វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាពៈ នៅ សុខរ័ត្ន មន្ទីរព័ត៌មានខេត្តបាត់ដំបង
បាត់ដំបង៖ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំប្រចាំសប្តាហ៍ និងចម្រុះស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក ធូ ភា អភិបាលរងខេត្តបាត់ដំបង លោក សុខ ហ៊ីង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង លោក លោកស្រី អភិបាលរង ក្រុង ស្រុក តំណាងកងកម្លាំងទាំងបីប្រភេទ តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល និងសមាគមក្នុងខេត្តជាច្រើនរូបទៀត។
លោក សុខ ហ៊ីង បានមានមតិស្វាគមន៍ និងប្រកាសបើកអង្គប្រជុំដោយបញ្ជាក់ថា កិច្ចការងារ របស់លេខាធិការដ្ឋានកំពុងបន្តអនុវត្ត ក្នុងសប្តាហ៍កន្លងមក ការចែកលិខិតអញ្ជើញបានអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា រហូតមកដល់ថ្ងៃនេះ គឺជិតចប់ហើយ ក្នុងនោះដែរ លោកមេភូមិបានផ្តល់ការសហការនឹងសម្របសម្រួលជាមួយក្រុមប្រឹក្សាឃុំ ដើម្បីធ្វើយ៉ាងណាឱ្យលិខិតអញ្ជើញបានដល់ដៃប្រជាពលរដ្ឋ ការងារទី២ជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត ដោយធ្វើការជ្រើសរើសបាន ៣៥៩នាក់ ក្នុងនោះស្រី៩១នាក់ ហើយសមាសភាពក្រុម ក.ច.ប ៣៥៩នាក់ទៀត គឺបានគ.ជ.ប ធ្វើសេចក្តីសម្រេចតែងតាំង បានរៀបចំវគ្គបណ្តុះបណ្តាលមន្រ្តី នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោត និងភាគីពាក់ព័ន្ធ កាលពីថ្ងៃទី២១,២២ កន្លងមកនេះ ធ្វើបានល្អប្រសើរ។ លេខាធិការដ្ឋានក៏បានទទួលសម្ភារៈបរិក្ខារឯកសារ សម្រាប់ចុះឈ្មោះពីគ.ជ.ប ផងដែរ ជាពិសេសសម្ភារៈកុំព្យូទ័រ ដោយឆ្នាំនេះ មានការកើនឡើង ដោយសារតែមានការជ្រើសរើស ក.ច.ប នៅតាមឃុំសង្កាត់ ដែលមាន អ្នកបច្ចេកទេសកុំព្យូទ័រពីររូប ត្រូវបន្ថែមម៉ាស៊ីនកុំព្យូទ័រឱ្យបានពីរឈុតសម្រាប់ឃុំសង្កាត់ចំនួន៥ ការងារមួយ ទៀតបានសហការជាមួយក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីបើកដំណើរការការដាក់ ការទទួលពាក្យសុំចុះឈ្មោះគណបក្សនយោបាយ ដើម្បីសង្កេតការចុះឈ្មោះបោះឆ្នោត ហើយមកដល់ថ្ងៃនេះ យើងឃើញថាមានគណបក្សមួយចំនួនតូចបានដាក់ភ្នាក់ងារ តែនៅគណបក្សមួយចំនួនធំមិនទាន់ដាក់ភ្នាក់ងារនៅឡើយទេ។
លោក ធូ ភា បានមានប្រសាសន៍សម្តែងការកោតសរសើរដល់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត អ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីបម្រើការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ ប្រកបដោយភាពជោគជ័យ ក្នុងដំណាក់កាលទី១។ លោកអភិបាលរងខេត្តសង្កេតឃើញថាលទ្ធផលបែងចែកលិខិតអញ្ជើញធ្វើបានជាង៨០% ដំណើរការនៃការប្រព្រឹត្តទៅ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតក្នុងដំណាក់កាលទី១ បានល្អប្រសើរ ហើយសង្ឃឹមថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១ ខែឧសភា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ទទួលបានលទ្ធផលវិជ្ជមាន៕