« អបអរសាទរព្រឹត្តិការណ៍អង្គរសង្កាន្តឆ្នាំ២០២៥ »

Narith | ថ្ងៃទី 15 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោកអេង យូ ថ្ងៃទី១៥   ខែមេសា ឆ្នាំ២០២៥

MC. ដើម្បីចូលរួមអបអរសា ទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក  ព.ស.២៥៦៨ ឈានចូល ព.ស.២៥៦៩ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ ដោយនាំមកនូវទស្សនីយភាពដ៏អស្ចារ្យ និងសប្បាយរីករាយលើសពីឆ្នាំមុនៗ ជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ព្រមទាំងទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងមកកម្សាន្តសប្បាយ និងចូលរួមអបអរសាទរព្រឹត្តិការណ៍អង្គរសង្កាន្តឆ្នាំ២០២៥។

ឆ្នាំ២០២៥នេះ ជាឆ្នាំទី១២ហើយ ដែលព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានរៀបចំឡើង ក្នុងគោលបំណង ជួបជុំយុវជន និងមហាជន ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរ។ បន្ថែមពីនេះ អង្គរសង្រ្កាន្ត ក៏មានគោលបំណង រម្លឹក និងធ្វើឱ្យរស់រវើកឡើងវិញនូវ“មរតកបេតិកភណ្ឌអរូបី នៅលើទីតាំងនៃមរតកបេតិកភណ្ឌរូបី” ដែលធ្វើឱ្យ“អង្គរមានជីវិត” ជាពិសេសនោះ គឺផ្តល់ឱកាសឱ្យយុវជន ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឈ្វេងយល់ និងទទួលបានបទពិសោធ បន្ថែមអំពី ភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែប នៃវប្បធម៌ អរិយធម៌ខ្មែរ ក៏ដូចជា ផ្តល់ឱកាសឱ្យពាណិជ្ជករ សហគ្រិន អាជីវករ ផលិតផលពាណិជ្ជកម្ម សិប្បកម្ម និងសេវាកម្ម នានា ទទួលបានប្រយោជន៍ធុរកិច្ច ពីកំណើនទេសចរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានថ្លែង ថា៖ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥នេះ គឺកាន់តែមានភាពលេចធ្លោ និងទាក់ទាញជាងមុន ដើម្បីបង្កលក្ខណៈសប្បាយ រីករាយ ដល់ពលរដ្ឋនិងភ្ញៀវទេសចរ ជាពិសេសបានឈ្វេងយល់ពីមរតកវប្បធម៌ទាំងរូបិ និងអរូបិ នៅលើទឹកដីអច្ឆិរយៈអង្គរ។ នេះគឺជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់រូប។
សំឡេង០១៖ប្រាកដណាស់ ក្រោយពេល១២ឆ្នាំហើយ គឺយើងត្រូវខំប្រឹងប្រែង ធ្វើយ៉ាងណាឱ្យភាពទាក់ទាញនៅតែមាន ភាពដែលមានប្រែប្រួលខុសពីលើកមុនៗ ដើម្បីធ្វើយ៉ាងណារឹតតែប្រសើរឡើង ដើម្បីទាក់ទាញនូវការអញ្ជើញចូលរួមរបស់ពុកម៉ែបងប្អូន។
ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ នៃព្រឹត្តការណ៍អង្គរសង្ក្រាន្ត បានឱ្យដឹងថា៖ សង្រ្កាន្តមិនត្រឹមជាព្រឹត្តិការណ៍វប្បធម៌ ហើយក៏មិនត្រឹមតែជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាស្មារតីរួបរួម និងជានិមិត្តរូបនៃភាពរុងរឿង នៅលើទឹកដីសុវណ្ណភូមិ ដែលមានពង្សាវតារយូរលង់ណាស់មកហើយ។ឯកឧត្តមថា៖ អង្គរសង្រ្កាន្តឆ្នាំ២០២៥ រៀបចំឡើងក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»ដែលពង្រីកទីតាំង បន្ថែមកម្មវិធីថ្មីៗក្នុងន័យលើកស្ទួយវប្បធម៌ជាតិ ឱ្យសាធារណជនបាន ស្គាល់និងទស្សនា។
 ចំពោះទីតាំងនៃការប្រារព្ធព្រឹត្តិការណ៍អង្គរសង្រ្កាន្ត យើងមានដល់ទៅ៦ទីតាំង មាននៅមុខប្រាសាទអង្គរវត្ត សួនច្បារព្រះរាជដំណាក់ ដងស្ទឹងសៀមរាប King’s Road, Pub street និងអង្គរឃ្យុងយូផងដែរ។ ឆ្នាំនេះយើងមានកម្មវិធីធំចំនួន៣៨ធំៗ យើងមានក្រុមការងារ៣៤ ក្រុមការងារ យុវជនស្ម័គ្រចិត្តជាង៥ពាន់នាក់ នេះខ្ញុំមិនទាន់បានរាប់បញ្ជូលកងកម្លាំងរក្សាសុខសុវត្ថិភាព នេះបងៗអាចសាកស្រមៃថា ទំហំប៉ុណ្ណា រីកលូតលាស់ប៉ុណ្ណា អាចស្រមៃបាន។
ចំណែកការរៀបចំតុបតែង លម្អនៅតាមទីតាំងប្រារព្ធពិធីនីមួយៗស្របតាមរចនាបថខ្មែរ យ៉ាងស្រស់ស្អាត ជាពិសេស ទីកន្លែងទទួលទេវតាឆ្នាំថ្មី ត្រូវបានរៀបចំតាមប្រពៃណី។ រីឯតួអង្គនិមិត្តរូបព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ មានឈ្មោះថា បងសោភ័ណ អូនសោភា  ហើយមានក្បាច់ភ្ញីវល្លិ នៃអង្គរសង្រ្កាន្ត គឺយកចេញពីសៀវភៅមហាសង្ក្រាន្តមក   ដោយយក ពណ៌កាប់ស្តាំង ពណ៌ដីលែង ពណ៌ទឹកមាស និងផ្កាអង្គាបុស្ប ដែលជាពណ៌ទិដ្ឋភាពរួមនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

ឯកឧត្តម សុខ សប្បាយណាបានបន្តទៀតថា៖ ទីតាំងភូមិខ្ញុំ បានផ្លាស់ប្តូរពីប្រាសាទបាយ័ន មកខាងមុខប្រាសាទអង្គរ ដោយបានពង្រីកទំហំនិងទីតាំង មានរហូតដល់៧តំបន់ មានផ្ទះភ្លេងខ្មែរ ផ្ទះនំខ្មែរ ផ្ទះសិប្បកម្ម ផ្ទះសេដ្ឋី មានឆាកធំ មានសាលាឆទាន និងផ្សារជាដើម។ កម្មវិធីថ្មីមួយ ទៀតគឺការសម្តែងសិល្បៈទស្សនីយភាព “ចង្វាក់បេះដូងអង្គរ” ដែលជាការផ្តល់បទពិសោធន៍ថ្មី និងឱកាសដល់សាធារណជន អាចចូលរួមទស្សនាការសម្តែងក្នុងបរិវេណនៃប្រាសាទអង្គរវត្ត (បណ្ណាល័យខាងត្បូងនៃប្រាសាទអង្គរ) រយៈពេល ៣យប់។ ភូមិត្នោត មានទីតាំងនៅបរិវេណត្រពាំងសេស ដោយមានការប្រមូលផ្តុំ បង្ហាញនូវផលិតផលនានាចេញពីដើមត្នោត រាប់តាំងពីស្លឹករហូតដល់ដើម។ ភូមិវិចិត្រករឯក បានប្រែមកជាភូមិរចនា ក៏មានទីតាំងនៅខាងប្រាសាទអង្គរដដែល តែបន្ថែមការប្រមូលផ្តុំនូវចម្លាក់ស្មិត និងគំនូរយ៉ាងល្អឯកមកតាំងបង្ហាញនៅទីនោះ។ រួមជាមួយកម្មវិធីកម្សាន្តសប្បាយ ប្រពៃណីជាច្រើនទៀត លាតសន្ធឹង តាំងពីមុខប្រាសាទអង្គរវត្ត ដល់តំបន់ផាប់ស្រ្ទីត។ 

 យើងក៏បានគិតគូរពីការរៀបចំតុបតែងឱ្យបានល្អជាងមុន ឱ្យមានភាពទាក់ទាញជាងមុន យើងក៏បានគិតគូរបន្ថែមពីសន្តិសុខសណ្តាប់ធ្នាប់ ពាក់ព័ន្ធនិងចរាចរណ៍របស់មហាជន និងចំណតម៉ូតូ និងឡានផងដែរ។ យើងក៏បានគិតគូរបន្ថែមពីសុវត្ថិភាព និងសុខភាព មានស្តង់ពេទ្យបន្ថែមផងដែរ យើងមានទាំងក្រុមអនាម័យ ដោយសហការជាមួយទាំងសាលាខេត្តសៀមរាប ទាំងអាជ្ញាធរជាតិអប្សរា យើងមានរហូត ដល់៤៩៤នាក់ ចែកចេញជា៣វេន។  

សូមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ បានបង្កើតឡើងនៅឆ្នាំ២០១៣ គឺជាគំនិតផ្ដួចផ្ដើមឡើងរបស់ លោកជំទាវ ហ៊ុន ម៉ាណា ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. គឺជាអ្នករៀបចំនិងប្រតិបត្ដិជាផ្លូវការ។ បើទោះបីព្រឹត្តិការណ៍សង្រ្កាន្ត ត្រូវបានរៀបចំនៅទូទាំងប្រទេស ប៉ុន្តែការរៀបចំអង្គរសង្រ្កាន្ត គឺជាជម្រើសមួយទៀត សម្រាប់ពលរដ្ឋដែលចង់ចូលមកលេងកម្សាន្តជាក្ខណៈមហាគ្រួសារខ្មែរ មិនមែនរៀបចំឡើង ដើម្បីប្រកួតប្រជែងឬដណ្តើមចំនួនទេសចរនោះឡើយ៕