សម្តេចធិបតីព្រមានពលរដ្ឋណាយកអាវុធបាញ់អាជ្ញាធរ ក្នុងពេលអនុវត្ដច្បាប់ធនធានធម្មជាតិ គឺអាជ្ញាធរអាចមានសិទ្ធិការពារខ្លួនបាន
វិទ្យុជាតិកម្ពុជា៖
ពោធិ៍សាត់៖ ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុង “ពិធីសម្ពោធដាក់ឱ្យ ដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត FORD” ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៥នេះ ។
ក្រុមហ៊ុន RMA CAMBODIA មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣៣ ឆ្នាំមកហើយ គិតចាប់ពីឆ្នាំ១៩៩២។ ក្រុមហ៊ុន RMA CAMBODIA ជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល និងសេវាកម្មល្បីៗលើពិភពលោក ព្រមទាំងមានអាជីវកម្មស្ទើរគ្រប់វិស័យ រួមមាន៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ដំណោះស្រាយក្នុងឃ្លាំង សេវាកម្មភតិសន្យាហិរញ្ញវត្ថុ សេវាកម្មជួលរថយន្ត និងឧស្សាហកម្មចំណីអាហារ។ ក្រុមហ៊ុនមានបុគ្គលិកសរុបជាង ៤,០០០ នាក់ ហើយបុគ្គលិកនារីមានចំនួន ១,១៧៨ នាក់ និងបុគ្គលិកជំនាញបច្ចេកទេសមានចំនួន ២,៣០៣ នាក់។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបាននាំចូលនិងចែកចាយផ្តាច់មុខនូវរថយន្តម៉ាកល្បីៗជាច្រើនដូចជា៖ រថយន្តម៉ាក Ford, Jaguar Land Rover, Jeep, RAM, Peugeot, ChangAn, Deepal, Mercedes-Benz, និងរថយន្តដឹកធន់ធ្ងន់ម៉ាក Fuso ជាដើម។
រថយន្ត Ford បានទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកម្ពុជារហូតដល់ដណ្ដើមបានចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមទីផ្សាររថយន្តថ្មី អស់រយៈពេល ៦ ឆ្នាំជាប់ៗគ្នា ដោយគិតចាប់ពីឆ្នាំ២០១៩ មកដល់ពេលបច្ចុប្បន្ន។ក្រុមហ៊ុនបានពង្រីកការវិនិយោគពី ២១ លានដុល្លារអាមេរិក ទៅ ២៦,៨ លានដុល្លារអាមេរិក និងបានពង្រីក ផ្ទៃដីសាងសង់រោងចក្រពី ៥ ហិកតា រហូតដល់ ១២ ហិកតាក្រុមហ៊ុនបានផ្លាស់ប្តូរចង្វាក់ផលិតកម្មពីកម្រិតដំឡើង CKD មក កម្រិត IKD-1 ដែលអាចបង្កើនសមត្ថភាព ផលិតរថយន្តលើសពី ១០,០០០ គ្រឿងក្នុងមួយឆ្នាំ។
ក្រុមហ៊ុនបានជំរុញសេដ្ឋកិច្ចក្នុងខេត្ត និងជួយជំរុញគាំទ្រដោយប្រយោលលើវិស័យសណ្ឋាគារ, ផ្ទះសំណាក់, ផ្ទះជួល, ម្ហូបអាហារ, ភោជនីយដ្ឋាន, ភស្តុភារកម្ម (logistics) ជាដើម។
ក្រុមហ៊ុនបានបញ្ជូនបុគ្គលិកទៅបណ្តុះបណ្តាលនៅក្រៅប្រទេស ហើយនេះជាយន្តការមួយនៃ ការផ្ទេរចំណេះដឹង (Technology transfer) ពីក្រៅប្រទេស មកកាន់ ប្រទេសកម្ពុជា។
លើសពីនេះទៀតក្រុមហ៊ុនក៏បានចូលរួមចំណែកជាច្រើនដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហើយ ក្រុមហ៊ុនក៏ទទួលបានការគាំទ្រពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបង្កើត មជ្ឈមណ្ឌលឧត្តមភាពយានយន្ត (Automotive Center of Excellence) ក្នុងប្រទេសកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយ សាលា Bendigo Kangan Institute Group (BKI) របស់ប្រទេស អូស្ត្រាលី។ តាមរយៈ មជ្ឈមណ្ឌលឧត្តមភាពយានយន្តនេះ នឹងអាចក្លាយជាសាលាមួយទំនើបជាងគេបំផុតនៅ ក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់អាស៊ាន ផងដែរ៕