វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៤,០៤,២០២៥
MC៖ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានមកលេងកម្សាន្តព្រឹត្តិការណ៍អង្គរសង្ក្រាន្តប្រកបដោយភាព សប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៥ ដែលមានកម្មវិធីទស្សនីយភាព កម្សាន្តសប្បាយជាច្រើន ។
នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៥ នាខេត្តសៀមរាប មានមហាជនយ៉ាងច្រើន កុះករ បានអញ្ជើញមកលេងកម្សាន្ត ទស្សនា កម្មវិធីនានាក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ប្រកបដោយភាព សប្បាយរីករាយយ៉ាងក្រៃលែង ។
កញ្ញា ស្រីវន្ត ជាភ្ញៀវទេសចររស់នៅខេត្តបន្ទាយមានជ័យ ដែលបានមកលេងកម្សាន្តនៅព្រឹត្តិការណ៍ អង្គរសង្ក្រាន្តនៅមុខបរិវេណប្រាសាទអង្គរវត្ត បានប្រាប់អ្នកសារព័ត៌មានវិទ្យុជាតិកម្ពុជាថា ឆ្នាំនេះ កញ្ញាបានឃើញមានការរៀបចំតុបតែងលម្អយ៉ាងស្រស់ស្អាត ប្លែក និងធំជាងឆ្នាំមុនៗ ដោយឃើញមាន កម្មវិធីកម្សាន្តសប្បាយ ដូចជា៖ ការសម្តែងទស្សនីយភាព, ចង្វាក់បេះដូងអង្គរ, កម្មវិធីភូមិខ្ញុំ, កម្មវិធីការប្រកួតអុកចត្រង្គ, កម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ត, បណ្តែតគោម , កម្មវិធីយុទ្ធគុនចម្រុះបុរាណខ្មែរ, កម្មវិធីរបាំបុរាណ ប្រពៃណី និងប្រជាប្រិយ, កម្មវិធីសួនញញឹមអង្គរ, កម្មវិធីដង្ហែក្បួនទូក , កម្មវិធីតស់ៗលេងទឹក,ភូមិត្នោត , ពិធីដង្ហែព្រះពុទ្ធបដិមា, អុំទូក ,ការតាំងពិព័រណ៍ , ល្ខោនខោល , ទាញព្រ័តមិត្តភាព , កម្មវិធីសួនមុនីហឫទ័យ, កម្មវិធីផ្សារស្ទឹងសៀមរាប, កម្មវិធីប្រណាំងរទេះគោ-ក្របី និងពិធីស្រង់ព្រះ ជាដើម ។ សម្រាប់កញ្ញាផ្ទាល់ឃើញថា ព្រឹត្តិការណ៍នេះពិតជាអស្ចារ្យ ហើយមានរំលេច នូវកម្មវិធីបុរាណជាច្រើនបែបនេះ គឺជាការបង្ហាញ ក៏ដូចជាដាស់តឿនស្មារតីទៅដល់ប្រជាពលរដ្ឋ ជាពិសេស គឺយុវជនជំនាន់ក្រោយ ឱ្យបានឃើញពីវប្បធម៌ប្រពៃណីដ៏ផូរផង់របស់កម្ពុជា ។
«ឃើញថា ព្រឹត្តិការណ៍នេះ នឹងជួយបានច្រើន ជាពិសេសបង្ហាញទៅក្មេងជំនាន់ក្រោយ បានឃើញនិងមើលឃើញថានេះគឺជាគំរូល្អ។ សម្រាប់ខ្ញុំគឺមានអារម្មណ៍រំភើបដែលឃើញបងៗរាំលេងកម្សាន្ត ក៏ដូចជាបង្ហាញទស្សនីយភាព បែបបុរាណខ្មែរ ហើយក៏សូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ មកលេងកម្សាន្ត អង្គរសង្ក្រាន្តឲ្យបានច្រើនកុះករ ដើម្បីជួយលើកស្ទួយវប្បធម៌ខ្មែរ ហើយរួមគ្នាស្រឡាញ់សម្លៀកបំពាក់ខ្មែរ ឲ្យបានច្រើន»។
សូមបញ្ជាក់ថា គោលបំណងនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត គឺដើម្បីប្រមូលផ្តុំជួបជុំយុវជននិងមហាជន ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជា« មហាគ្រួសារខ្មែរ » និងជាការបង្ហាញ ស្នាមញញឹមដ៏ស្រស់ស្អាតរបស់ប្រជាជនខ្មែរ ទៅកាន់ពិភពលោក ៕