វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២២ មេសា ២០២៥
អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានអូម៉ង់បានរាយការណ៍ថា ស្តេចស៊ុលតង់នៃប្រទេសអូម៉ង់បានចាកចេញទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ យោងតាមប្រភពខាងលើ ប្រមុខរដ្ឋត្រូវបានអមដំណើរដោយគណៈប្រតិភូជាន់ខ្ពស់ រួមទាំងឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការពារជាតិ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងជំរុញការវិនិយោគ ប្រធានអាជ្ញាធរវិនិយោគអូម៉ង់ និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។ សេវាសារព័ត៌មានរបស់វិមានក្រឹមឡាំងបានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីនឹងជួបពិភាក្សាជាមួយស្តេចស៊ុលតង់នៃប្រទេសអូម៉ង់នៅថ្ងៃអង្គារនេះ។ មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងពិនិត្យឡើងវិញនូវវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ រួមទាំងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងការវិនិយោគ ព្រមទាំងទំនាក់ទំនងវប្បធម៌ និងមនុស្សធម៌ផងដែរ។ យោងតាមទីភ្នាក់ងារសារព័ត៌មានអូម៉ង់ ការពិភាក្សា ក៏នឹងគ្របដណ្តប់លើបញ្ហាក្នុងតំបន់ និងអន្តរជាតិជាច្រើន រួមជាមួយនឹងការសហការគ្នាក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងថាមពល៕