វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២២ ១១ ២០២៤
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើដល់ធនាគារពិភពលោកឱ្យផ្តោតលើការពង្រីកលទ្ធភាពទទួលបាន ហិរញ្ញប្បទាន តាមរយៈកម្មវិធីហិរញ្ញប្បទានបៃតង សម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីគាំទ្រដល់កំណើនប្រកបដោយចីរភាពនៃវិស័យឧស្សាហកម្មកម្ពុជា។
សំណើនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយគណៈប្រតិភូធនាគារពិភពលោក នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយផ្តោតសំខាន់អំពីការជំរុញបរិវត្តកម្ម ឧស្សាហកម្មបៃតងនៅកម្ពុជា តាមរយៈកម្មវិធីហិរញ្ញប្បទានប្រសិទ្ធភាពថាមពលក្នុងវិស័យឧស្សាហកម្ម (IEEFP) ដែលមានគោលដៅគាំទ្រសហគ្រាសឧស្សាហកម្ម ឱ្យទទួលយកការអនុវត្តប្រកប ដោយប្រសិទ្ធភាពថាមពល។
ឯកឧត្តម ហែម វណ្ណឌី បានសង្កត់ធ្ងន់លើភាពចាំបាច់នៃតុល្យភាពរវាងគោលដៅបរិស្ថាន និងតថភាពសេដ្ឋកិច្ច។ ឯកឧត្តមបានលើកឡើងថា៖ “ឧស្សាហកម្មរបស់កម្ពុជាកំពុងខិតខំអនុលោមតាមលក្ខខណ្ឌតម្រូវកាន់តែខ្ពស់នៃអព្យាក្រឹតភាពកាបូន។ ប៉ុន្តែ បរិវត្តកម្មឧស្សាហកម្មឆ្ពោះទៅរបៀបវារៈបៃតង ក៏ត្រូវតែគិតគូរពីប្រសិទ្ធភាពចំណាយ ដើម្បីធានាបាននូវ ភាពប្រកួតប្រជែង ខណៈដែលកម្ពុជាកំពុងត្រៀមចាកចេញពីឋានៈក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។”
កម្មវិធីហិរញ្ញប្បទានប្រសិទ្ធភាពថាមពលក្នុងវិស័យឧស្សាហកម្មនឹងផ្តល់ឥណទានចំនួន ៣០ លានដុល្លារអាមេរិក ដើម្បីជំរុញ ប្រសិទ្ធភាពថាមពលក្នុងវិស័យឧស្សាហកម្ម។
ធនាគារពិភពលោកបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រដំណើររបស់កម្ពុជាឆ្ពោះទៅបរិវត្តកម្មឧស្សាហកម្មបៃតង និងបានលើកឡើងថា ការបំពេញតាមលក្ខខណ្ឌតម្រូវទីផ្សារអន្តរជាតិកាន់តែមានសារៈសំខាន់ក្នុងការរក្សា និងការទាក់ទាញការវិនិយោគ។
កម្មវិធីហិរញ្ញប្បទាននេះ ក៏នឹងផ្តល់ការកសាងសមត្ថភាពដល់ភាគីពាក់ព័ន្ធ រួមទាំងមន្ត្រីជំនាញនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងរ៉ែ និងថាមពល ព្រមទាំងលើកកម្ពស់ការធ្វើអធិការកិច្ចថាមពល និងការអភិវឌ្ឍក្របខណ្ឌច្បាប់សម្រាប់ឧស្សាហកម្មបៃតងផងដែរ៕