បទយកការណ៍៖ឈ្វេងយល់ពីកិច្ចប្រជុំសៀមរាបអង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ផលិតដោយ លោកស្រី សន សាវិន    

លោកអ្នកនាង និងប្រិយមិត្តជាទីមេត្រី !

នាចុងខែវិច្ឆិកា ឆ្នាំ២០២៤ ប្រទេសកម្ពុជានឹងរំលេចនូវព្រឹត្តិការណ៍ដ៏ធំមួយនៅខេត្តសៀមរាបក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ “ស្តីពីពិភពលោកមួយដែលគ្មានមីន”។កិច្ចប្រជុំនេះនឹងមាន     គណៈប្រតិភូនៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ចំនួន១៦៤ប្រទេស និងអង្គការអន្តរជាតិនានាជាច្រើនទៀតអញ្ជើញមកចូលរួម។តើមានកត្តាអ្វីខ្លះ ទើបប្រទេសកម្ពុជាយើង ទទួលបានទំនុកចិត្តពីរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឱ្យធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលនេះ?ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងតាមដានបទយកការណ៍របស់វិទ្យុជាតិកម្ពុជាដូចតទៅ៖

    កម្ពុជាជាប្រទេសទី១នៅអាស៊ី ដែលបានធ្វើជាប្រធាននៃអនុសញ្ញាអូតាវ៉ា ប្រឆាំងគ្រាប់មីនក្នុងឆ្នាំ ២០២៤។ក្នុងនាមជាប្រធាននៃអនុសញ្ញាអូតាវ៉ា កម្ពុជាមានភារកិច្ចច្រើនក្នុងការដឹកនាំកិច្ចប្រជុំនានាទាំងក្នុងនិងក្រៅប្រទេសពេញមួយឆ្នាំ២០២៤ ដោយក្នុងនោះកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីននាចុងខែវិច្ឆិកាខាងមុខនេះ។ ឯកឧត្ដមទេសរដ្ឋមន្រ្តី  លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានគណៈកម្មការអន្តរក្រសួង រៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន បានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជាថា ៖កាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ប្រទេសកម្ពុជាត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានអនុសញ្ញាអូតាវ៉ា ដែលការអនុញ្ញាតិនេះ គឺមានគោលដៅបញ្ចប់នូវការឈឺចាប់និងទុក្ខវេទនារបស់ប្រជាពលរដ្ឋពិភពលោក ក៏ដូចជាកម្ពុជា ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម។ឯកឧត្ដមទេសរដ្ឋមន្រ្តីបន្តថា៖ ការបោះឆ្នោតជ្រើសរើសកម្ពុជាធ្វើជាប្រធានអនុសញ្ញាអូតាវ៉ា និងម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយ ដែលគ្មានមីននេះ គឺដោយសារតែកត្តាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់គ្រប់គ្រាន់ទាំងអស់ ហើយដែលពិសេសទៀតនោះ គឺកម្ពុជាបានផ្សព្វផ្សាយទៅពិភពលោកឱ្យដឹងថា កម្ពុជាចប់ពីសង្គ្រាមហើយ មានសន្តិភាព និងប្រជាពលរដ្ឋរស់នៅដោយភាពសម្បូរសប្បាយ។

សំឡេងទី១«លក្ខណៈសម្បត្តិទី១ដែលសំខាន់ជាងគេ ហើយពិភពលោកវាយតម្លៃខ្ពស់នោះ គឺយើងងើបពីស្លាប់ ពីសូន្យ ពីអស់ជីវិតមកមានជីវិតឡើងវិញ ពីផេះនៃសង្គ្រាម មកប្រទេសដែលរស់រានឡើងវិញ ជាប្រទេសដែលមានវប្បធម៌ មានអរិយធម៌ មានប្រពៃណី រុងរឿងលូតលាស់ ដែលធ្វើឱ្យគេ ភ្ញាក់ផ្អើលខ្លាំងណាស់ គេចង់ដឹងខ្លាំង គេសរសើរយើងណាស់ នេះជាចំណុចសំខាន់របស់ប្រទេសយើង។ ដំណើរពីស្លាប់ ពីគ្មានបាយគ្មានទឹក វេទនាសព្វបែបយ៉ាង មកជាប្រទេសមួយដែលរស់រានមានជីវិត ឡើងវិញនិងមានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃ។ ទាំងអស់នេះហើយដែលគេពេញចិត្តពេញថ្លើមចំពោះ ប្រទេសកម្ពុជាយើងណាស់»។

ឯកឧត្ដមទេសរដ្ឋមន្រ្តី  លី ធុជបានលើកឡើងនូវកត្តាសំខាន់ចំនួន២ចំណុចទៀត នោះគឺ ស្ថិរភាពនយោបាយ និងហេដ្ឋារចនាសម្ពន្ធរបស់កម្ពុជា។

សំឡេងទី២«ទី២ កត្តានយោបាយ គឺសន្តិភាពពេញលេញបរិបូណ៌ ពីប្រទេសដែលមាន សង្គ្រាមឈ្លោះ បែកបាក់គ្នា មិនចេះឈប់ជាង៣ទសវត្សរ៍ មកជាប្រទេសដែលគ្មានសង្គ្រាម គ្មានឮអាវុធណាមួយផ្ទុះសោះ ហើយខ្មែរតែមួយគ្រួសាររួមគ្នាទាំងអស់មកជួបជុំគ្នា ការបង្រួបបង្រួមជាតិ នាំមកនូវសន្តិភាព ស្ថិរភាពនេះឯងជាកត្តាសំខាន់ ដែលដឹកនាំដោយសម្ដេចតេជោ និងសម្ដេចធិបតីដែលនឹងបន្តទៅ ៣០-៤០ឆ្នាំខាងមុខទៀត នាំមកនូវការពង្រឹងនិងពង្រីកសន្តិភាព របស់សង្គមយើងតទៅមុខទៀត។ កត្តាទី៣ គឺហេដ្ឋារចនាសម្ពន្ធកម្ពុជាយើងមានគ្រប់គ្រាន់ គឺខាងគណៈកម្មការអូតាវ៉ាគេមកពិនិត្យមើល ៣ទៅ៤ដងហើយ គឺគេមើលឃើញថាយើងមានសណ្ឋាគារប្រភេទផ្កាយ៥ .៤ .និងផ្កាយ៣ច្រើន ដែល មានបន្ទប់គ្រប់គ្រាន់ក្នុងការរៀបចំកិច្ចប្រជុំសំខាន់នេះ ហើយគេមើលព្រលានយន្តហោះ គេមើលម្ហូប អាហារ គេមើលតំបន់ដែលត្រូវទស្សនា ដែលទាំងអស់នេះហើយជាចំចសំខាន់ ដែលគេជ្រើសរើសឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។

កិច្ចប្រជុំកំពូលសៀមរាប-អង្គរ មិនមែនគ្រាន់តែជាកិច្ចប្រជុំប៉ុណ្ណោះទេ វាគឺជាសញ្ញានៃក្តីសង្ឃឹម ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងបណ្ដាអ្នកពាក់ព័ន្ធ ក្នុងការដើរតួនាទីយ៉ាងសំខាន់ចូលរួមជាផ្នែកមួយដ៏ចាំបាច់ឈានទៅសម្រេចនូវទស្សនៈវិស័យរបស់កម្ពុជាដែលបានដាក់ចេញនូវគោលដៅច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាមីនឱ្យអស់ក្នុងឆ្នាំ២០២៥។ឯកឧត្ដមទេសរដ្ឋមន្រ្តី  លីធុជ បានបន្ថែមដូច្នេះថា ៖សំឡេងទី៣«កិច្ចប្រជុំនៅសៀមរាបជាកិច្ចប្រជុំលើកទី១នៅតំបន់អាស៊ីរបស់យើង  អនុសញ្ញាអូតាវ៉ារៀបចំប្រជុំរៀបចំផែនការសកម្មភាព ៥ឆ្នាំទៅមុខទៀត ។កិច្ចប្រជុំនឹងវាយតម្លៃនូវផែនការសកម្មភាព ៥ឆ្នាំមុន ដែលគេប្រជុំនៅប្រទេសន័រវែស។ ចឹងកិច្ចប្រជុំសៀមរាប វាយតម្លៃសកម្មភាពចាស់ ហើយវាយតម្លៃសកម្មភាពថ្មី ដែលយើងហៅថាផែនការសកម្មភាពសៀមរាប-អង្គរនេះ៥ឆ្នាំទៅមុខទៀត នៃអនុសញ្ញាអូតាវ៉ានេះគឺវាសំខាន់ណាស់ ឯកសារហ្នឹងជាឯកសារស្នូល ឯកសារប្រវត្តិសាស្ត្រដែលជាង១៦០ប្រទេស និងបណ្ដាប្រទេសពាក់ព័ន្ធ គេនឹងយកទៅប្រើប្រាស់ជាផ្លូវការតទៅមុខទៀត»។នៅក្នុងកិច្ចប្រជុំដ៏ធំនេះដែរកម្ពុជាត្រៀមសារជាច្រើនដើម្បីបង្ហាញដល់ប្រទេសជាសមាជិក ចំនួន១៦៤ដែលនឹងមកចូលរួម បានឃើញនូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំរំដោះប្រទេសពីសង្គ្រាម មកមានសន្តិភាពឡើងវិញ ខិតខំបោសសំអាតគ្រាប់មីនបានជាច្រើនខេត្ត ឱ្យប្រជាពលរដ្ឋប្រកបការងារកសិកម្មដោយសុវត្ថិភាព។ឯកឧត្ដមទេសរដ្ឋមន្រ្តី  លី ធុជ បានមានប្រសាសន៍បន្តទៀតថា៖ នេះជាវេទិកាធំជាងគេសម្រាប់ប្រទេសកម្ពុជា ព្រោះប្រទេស ទាំងអស់ដែលនឹងមកចូលរួម ពួកគាត់ជាអ្នកចេញការចំណាយទាំងអស់ក្នុងការស្នាក់នៅក្នុងប្រទេសរបស់យើង។

សំឡេងទី៤«អ្វីដែលសំខាន់ជាងគេគឺសាររបស់យើងៗចង់ឱ្យបណ្ដាប្រទេសទាំងអស់ដែលនឹងមកចូលរួមក្នុងវេទិការតែមួយគត់ គឺគេបង់លុយខ្លួនគេ គេជិះយន្តហោះ ស្នាក់នៅ គេបង់លុយខ្លួនគេ ដូច្នេះ យើងយកវត្តមានរបស់គេមកធ្វើអ្វីខ្លះ ដើម្បីជាឧត្ដមប្រយោជន៍ដល់ប្រទេសជាតិយើង ។ ចឹងយើងនឹងផ្សព្វផ្សាយព័ត៌មានវិជ្ជមានពីប្រទេសកម្ពុជា យើងខ្ញុំធ្លាប់មានសង្គ្រាម ឥឡូវកម្ពុជាយើងខ្ញុំមានសន្តិភាពហើយ កម្ពុជាធ្លាប់អសន្តិសុខស្បៀង ឥឡូវមានគ្រប់ហើយ ។ សារសន្តិសុខពិតជាសំខាន់ ដើម្បីអូសទាញឱ្យគេមកលេងប្រទេសយើងកាន់តែច្រើនឡើង ដោយយើងបង្ហាញថាពីប្រទេសដែល ធ្លាប់តែស្រក់ទឹកភ្នែក ប្រែក្លាយមកជាស្នាមញញឹម»។

    ឯកឧត្ដមទេសរដ្ឋមន្រ្តី  លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានគណៈកម្មការអន្តរក្រសួង រៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន បានមានប្រសាសន៍ថា៖ នៅក្នុងរយៈពេលនៃកិច្ចប្រជុំនោះដែរ ប្រទេសកម្ពុជាក៏នឹងមានការរៀបចំតាំងពិព័រណ៍ផលិតផលរបស់ខ្មែរផងដែរ។ ឯកឧត្ដមទេសរដ្ឋមន្រ្តី  លី ធុជ ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធទាំងអស់ជួយផ្សព្វផ្សាយ និងចូលរួមទទួលគណៈប្រតិភូ ដោយក្ដីញញឹម ទាំងអស់គ្នា។

សំឡេងទី៥«អ្វីដែលសំខាន់គឺចង់បញ្ជាក់ដល់បងប្អូនប្រជាពលរដ្ឋជ្រាបថា ប្រទេសកម្ពុជាយើងពិតជាមានភព្វសំណាង យើងមានសន្តិភាពពេញលេញបរិបូណ៌ហើយ ក្មួយៗកូនចៅរបស់យើងរស់នៅ ក្នុងប្រទេសមួយដែលពោរពេញដោយសុភមង្គល សន្តិភាព ។ចឹងនេះជាលក្ខខណ្ឌចាំបាច់ដែលយើងត្រូវទៅបន្ត ឱ្យបាននឹងន៎ ព្រោះយើងបានឃើញប្រទេសដទៃដែលមានសង្គ្រាម គឺយើងគិតដល់ប្រទេសយើង ហើយអ្វីដែលយើងបានឆ្លងកាត់ និងអ្វីដែលយើងត្រូវតែការពារ និងបន្តទៅមុខទៀត ។រាជរដ្ឋាភិបាលបច្ចុប្បន្នដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី គឺខិតខំប្រឹងប្រែងណាស់ រាល់ថ្ងៃរាល់យប់ រាល់ពេល ក្នុងស្រុកក្រៅស្រុក គិតតែឧត្ដមប្រយោជន៍ គិតតែជីវភាពល្អប្រសើរ របស់បងប្អូនប្រជាពលរដ្ឋ            ទេ ។ នៅខាងមុខទៀត ដែលយើងធ្វើជាម្ចាស់ផ្ទះដ៏សំខាន់ យើងខ្ញុំ ស្នើសុំ ឱ្យក្រសួងស្ថាប័នថ្នាក់ក្រោមជាតិ ភាគីពាក់ព័ន្ធទាំងអស់ចូលរួមជាមួយយើងខ្ញុំ ដើម្បីផ្ដល់នូវបដិសណ្ឋារកិច្ចដ៏ល្អប្រសើរ តាមទំនៀមទម្លាប់ប្រពៃណីរបស់ប្រទេសជាតិយើង ដើម្បីឱ្យតំណាងប្រទេសទាំង១៦៤នេះ និងអង្គការធំៗ មកទឹកដីខេត្តសៀមរាបយើង គេអញ្ជើញទៅវិញ គេរីករាយ សប្បាយ ហើយគេនឹងបន្តមកទស្សនាប្រទេសយើងនាពេលក្រោយៗទៀត»។11D0EBF0-DF44-4646-997E-0BDDAD802D90

លោកអ្នកនាងជាទីមេត្រី!

អនុសញ្ញាអូតាវ៉ា ជាអនុសញ្ញាអង្គការសហប្រជាជាតិ (UN) មានសមាជិកចំនួន ១៦៤ប្រទេស និងស្ថាប័នអន្តរជាតិដទៃទៀត ដោយបានចុះហត្ថលេខា និងគាំទ្រលើអនុសញ្ញាអូតាវ៉ានេះ។ កម្ពុជា បានក្លាយជារដ្ឋភាគីមួយនៃអនុសញ្ញានេះ តាំងពីឆ្នាំ២០០០។ ក្នុងនាមជារដ្ឋភាគី កម្ពុជា ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យមីន ដោយកំពុងបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ ពីគ្រប់រដ្ឋភាគី។

កិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ា ត្រូវបានប្រព្រឹត្តទៅជារៀងរាល់៥ឆ្នាំម្តង ហើយកម្ពុជា គឺជាប្រទេសទី៥ នៅលើសកលលោក និងជាប្រទេសដំបូងគេបង្អស់ក្នុងតំបន់អាស៊ី ដែលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំនេះ ។ កិច្ចប្រជុំនេះបានរៀបចំឡើងជាលើកទី១នៅប្រទេសកេនយ៉ា ឆ្នាំ២០០៤ លើកទី២នៅប្រទេសកូឡុំប៊ី ឆ្នាំ២០០៩ លើកទី៣នៅប្រទេសម៉ូហ្សំប៊ិកឆ្នាំ២០១៤ លើកទី៤នៅប្រទេសន័រវេស ឆ្នាំ២០១៩ និងលើកទី៥នៅប្រទេសកម្ពុជា ក្នុងខែវិច្ឆិកាឆ្នាំ២០២៤ ខាងមុខនេះ៕E01F4D08-C5B0-404D-8265-DDB7BFB1CFA611D0EBF0-DF44-4646-997E-0BDDAD802D90B788281C-F6B3-434F-A1A1-898A1BC096EABE2C103C-E1F1-408A-A840-161743E12D1A95126181-F63F-49FA-B75A-283183FBD6CF

Comments

Related posts