ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើសុំឱ្យសហរដ្ឋអាមេរិកបន្តគាំទ្រលើការកសាងសមត្ថភាព ពិសេស ជូនមន្ត្រីក្រោមក្របខណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៥ ៤ ២០២៤

IMG_9400

IMG_9401

IMG_9407-1

IMG_9408-1

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើសុំឱ្យសហរដ្ឋអាមេរិកបន្តគាំទ្រលើការ កសាងសមត្ថភាព ពិសេស ជូនមន្ត្រីក្រោមក្របខណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីជំរុញប្រសិទ្ធភាព ការងារ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និង សហការី ចូលជួបសម្ដែងការគួរសម និងជម្រាបលា មុនពេលឯកឧត្តមឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិ នៅកម្ពុជា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ។
ក្នុងជំនួបនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីនិងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាលើ ប្រធាន បទ​នានា ជាច្រើននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដោយក្នុងនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានមានប្រសាសន៍លើកឡើងអំពី មូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងកម្ពុជា-សហរដ្ឋអាមេរិក ក្រោម ក្របខណ្ឌ កម្មវិធីជំនួយបរទេសនានា (Foreign Assistance) ដូចជាគម្រោង “USAID” ជាដើម ដែលគម្រោងទាំងអស់នេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការងារជាច្រើន ពង្រឹងសមត្ថភាពយុវជន កម្ពុជា ព្រមទាំងអាចរួមចំណែកជំរុញឱ្យកម្ពុជាសម្រេចបាននូវផែនការជាតិឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់ខ្លួនផងដែរ។ 
បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងការកោតសរសើរកម្ពុជា ដោយហេតុថា ស្របពេលដែល ពិភពលោក ស្ថិតក្នុងភាពច្របូកច្របល់នៃស្ថានភាពរបស់ប្រទេសមីយ៉ាន់ម៉ា និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ផងនោះ កម្ពុជាបានរៀបចំយ៉ាងល្អប្រសើរក្នុងការទទួលប្រធានាធិបតី Joe Biden នាពេលកន្លងទៅ ព្រមទាំងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងជូនពរចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបាន សម្រេចជោគជ័យក្នុងការបំពេញបេសកកម្មការងារនៅកម្ពុជា ពង្រឹងទំនាក់ទំនងទ្វេភាគី ព្រមទាំង កិច្ចសហប្រតិបត្តិការនានា និងការចូលរួមក្នុងការកសាងសមត្ថភាពយុវជនកម្ពុជាជាច្រើនផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យសហរដ្ឋអាមេរិកបន្តគាំទ្រ លើការ កសាងសមត្ថភាព ពិសេស ជូនមន្ត្រីក្រោមក្របខណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។ 
បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូតផងដែរ អំពីគម្រោង គោះទ្វារវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីដោយផ្ទាល់ ទៅសហរដ្ឋអាមេរិក ដើម្បីទាក់ទាញវិនិយោគិន ដែលគ្រោងនឹងរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ៕

Comments

Related posts