វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៣ មីនា ២០២៥
អន្តរជាតិ៖ អ្នកនាំពាក្យក្រុមហាម៉ាស់បានស្វាគមន៍ចំពោះសុន្ទរកថានាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាម៉េរិក Donald Trump ដែលគាត់ហាក់ដូចជាងាកចេញពីគំនិតរបស់គាត់ក្នុងការផ្លាស់ទីលំនៅអ្នកស្រុកហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោក Hazem Qassem អ្នកនាំពាក្យក្រុមនេះបាននិយាយថា "ប្រសិនបើប្រធានាធិបតីអាម៉េរិកលោក Trump ពិតជាបានបោះបង់ចោលគំនិតនៃការជម្លៀសប្រជាជនហ្គាហ្សាចេញពីតំបន់នោះ វាពិតជាល្អណាស់។ លោកបានបន្តថា សេតវិមានមិនគួរគាំទ្រ "អ្នកនយោបាយស្តាំនិយម" នៅក្នុងប្រទេសអ៊ីស្រាអែល ជុំវិញអនាគតនៃតំបន់ហ្គាហ្សានោះទេ។ ការអត្ថាធិប្បាយនេះបានធ្វើឡើងបន្ទាប់ពីលោក Trump បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអៀរឡង់ថា គ្មាននរណាម្នាក់នឹងបញ្ជូនជនជាតិប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សានោះទេ។ កាលពីថ្ងៃទី៤ ខែកុម្ភៈ លោក Trump បានប្រកាសជាលើកដំបូងថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាលើកម្មសិទ្ធិរយៈពេលវែងទៅលើតំបន់ហ្គាហ្សាស្ទ្រីប និងការតាំងទីលំនៅថ្មីរបស់ប៉ាឡេស្ទីនពីតំបន់ជុំវិញទៅកាន់ប្រទេសផ្សេងទៀតនៅក្នុងតំបន់។ គួរបញ្ជាក់ថា សំណើរបស់លោក Trump បានរងការរិះគន់មិនត្រឹមតែពីក្រុមហាម៉ាសប៉ុណ្ណោះទេ ប៉ុន្តែក៏មានពីមេដឹកនាំអារ៉ាប់ និងអ៊ីរ៉ង់ផងដែរ។ កាលពីដើមខែកុម្ភៈ អេហ្ស៊ីបបានប្រកាសថា ខ្លួននឹងរៀបចំផែនការផ្ទាល់ខ្លួនរបស់ខ្លួនសម្រាប់ការកសាងតំបន់ហ្គាហ្សាឡើងវិញ ដែលមិនពាក់ព័ន្ធនឹងការតាំងទីលំនៅថ្មីរបស់ប៉ាឡេស្ទីន។ ផែនការនេះត្រូវបានបង្ហាញដល់កិច្ចប្រជុំកំពូលរបស់សម្ព័ន្ធអារ៉ាប់ កាលពីថ្ងៃទី៤ ខែមីនា ដែលវាត្រូវបានអនុម័តជា
ឯកច្ឆ័ន្ទ៕