តំណាង ICAPP កោតសរសើរប្រទេសកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់

Chuon Bona | ថ្ងៃទី 22 ខែ វិច្ឆិកា ឆ្នាំ 2024

តំណាង ICAPP កោតសរសើរប្រទេសកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់។ 

 

នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Chung Eui-Yong ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាជិកគណៈប្រតិភូនៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅវិមាន៧មករា។ 

 

ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំបានយ៉ាងល្អប្រសើរនូវមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាជិកគណៈប្រតិភូបានកោតសរសើរប្រទេសកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ខណៈប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់។ ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាជិកគណៈប្រតិភូបានបានចាត់ទុកបទពិសោធន៍អំពីដំណើរការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ នៅកម្ពុជា គឺជាករណីសិក្សាដ៏ជោគជ័យមួយ ដែលគួរត្រូវចែករំលែកដល់ពិភពលោកទាំងមូល។ 

 

ជាការឆ្លើយតប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះ ICAPP ដែលជាអង្គការគណបក្សនយោបាយតំបន់មួយ និងគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ ICAPP នៅក្នុងការតភ្ជាប់ និងកសាងទំនាក់ទំនង ព្រមទាំងកិច្ចសន្ទនា បំពេញបន្ថែមលើយន្តការរដ្ឋាភិបាល ដើម្បីរួមចំណែកដោះស្រាយបញ្ហាសាកល។ សម្ដេចបវរធិបតីបានសង្កត់ធ្ងន់លើតម្លៃនៃសន្ដិភាព និងការផ្សះផ្សាជាតិ ដែលមានសារសំខាន់សម្រាប់ប្រទេសជាតិនីមួយៗ, តំបន់, និងសកលលោក។ ក្នុងន័យនេះ សម្ដេចបវរធិបតី បានចែករំលែកបន្ថែមអំពីបទពិសោធន៍ នៃដំណើរស្វែងរកសន្តិភាព​ និងការផ្សះផ្សាជាតិ នៅកម្ពុជា តាមរយៈនយោបាយ “ឈ្នះ ឈ្នះ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាពពេញលេញ និងផ្ដល់លទ្ធភាពឱ្យកម្ពុជាមានការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ថា ភាពជាអ្នកដឹកនាំ និងការកសាងភាពជឿទុកចិត្ត គឺជាយន្តការគន្លឹះដ៏សំខាន់ ក្នុងការរួមចំណែកស្វែងរកសន្តិភាពពេញលេញ​ នៅកម្ពុជា។

 

សម្ដេចបវរធិបតី និងឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP និងសមាជិកគណៈប្រតិភូ​ ក៏បានពិភាក្សាផងដែរ​ អំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន៕

 

តំណាង ICAPP កោតសរសើរប្រទេសកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់