ឯកឧត្តមបណ្ឌិត យង់ ពៅ៖ ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ប្រមុខការទូតចិនកម្ពុជាថ្មីៗនេះ គឺនាំមកនូវផ្លែផ្កា និងផលប្រយោជនយ៉ាងច្រើនសម្រាប់ប្រទេសទាំងពីរ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

photo_2024-04-22_19-01-52

          ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានមានប្រសាសន៍នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ ថា ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ លោក វ៉ាង អី (WANG Yi) សមាជិកការិយាល័យនយោបាយ និង ជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែមេសាកន្លងទៅនេះ គឺជាការបំពេញទស្សនកិច្ចនាំមកនូវផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ ក្រោមឆ័ត្រមិត្តភាពដែកថែប កម្ពុជាចិន។

ឯកឧត្តម បណ្ឌិតបញ្ជាក់ថា តាមរយៈការបំពេញទស្សនកិច្ចនេះ កម្ពុជាទទួលបានផលផ្លែផ្កាជាច្រើន ដូចជា៖

ចំណុចទី១៖ បានបញ្ជាក់ជំហរនយោបាយច្បាស់លាស់ រវាងកម្ពុជា-ចិន ជាពិសេសទៅលើ ការកំណត់នយោបាយការបរទេស ដែលគាំទ្រនយោបាយចិនតែមួយ ដូចដែលកម្ពុជាប្រកាន់យកតាំងពីសម័យកាលព្រះបរមរតនកោដ្ឋ រហូតមក គឺក្នុងដំណាក់កាលដំបូងៗកម្ពុជាបានប្រកាន់យកនូវគោលការណ៍បញ្ចសិលា ដែលដាក់ចេញដោយព្រះករុណាព្រះបរមរតនកោដ្ឋ និងលោកជូអីនឡាយ នាឆ្នាំ១៩៥៥ ។  ដែលនេះ យើងប្រកាន់ភ្ជាប់រហូតមកដល់បច្ចុប្បន្ន យើងនៅតែគោរពគោលការណ៍ចិនតែមួយ។ ដែលយើងទទួលស្គាល់ថា មានតែចិនតែមួយ មិនមានតៃវ៉ាន់ ក្នុងទំនាក់ទំនងផ្លូវការជាមួយកម្ពុជាទេ ។ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់នូវចំណុចនេះ ។

ចំណុចទី២៖ កម្ពុជា-ចិនបានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីលទ្ធផល នៃទស្សនកិច្ចនេះ គឺការពន្លឿននូវច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា រួមនិងច្រករបៀងមច្ឆា និងអង្ករជាដើម ។ ក្នុងឱកាសនោះដែរប្រទេសចិនក៏បានប្រកាសទិញដូងស្រស់ពីប្រទេសកម្ពុជា ដែលយើងមានការដាំដុះជាច្រើនរួចមកហើយ។ ដែលនេះជាផ្លែផ្កា នៃដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិននៅកម្ពុជា។

ចំណុចទី៣៖ គឺការពង្រឹងនូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនយោបាយ Belts and roads ផ្លូវ និងខ្សែក្រវ៉ាត ដែលដាក់ចេញដោយលោកប្រធានាធិបតីស៊ីជីងពីង កាលឆ្នាំ ២០១៣មកម៉្លេះ ។ អ៊ីចឹងនេះ ជាការបញ្ជាក់នូវការគាំទ្របន្ថែមទៀត ក្នុងដំណើរបំពេញទស្សនកិច្ចនេះ ។ ហើយយើងរំពឹងថា តាមរយៈនយោបាយនេះ (Belts and roads ) កម្ពុជានឹងទទួលបាននូវការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផ្លូវថ្នល់ ផ្លូវដែក រួមទាំងគម្រោងព្រែកជីក តេជោ ហ្វូណន អីនេះ ! យើងសង្ឃឹមថា លេចរូបរាងឡើងធំៗបន្ថែមទៀត នូវអ្វីដែលទទួលបានផលរួចស្រេចហើយ រួមមាន ព្រលានយន្តហោះ ផ្លូវល្បឿនលឿន ស្ពានថ្នល់ជាច្រើន ដែលបានមកពីការវិនិយោគស្ថិតក្នុងគម្រោងខ្សែក្រវ៉ាត និងផ្លូវ របស់លោកស៊ីជីនពីងនេះ។ ហើយរំពឹងថា ការបំពេញទស្សនកិច្ចដែលមានលក្ខណៈជាប្រវត្តិសាស្ត្រនេះ គឺ នឹងធ្វើឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ធំៗ ជាច្រើនទៀត។

សរុបមកឯកឧត្តម វាយតម្លៃថា ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិននៅកម្ពុជានេះ ពិតជាបាននូវមកនូវវឌ្ឍនភាពដ៏រឹងមាំ ក្នុងទំនាក់ទំនងមិត្តភាពដែកថែបរបស់កម្ពុជាចិន ទាំងលទ្ធផល​កន្លងមក និងទិសដៅអនាគតរបស់ប្រទេសទាំងពីរ ។ ក្នុងនោះយើងក៏អាចនិយាយបានថា ទំនាក់ទំនងកម្ពុជាចិន មិនផ្អែកលើវោហាសាស្ត្ររបស់អ្នកដទៃនោះទេ គឺផ្អែកលើលទ្ធផលពិត ដែលប្រទេសយើងទាំងពីរបានធ្វើជាមួយគ្នា ក្នុងគោលដៅរួមគ្នា នៃការបង្កើតសហគមន៍ជោគវាសនារួម ដែលទាំងអស់នេះ មិនមែនគ្រាន់តែជាសារនយោបាយទេស ក៏ប៉ុន្តែ កម្ពុជា-ចិនបានរំលេចចេញនូវលទ្ធផល ជាក់ស្ដែងរួចស្រេចជាច្រើនមកហើយ ហើយ កម្ពុជាក៏បានទទួលនូវលទ្ធផលទាំងអស់នោះសម្រាប់វឌ្ឍនភាពរបស់ខ្លួន ក៏ដូចជាផលប្រយោជន៍សម្រាប់ប្រជាជន ប្រើប្រាស់ ប្រចាំថ្ងៃសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចផងដែរ៕

photo_2024-04-22_16-27-43 - Copy

240665078_10220541489313308_956262378153312670_n - Copy

 

Comments

Related posts