ភ្នំពេញ៖ ប្រទេសចិនផ្តល់ជំនួយរថយន្តចំនួន៦គ្រឿង និងសម្ភារៈនគរបាលមួយចំនួនតម្លៃ៥លាន យ៉ន់ ដល់ក្រសួងមហាផ្ទៃ ដើម្បីទុកប្រើប្រាស់សម្រាប់បំពេញភារកិច្ច ជាពិសេសធានាសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ។
ពិធីប្រគល់-ទទួលសម្ភារៈនគរបាលដែលជាជំនួយពីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (WANG WENBIN) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថ ភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្ភារៈដែលជាជំនួយរបស់ក្រសួងសន្តិសុខសាធារណៈចិន ផ្តល់ជូនក្រសួង មហាផ្ទៃកម្ពុជា រួមមាន៖ រថយន្តដឹកកងកម្លាំង ចំនួន ៦គ្រឿង, ដំបងរលាស់ ចំនួន ៥០០ដើម, ខែល ចំនួន ៥០០សម្រាប់, ដំបងឆក់ ចំនួន ៥០០ដើម, ឯកសណ្ឋានប្រឆាំងបាតុកម្ម ចំនួន ៥០០កំប្លេ, វ៉ាលីសុវត្ថិភាពការពារថ្នាក់ដឹកនាំ ចំនួន ២០វ៉ាលី និងវ៉ាលីពិនិត្យកន្លែងកើតហេតុ ចំនួន ៣០០វ៉ាលី សរុបជាទឹកប្រាក់ ស្មើនឹង ៥លាន យ៉ន់។
តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែង អំណរគុណដល់រដ្ឋាភិបាល ជាពិសេសឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិនដែលបានផ្តល់ជំនួយដ៏មានសារៈសំខាន់នេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសន្យាថា នឹងប្រើប្រាស់សម្ភារៈទាំង អស់នេះឱ្យចំគោលដៅដើម្បីជាប្រយោជន៍សម្រាប់ប្រជាជន និងសង្គមកម្ពុជាទាំងមូល។
ឯកឧត្តម វ៉ាង វិនពីន (WANG WENBIN) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណ រដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជា ណាចក្រកម្ពុជា មានប្រសាសន៍ថា ការផ្តល់ជំនួយសម្ភារៈនគរបាលដល់ក្រសួងមហាផ្ទៃនៅពេលនេះ នឹងជំរុញឱ្យកិច្ចសហប្រតិបត្តិការប្រទេសយើងទាំងពីរកាន់តែមានភាពរឹងមាំថែមមួយកម្រិតថែមទៀត ។
សូមបញ្ជាក់ថា ប្រទេសចិន និងកម្ពុជាគឺជាមិត្តល្អ អ្នកជិតខាងល្អ ដែលតែងតែគាំទ្រគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ ៕