វិទ្យុជាតិកម្ពុជា ឈួន សំអាត ១៨-០៣-២០២៥
ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីទី១៧ ខែមីនា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារ ជាមួយ ឯកឧត្ដម David Lammy រដ្ឋមន្រ្តីក្រសួងការបរទេស នៃចក្រភពអង់គ្លេស ដើម្បីចែករំលែក និងផ្លាស់ប្ដូរបទពិសោធការងារលើការកែលម្អ ការថែទាំជំនួស កាត់បន្ថយចំនួនមណ្ឌល កាត់បន្ថយចំនួនកុមាររស់នៅក្នុងមណ្ឌលថែទាំ និងលើកកម្ពស់ការថែទាំកុមារនៅតាមគ្រួសារក្នុងសហគមន៍។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកនូវព័ត៌មានអំពីការអភិវឌ្ឍប្រទេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងភាពស្វាហាប់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ រាជរដ្ឋាភិបាលអាណត្តិទី៧ បានបន្តលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស និងសុខុមាលភាពរបស់ពលរដ្ឋតាមរយៈការបន្តជំរុញការអភិវឌ្ឍប្រព័ន្ឋគាំពារសង្គមឱ្យកាន់តែរឹងមាំ និងមានភាពធន់ ដែលជាអាទិភាពមួយកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺផ្តោតលើការបន្តអភិវឌ្ឍប្រព័ន្ឋគាំពារសង្គម តាមអភិក្រមហានិភ័យនៃវដ្តជីវិត ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់”។ ក្នុងក្របខ័ណ្ឌកិច្ចការពារកុមារ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាបានដាក់ឱ្យអនុវត្តនូវច្បាប់ គោលនយោបាយ និងផែនការសកម្មភាពជាតិនានា ក្នុងនោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានការប្តេជ្ញាខ្ពស់ និងដាក់ចេញនូវគោលនយោបាយ និងកម្មវិធីជាក់លាក់ ដើម្បីកែលម្អការថែទាំជំនួស ការកាត់បន្ថយចំនួនមណ្ឌល និងចំនួនកុមាររស់នៅក្នុងមណ្ឌលថែទាំ និងលើកកម្ពស់ការថែទាំនៅតាមគ្រួសារនៅក្នុងសហគមន៍។
ជាមួយនឹងកម្មវិធីកំណែទម្រង់ការងារថែទាំជំនួសនេះសម្រេចបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះមណ្ឌលថែទាំកុមារត្រូវបានកាត់បន្ថយពី៤០៦មណ្ឌល នៅឆ្នាំ២០១៥ មកនៅត្រឹម ១៦៤មណ្ឌល នៅឆ្នាំ២០២៤ ដែលចំនួនកុមារបានថយចុះពីប្រមាណ១ម៉ឺន៦ពាន់នាក់ មកត្រឹម ជាង៤ពាន់នាក់។
ឯកឧត្តម David Lammy បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ចំពោះជំនួបពិភាក្សានិងការចែករំលែកបទសោធការងារពាក់ព័ន្ធកិច្ចការពារកុមារ។ ឯកឧត្តមបានសម្តែងនូវការកោតសរសើរចំពោះសមិទ្ធផលនៃការអនុវត្តកម្មវិធីថែទាំជំនួសចំពោះកុមារនៅក្នុងគ្រួសារ របស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអង់គ្លេសបាននិងកំពុងដឹកនាំយុទ្ធនាការកាត់បន្ថយមណ្ឌលថែទាំកុមារនៅលើពិភពលោក និងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការមកទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីការងារ និងបទសោធពាក់ព័ន្ធនឹងការលើកកម្ពស់ការថែទាំជំនួសចំពោះកុមារនៅក្នុងគ្រួសារ ដែលឈានទៅកាត់បន្ថយមណ្ឌលថែទាំ៕