សម្តេចបវរធិបតីណែនាំឱ្យវិស័យសំណង់ត្រូវធានាគុណភាពសំណង់

Chuon Bona | ថ្ងៃទី 26 ខែ វិច្ឆិកា ឆ្នាំ 2024

សម្តេចបវរធិបតីណែនាំឱ្យវិស័យសំណង់ត្រូវធានាគុណភាពសំណង់

វិទ្យុជាតិកម្ពុជា៖ ២៦ ១១ ២០២៤

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជានៅរសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

   នៅអាណត្តិទី៧ នេះ ក្រសួងបានបន្តពូនជ្រំ និងបន្តនិរន្តរភាពការងារ និងដំណើរការស្ថាប័នជារួម ដោយបានពង្រឹងស្មារតីសតិអារម្មណ៍ ឈរលើគោលការណ៍សាមគ្គីភាព ឯកភាពផ្ទៃក្នុង ដែលជាកត្តា គន្លឹះដើម្បីធានានិរន្តរភាពការងារ ដំណើរ ការស្ថាប័ន កសាងជំនឿ និងទំនុកចិត្តលើការដឹកនាំ ដែល យើងខ្ញុំចាត់ទុកជា “ការរៀបចំផ្ទះសម្បែងឱ្យរៀបរយ” ដែលត្រូវយកជ័យជម្នះឱ្យខាងតែបាន។

ក្រសួងបានប្រកាន់ខ្ជាប់នូវគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ” ក្នុងការបំពេញភារកិច្ច ប្រចាំថ្ងៃ ប្រកបដោយសហថាមពល ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដែលបានផ្តល់ ភាពកក់ក្តៅដល់មន្ត្រីគ្រប់លំដាប់ ថ្នាក់ ក្នុងការប្រមូលផ្តុំកម្លាំងគាំទ្រការអនុវត្តការងារអាទិភាពរបស់ ក្រសួង និងរាជរដ្ឋាភិបាល។

 ការកាត់បន្ថយ និងលុបបំបាត់បញ្ហាចម្រូងចម្រាសក្នុងសង្គម

។បន្ថែមពីនេះទៀតក្រសួងបានកំណត់យក ការចុះបញ្ជីដីបង្ហើយ ក្នុងគោលដៅកែសម្រួលភាពមិនច្បាស់លាស់នៃព្រំកាន់កាប់ និងកាត់បន្ថយវិវាទដីធ្លី ដើម្បីសម្រេចបាននូវការផ្តល់សុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការ កាន់ កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋ ឈានទៅកសាងសង្គមកម្ពុជា ជា ភូមិឋានក្សេមក្សាន្ត។ កន្លងមក ក្រសួងបានវាស់វែងនិងចុះបញ្ជីដីធ្លីចំនួនជាង ៧លាន ៧សែន ក្បាលដី និងបានចេញបណ្ណ ប្រមាណ ៧លានបណ្ណ។ ក្រសួងបានវាស់វែងដីធ្លីបន្ថែមចំនួនប្រមាណ ៣លានក្បាលដី និងចេញបណ្ណបានប្រមាណ ៥៩ម៉ឺនបណ្ណ។ ក្រសួងរំពឹងថាក្បាលដីនៅសេសសល់ប្រមាណ ១,៥លានទៀត អាចត្រូវ បានវាស់វែងបញ្ចប់នាពេលខាងមុខ ដែលកិច្ចការនេះ នឹងជួយឱ្យរដ្ឋអាចប្រមូលចំណូលពន្ធពាក់ព័ន្ធ អចលនទ្រព្យប្រមាណ ២៥០លានដុល្លារ ក្នុងមួយឆ្នាំ។ ការវាស់វែងបញ្ចប់នេះ នឹងអនុញ្ញាតឱ្យយើងអាច រៀបចំប្លង់ព្រំប្រទល់រដ្ឋបាលនិងនាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធនិងទីធ្លាសាធារណៈ ប្លង់គោល ប្រើប្រាស់ដី និងពង្រីកកំណើនជីវភាពប្រជាជនឱ្យកាន់តែប្រសើរឡើង។

បន្ថែមពីនេះទៀត ក្រសួងបាននិងកំពុងដំណើរការវាស់វែង ចុះបញ្ជី និងចេញបណ្ណដីរដ្ឋ និងដីសមូហភាព ដែលកាន់កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, ក្រសួងធនធានទឹកនិងឧតុនិយម, ក្រសួងព្រះបរមរាជវាំង, ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, ក្រសួងសាធារណការនិងដឹកជញ្ជូន, អង្គភាព រដ្ឋតាមបណ្តារាជធានី-ខេត្ត សរុបចំនួន ៥៨,០៦៣ ក្បាលដី ស្មើនឹង ៥៨,០៦៣បណ្ណ ក្នុងនោះក៏មាន ដីតំបន់បឹងទន្លេសាបក្នុងខេត្តទាំង៦, ដីសម្បទានសេដ្ឋកិច្ច និងដីគរុភណ្ឌរបស់វត្ត ផងដែរ។

ក្រសួងបានបង្កើត «មជ្ឈមណ្ឌលប្រជាជន - (People Center)» សម្រាប់ប្រមូលផ្តុំទិន្នន័យគ្រប់ប្រភេទ ដោយបាននិងកំពុងប្រែក្លាយសេវាសាធារណៈប្រមាណ ៤៩៦មុខ ឱ្យដំណើរការតាម ប្រព័ន្ធអនឡាញ ដើម្បីផ្តល់ សេវាគាប់ចិត្ត ឱ្យដល់ដៃអតិថិជនគ្រប់រូប មានភាពងាយស្រួល និងរហ័សទាន់ចិត្ត សំដៅ ពង្រីកបន្ថែមនូវមូលដ្ឋានសេដ្ឋកិច្ច ដើម្បីទ្រទ្រង់ចំណូលចរន្តថវិកាជាតិ និងបង្កើនចំណូលរបស់ប្រជាជន។ ក្នុងឆ្នាំ២០២៣ ចំណូលបានមកពីសេវាសាធារណៈក្នុងវិស័យសំណង់ និងសុរិយោដី ទទួលបានជាង ១៤៦លានដុល្លារ ក្នុងនោះចំណូលពន្ធលើការផ្ទេរអចលនទ្រព្យមានចំនួនប្រមាណ ១០០លានដុល្លារ (ប្រមាណជា ៦៨, ៥%) ។ ចំណូលនេះ នឹងកើនឡើងបន្ថែមទៀត តាមរយៈការធ្វើទំនើបកម្មនៃការផ្តល់ សេវាសាធារណៈតាមប្រព័ន្ធឌីជីថល។ ការងារគ្រប់គ្រង និងដោះស្រាយបញ្ហាប្រឈមក្នុងតំបន់បឹងទន្លេសាប ក្រសួងបានសហការ ជាមួយអាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ដោយបន្តអនុវត្តគោលការណ៍ បែងចែកតំបន់ ស្របតាមការសម្រេចកន្លងមកដែលនៅជាធរមាន និងជំរុញការរៀបចំគោលការណ៍ គ្រប់គ្រងប្រកបដោយសមធម៌ ដើម្បីប្រើប្រាស់ធនធានដីតំបន់២ ប្រកបដោយប្រសិទ្ធភាព និងអភិរក្ស ឱ្យបានដាច់ខាតនូវផ្ទៃដីតំបន់៣ ឈានទៅរក្សាបាននូវសន្តិសុខស្បៀង ធានាគុណតម្លៃសេដ្ឋកិច្ចសង្គម (ប្រមាណ ២០០០លានដុល្លារក្នុងមួយឆ្នាំ) ធានាសុវត្ថិភាព អត្តសញ្ញាណ សក្តានុពលជីវ:ចម្រុះ អាយុជីវិត និងប្រព័ន្ធអេកូឡូស៊ីនៃបឹងទន្លេសាប សម្រាប់ឧត្តមប្រយោជន៍ប្រជាជនគ្រប់រូបនិងតជំនាន់។ ក្រសួង បានបដិសេធរាល់សំណើសុំកាត់ឆ្កៀលដីក្នុងតំបន់៣ មកជាតំបន់២ នៃតំបន់បឹងទន្លេសាប និងប្តេជ្ញា អនុវត្តច្បាប់តឹងរ៉ឹងចំពោះករណីទន្ទ្រានដីរដ្ឋ ជាបន្តទៀត។ ជាក់ស្តែង ក្រសួងបានពន្លឿនការងារវាស់វែង ដីអាស្រ័យផលក្នុងតំបន់២ បានចំនួន ២១៧,៣៣៩ /២៥៤,៥៣៦ ក្បាលដី សម្រេចបានប្រមាណ ៨៥% និងបន្តត្រួតពិនិត្យការអនុវត្តវិធានការការពារតំបន់២ និងតំបន់៣ ជាប្រចាំ៕

សម្តេចបវរធិបតីណែនាំឱ្យវិស័យសំណង់ត្រូវធានាគុណភាពសំណង់