អនុរដ្ឋមន្រ្តីការពារជាតិរុស្ស៊ីត្រូវបានឃាត់ខ្លួនក្រោមការចោទប្រកាន់អំពើពុករលួយ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_9434-1

IMG_9436

អន្តរជាតិ៖ អនុរដ្ឋមន្រ្តីការពារជាតិរុស្ស៊ីម្នាក់ត្រូវបានឃាត់ខ្លួន ពីបទសង្ស័យទទួលសំណូកទ្រង់ទ្រាយធំ ស្របពេលដែលប្រទេសរុស្ស៊ីបាននិងកំពុងបង្កើនការចំណាយយ៉ាងច្រើនសម្បើមទៅលើវិស័យការពារជាតិចំពោះមុខសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ លោក Timur Ivanov អាយុ៤៨ឆ្នាំ ដែលជាមនុស្សជំនិតយូរមកហើយរបស់លោក Sergei Shoigu រដ្ឋមន្រ្តី ការពារជាតិរុស្ស៊ី ទទួលបន្ទុកមើលការខុសត្រូវលើការងារសាងសង់និងលទ្ធកម្ម សម្រាប់កងកម្លាំង យោធារុស្ស៊ី។ ការចោទប្រកាន់លើរូបលោកពាក់ព័ន្ធទៅនឹងកិច្ចប្រឹងប្រែងសំខាន់មួយរបស់រុស្ស៊ីក្នុងការស្ថាបនាឡើងវិញ នូវទីក្រុង Mariupol របស់អ៊ុយក្រែន ដែលត្រូវរុស្ស៉ីដណ្តើមត្រួតត្រាបានអំឡុងសង្រ្គាម។ លោក Ivanov នឹងត្រូវប្រឈមការជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ។ គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរុស្ស៊ី មួយចំនួនធ្លាប់បានរាយការណ៍ថា លោក Ivanov និងគ្រួសារមានទ្រព្យសម្បត្តិយ៉ាងច្រើនលើសលប់ តាមរយៈការទទួលសំណូកពាក់ព័ន្ធកិច្ចសន្យាផ្សេងៗ ដែលរូបលោកបានផ្តល់ការយល់ព្រម នៅឯក្រសួង ការពារជាតិរុស្ស៊ី។ កាលពីចុងឆ្នាំ២០២២ ក្រុមរបស់អតីតដឹកនាំបក្សប្រឆាំងរុស្ស៊ី លោក Navalny ក៏ធ្លាប់បានអះអាងផងដែរថា ពួកគេមានសារអ៊ីម៉ែលដែលលេចធ្លាយជាច្រើនរបស់ភរិយាលោក Ivanov គឺលោកស្រី Svetlana Maniovich ដែលបង្ហាញអំពីជីវិតរស់នៅមួយ ដែលមានភាពឡូយឆាយខ្លាំង បំផុត លើសពីអ្វីដែលប្រាក់បៀវត្សផ្លូវការរបស់លោកអាចរ៉ាប់រងបាន៕

Comments

Related posts