សម្តេចធិបតី៖ ទស្សនកិច្ចផ្លូវ រដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ស្តែងឱ្យឃើញនូវសារៈសំខាន់ និងភាពរឹងមាំ នៃទំនាក់ទំនងកម្ពុជា-ចិន

Narith | ថ្ងៃទី 17 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៧ ០៤ ២០២៥)

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា របស់ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស៊ី ជីនពីង បង្ហាញឱ្យឃើញ នូវសារៈសំខាន់ និងភាពរឹងមាំ នៃទំនាក់ទំនងកម្ពុជា-ចិន ខណៈដែលមិត្តភាពកម្ពុជា-ចិន ជាមិត្តភាពប្រវត្តិសាស្ត្រ និងយូរអង្វែង ។

ក្នុងឱកាសថ្លែងសុន្ទរកថា ស្វាគមន៍ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជំនួសមុខឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ និងទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ចំពោះឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ។
សំឡេង "ទស្សនកិច្ចនេះ ស្តែងឱ្យឃើញនូវសារៈសំខាន់ និងភាពរឹងមាំ នៃទំនាក់ទំនងកម្ពុជា-ចិន មិត្តភាពកម្ពុជា-ចិន ជាមិត្តភាពប្រវត្តិសាស្ត្រ និងយូរអង្វែង ប្រទេសយើងទាំងពីរ ពង្រឹង និងពង្រីកឥតឈប់ឈរ នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងអំឡុងពេល៦៧ឆ្នាំចុងក្រោយនេះ ដែលចាប់ផ្តើមនៅជំនាន់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បន្តដល់ជំនាន់សម្តេចតេជោ ហ៊ុន សែន និងដល់រាជរដ្ឋាភិបាលបច្ចុប្បន្ន"។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបញ្ជាក់ផងដែរ នូវទំនាក់ទំនងកម្ពុជាចិន ដែលបានឈានដល់កម្រិតខ្ពស់បំផុត គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ខណៈដែលប្រទេសទាំងពីរ កំពុងរួមគ្នាបង្កើតសមទ្ធិផលថ្មីៗ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងកសាងសហគមន៍វាសនារួម ដើម្បីផលប្រយោជន៍រួម ដោយឈរលើគោលការណ៍ គោរពអធិបតេយ្យភាព ស្មើភាព ស្មើសិទ្ធិ មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នា។
បន្ថែមលើនេះ សម្តេចធិបតី បានថ្លែងថា ចំពោះកម្ពុជា មិត្តចិនដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ និងទេសចរណ៍ ភាពជាដៃគូកម្ពុជា-ចិន ក៏ជួយពង្រឹងឯករាជ្យភាព សមត្ថភាព ការពារជាតិ និងកិត្យានុភាព របស់កម្ពុជា លើឆាកអន្តរជាតិ ។
សម្តេចធិបតី ក៏បានបង្ហាញ នូវការរីករាយ ក្នុងការជួបពិភាក្សាជាមួយឯកឧត្តម ដើម្បីដាក់ចេញ នូវទិសដៅបន្ត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន សំដៅសម្រេចបាននូវ ឧត្តមប្រយោជន៍រួម ជូនជាតិនិងប្រជាជននៃប្រទេសទាំងពីរផងដែរ៕

សម្តេចធិបតី៖ ទស្សនកិច្ចផ្លូវ រដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ស្តែងឱ្យឃើញនូវសារៈសំខាន់ និងភាពរឹងមាំ នៃទំនាក់ទំនងកម្ពុជា-ចិន