ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពក្នុងពិធីបើកពិព័រណ៍រថយន្ត (Auto Show) លើកទី១ ឆ្នាំ២០២៤ និង បង្ហាញការគាំទ្រយ៉ាងពេញទំហឹងលើការអនុវត្ត «គម្រោងជីកព្រែកហ្វូណនតេជោ»

វិទ្យុជាតិកម្ពុជា៖

 

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកពិព័រណ៍រថយន្ត (Auto Show) លើកទី១ ឆ្នាំ២០២៤ នៅ ដឹ ព្រេមៀរ សេនធរ សែនសុខ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។ ស្ថិតក្រោមបរិយាកាសប្រកបដោយភាពស្និតស្នាល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ពីភាពសំខាន់នៃការ បើកព្រឹត្តិការណ៍ពិព័រណ៍ក្នុងពេលនេះ ពោលគឺជាការផ្សាភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន តាមរយៈទំនាក់ទំនងបុគ្គល និងបុគ្គល ស្ថាប័ន និងស្ថាប័ន ធ្វើឱ្យមានការរីកចម្រើនពីគ្រប់ភាគីពាក់ព័ន្ធទាំងវិស័យឯកជន ទាំងវិស័យរដ្ឋ និងផ្តល់គុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋទូទៅ។

 

ទន្ទឹមនឹងការលើកឡើងពីសក្តានុពលនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងលើការអនុវត្ត «គម្រោងជីកព្រែកហ្វូណនតេជោ» ដែលជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា និងផ្តល់អត្ថប្រយោជន៍មហាសាលដល់ការគាំទ្រ និងជាការគិតគូរដល់ចរន្តសេដ្ឋកិច្ចពាណិជ្ជកម្ម ជាពិសេសជាផ្លូវទឹកលើវិស័យដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់ក្នុងថ្ងៃអនាគត។

 

ចុងបញ្ចប់នៃសុន្ទរកថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដឹ ព្រេមៀ សេនធ័រ សែនសុខ ផ្តួចផ្តើមរៀបចំធ្វើពិធីនេះ ដើម្បីបង្ហាញពីភាពចម្រុះ និងការវិវឌ្ឍនៃវិស័យយានយន្តក្នុងប្រទេសកម្ពុជា និងជាឱកាសសម្រាប់ក្រុមហ៊ុននាំចូលរថយន្តនានាបានផ្សព្វផ្សាយម៉ាក និងបង្កើនភាពទាក់ទាញ ព្រមទាំងបង្កើតបរិយាកាសស្និទ្ធស្នាលរវាងក្រុមហ៊ុន និងអ្នកប្រើប្រាស់។ បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ការរៀបចំពិពរណ៍នាពេលនេះ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមរបស់ផ្នែកឯកជន ក្នុងការបង្ហាញឱ្យកាន់តែច្បាស់ពីសក្កានុពលនៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសការរីកចម្រើននៃវិស័យយានយន្តនៅកម្ពុជា ដោយសង្ឍឹមថានឹងមានពិធីបែបនេះជាបន្តបន្ទាប់ទៀត។

 

សូមជម្រាបថា កម្មវិធីពិព័រណ៍លើកទី១ ឆ្នាំ២០២៤ រៀបចំឡើងដោយក្រុមហ៊ុន ដឹ ព្រេមៀ សេនធ័រ សែនសុខ និងមានការសហការពីបណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើន ក្នុងការដាក់តាំងបង្ហាញផលិតផល និងសេវារបស់ខ្លួន ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០២៤។9A97EA5A-928E-4CE4-A126-6276F5A39C3ADF24134F-1BA0-4D39-8396-93FE6D54174AAE8F1EA1-9FF9-48AA-98F8-302C1B22B1B3A33C1704-AA45-456B-B925-97A70ADB38D5798E91DC-08F8-4B40-B422-4BBB62989E21

Comments

Related posts