លោក Blinken ប្រាប់មេដឹកនាំអារ៉ាប់ថា សហរដ្ឋអាមេរិកប្រឆាំងនឹងការបណ្ដេញប្រជាជនប៉ាឡេស្ទីន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a5-162

អន្តរជាតិ៖ កាលពីថ្ងៃអាទិត្យលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានធ្វើការធានាមួយចំពោះមេដឹកនាំអារ៉ាប់ថា ទីក្រុងវ៉ាស៊ីនតោនជំទាស់នឹងការបង្ខំបណ្ដេញប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ Gaza និង West Bank ខណៈលោកកំពុងសម្លឹងមើលការចាប់ផ្ដើម កិច្ចពិភាក្សាស្ដីពីអនាគតតំបន់ Gaza នៅក្រោយសង្រ្គាមបញ្ចប់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ តាមសេចក្ដីថ្លែងការណ៍របស់ព្រះបរមរាជវាំងហ្ស៊កដានីជាមួយលោក Blinken អំឡុងកិច្ចពិភាក្សាមួយក្នុងទីក្រុង Amman បានលើកឡើងពីការព្រួយបារម្ភរបស់ហ្ស៊កដានីជុំវិញការបណ្ដេញប្រជាជនប៉ាឡេស្ទីន។ ដោយឡែក នៅក្នុងសន្និសីទសារព័ត៌មានមួយក្រោយជំនួបដាច់ដោយឡែកជាមួយមន្ត្រីជាន់ខ្ពស់កាតាក្នុងទីក្រុងដូហា លោករដ្ឋមន្ត្រីការបរទេសអាមេរិកបានគូសបញ្ជាក់ថា "ជនស៊ីវិលប៉ាឡេស្ទីនត្រូវតែអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបានប្រសិនបើស្ថានការណ៍អំណោយផល"។ លោក Blinken បន្ថែមថាប្រជាជនប៉ាឡេស្ទីនមិនត្រូវរងសម្ពាធ ឬក៏ការបង្ខំបណ្ដេញចេញពីតំបន់ Gaza នោះឡើយ។ គួរបញ្ជាក់ថា លោក Antony Blinken កំពុងស្ថិតនៅក្នុងការធ្វើទស្សនកិច្ចក្នុងតំបន់មជ្ឈិមបូព៌ា ចំពោះមុខភាពភ័យខ្លាចនៃការផ្ទុះរាលដាលសង្រ្គាមចេញពី Gaza ទៅជាសង្រ្គាមក្នុងតំបន់ទាំងមូលក្រោយមេដឹកនាំរងម្នាក់របស់ក្រុមហាម៉ាសត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្ដហោះដ្រូនក្នុងទីក្រុងបេរូត ប្រទេសលីបង់ កាលពីសប្ដាហ៍មុន៕

Comments

Related posts