ក្រុមគ្រូពេទ្យ “កម្មវិធីជាតិសុខភាពភ្នែក” ចុះពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្នុងខេត្តព្រះវិហារ

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ

មន្ទីរសុខាភិបាលខេត្តព្រះវិហារ សហការជាមួយក្រុមគ្រូពេទ្យ របស់កម្មវិធីជាតិសុខភាព ភ្នែក ក្រោមការឧបត្ថម្ភពីមូលនិធិថែទាំភ្នែក ចុះមកពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥត គិតថ្លៃជូនប្រជាពលរដ្ឋ ក្នុងខេត្តព្រះវិហារ ដែលមានបញ្ហាដូចជាភ្នែកឡើងបាយ ទឹកដក់ក្នុងភ្នែក ភ្នែកដុះកន្ទុយថ្លែង និងត្របកភ្នែកធ្លាក់ជាដើម។

ការពិនិត្យ ព្យាបាល និងវះកាត់ជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ធ្វើឡើងរយៈពេល ០៥ថ្ងៃទី ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរ ពេទ្យបង្អែក១៦មករា ស្ថិតក្នុងភូមិសាស្ដ្រភូមិអណ្ដូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

នាយកប្រតិបត្តិមូលនិធិថែទាំភ្នែក (Eye Care Foundation) លោក ចន ស្ដែនវើក (Bjorn Stenvers) បានមានប្រសាសន៍ថា បេសកកម្មដ៏សំខាន់របស់ អាយឃ៊ែរ ដែលបានធ្វើ ឡើងក្នុងពេលនេះ គឺជាកិច្ចការសំខាន់បំផុតសម្រាប់ជួយគាំទ្រ ដល់ការផ្ដល់សេវាពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែក ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ គឺធ្វើយ៉ាងណាផ្ដល់ឱកាសដល់អ្នកមាន បញ្ហាភ្នែក មានលទ្ធភាពទទួលបានការព្យាបាល និងទទួលបានការយល់ដឹងកាន់តែច្រើនថែម ទៀតអំពីរបៀបនៃការថែទាំភ្នែកឱ្យបានត្រឹមត្រូវ ហើយទាំងនេះគឺជាការរួមចំណែកដ៏សំខាន់មួយ ក្នុងការកាត់បន្ថយអត្រាពិការភ្នែកនៅកម្ពុជា ជាពិសេស គឺបានដើរស្របទៅនឹងផែនការយុទ្ធ-សាស្ដ្ររបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ឆ្នាំ២០២៦-២០៣០។

ប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងអំណរគុណ ដល់មូលនិធិថែទាំភ្នែក ដែលកន្លងមករហូតមកដល់បច្ចុប្បន្ន តែងតែសហការណ៍ ក្នុងការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកជូនដល់ប្រជាពលរដ្ឋ និងបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុង ការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សុខុមាលភាព ពិសេសសុខភាពភ្នែក របស់ប្រជាពលរដ្ឋ ក្នុងខេត្តព្រះវិហារ កាន់តែល្អប្រសើរ។  

ជាមួយនេះ លោកវេជ្ជបណ្ឌិត គួង ឡូ បានបញ្ជាក់ថា កន្លងមកអង្គការមូលនិធិថែទាំភ្នែក ក៏ធ្លាប់បានផ្ដល់វគ្គបណ្ដុះបណ្ដាលពីបញ្ហាសុខភាពភ្នែក ដល់គ្រូពេទ្យ នៅតាមមណ្ឌលសុខភាព មួយចំនួនក្នុងខេត្តរួចមកហើយ ប៉ុន្ដែនៅមិនទាន់គ្រប់គ្រាន់នៅឡើយ ហេតុដូច្នេះ លោកក៏បានស្នើ សុំដល់មូលនិធិថែទាំភ្នែក ជួយផ្ដល់វគ្គបណ្ដុះបណ្ដាលមួយចំនួន ដល់មន្ដ្រីសុខាភិបាល និងក្រុម គ្រូពេទ្យឯកទេសភ្នែក រួមនិងសម្ភារៈបរិក្ខា ដើម្បីបំរើដល់ការផ្ដល់សេវាពិនិត្យ ព្យាបាល និងវះកាត់ ជំងឺភ្នែកជូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះដែរ បងប្អូនប្រជាពលរដ្ឋ ក៏បានថ្លែងនូវអំណរគុណដល់ក្រុមគ្រូពេទ្យ របស់ កម្មវិធីជាតិសុខភាពភ្នែក និងមូលនិធិថែទាំភ្នែក ដែលបានគាំទ្រ និងផ្ដល់ការព្យាបាល ជំងឺដោយ ឥតគិតថ្លៃដល់ពួកគាត់ ជាពិសេសអាជ្ញាធរខេត្ត ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋដោយនាំគ្រូពេទ្យចំណានៗ មកព្យាបាលជំងឺដល់ពួកគាត់៕

photo_2024-04-23_16-58-00

photo_2024-04-23_16-58-04

photo_2024-04-23_16-58-07

photo_2024-04-23_16-58-09

Comments

Related posts