិយមទៅលេងកំសាន្តសប្បាយ៕
គឹមហឿនស្ទឹងត្រែងថ្ងៃទី០៧ មេសា ឆ្នាំ២០២៥