វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តកាកែវ
តាកែវ៖ ថ្លែងក្នុងឱកាសសម្ភោធសមិទ្ធផល និងស្រោចស្រពសុគន្ធវារីប្រគេន ព្រះអង្គគ្រូជោតធម្មោ ណេន មីហួយ នៅវត្តចុល្លវ័ន (ហៅព្រៃអារ) ឃុំខ្វាវ ស្រុកសំរោង នៅថ្ងៃ សៅរ៍ ទី ៥ខែ មេសា ឆ្នាំ ២០២៥នេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថា សុខសន្តិភាពគឺជាកត្តាចម្បងនិងមិនអាចខ្វះបានក្នុងការកសាងសមិទ្ធផលនានារួមទាំងវត្តអារាមដែលជាទីសក្ការៈរបស់បងប្អូនប្រជាពលរដ្ឋផង។
ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងពិធីសម្ភោធសមិទ្ធផលនានានោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍បន្តថា ពិធីដែលយើងកំពុងប្រារព្ធនាពេលនេះ គឺកើតចេញពីសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះធ្វើឱ្យវិស័យពុទ្ធសាសនាមានការរីកចម្រើនដូចសព្វថ្ងៃ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីការបោះឆ្នោតគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋបានខិតខំកសាងសម្រេចបាននូវសមិទ្ធផលនិងស្នាដៃជាច្រើនជូនម្ចាស់ឆ្នោតនិងជូនប្រទេសជាតិហើយជាពិសេសទៅទៀតនោះ រាជរដ្ឋាភិបាលបានថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានយ៉ាងល្អប្រសើរដែលធានាដល់ការរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ក៍បានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋខិតខំថែរក្សាវប្បធម៌ប្រពៃណីពីបុរាណរបស់ខ្មែរដែលជាអត្តសញ្ញាណជាតិឱ្យបានគង់វង្សយូរអង្វែងតទៅ ជាពិសេសត្រូវខិតខំអប់រំកូនចៅរបស់ខ្លួនឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីចូលរួមអភិវឌ្ឍន៍និងកសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀតនៅពេលអនាគត៕