វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៧ ០៤ ២០២៥)
ភ្នំពេញ៖ រយៈពេល៣ថ្ងៃ មានប្រជាពលរដ្ឋរួមជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ប្រមាណជិត៣លាននាក់ បាននាំគ្នាមកលេងកម្សាន្ត យ៉ាងសប្បាយរីករាយ នៅតំបន់ត្រជាក់ចិត្ត "សង្ក្រាន្តវត្តភ្នំ" ២០២៥ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ជាមួយនឹងការការពារសន្តិសុខ និងរៀបចំសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ។
បើយោងតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាយប់ថ្ងៃទី១៦ មេសា២០២៥ ឱ្យដឹងថា នៅថ្ងៃទី៣ ជាថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន១លាន៥សែននាក់ បាននាំគ្នាមកលេងកម្សាន្ត នៅតំបន់ត្រជាក់ចិត្ត «សង្ក្រានវត្តភ្នំ២០២៥» និង នៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេក្រោមកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់របៀបរាបរយបានយ៉ាងល្អ ពីសំណាក់សមត្ថកិច្ច និងអាជ្ញាធររាជធានីភ្នំពេញ។
លោកស្រី អ្នកនាំពាក្យបានបន្តឱ្យដឹងទៀតថា កាលពីថ្ងៃទី២ វារៈវ័នបតនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំត្រូវថ្ងៃ ទី១៥ ខែមេសា ឆ្នាំ ២០២៥ មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងបរទេសចំនួន៨០ម៉ឺននាក់ នាំគ្នាមកលេងកម្សាន្តនៅតំបន់ត្រជាក់ចិត្ត «សង្ក្រានវត្តភ្នំ២០២៥»និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេ។ ដោយឡែកនៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានប្រជាពលរដ្ឋ និងភ្ញៀវជាតិនិងអន្តរជាតិ សម្រុកមកលេងកម្សាន្តសប្បាយនៅតំបន់ត្រជាក់ចិត្ត «សង្ក្រានវត្តភ្នំ២០២៥» និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេ ប្រមាណ៤៨ម៉ឺននាក់ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២៥។
លោកស្រីដោ សម្ផស្ស បានគូសបញ្ជាក់ថា "ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តនៅតំបន់ត្រជាក់ចិត្តសង្ក្រានវត្តភ្នំ២០២៥ មានការកើនឡើងរាល់ថ្ងៃ ដោយកាលពីថ្ងៃទី១តែចំនួន៤៨ម៉ឺននាក់ទេ ហើយថ្ងៃទី២កើនដល់ចំនួន៨០ម៉ឺននាក់ និងនៅថ្ងៃទី៣កើនដល់ចំនួន១លាន៥សែននាក់ ហើយនេះមិនបានរាប់បញ្ចូលសង្ក្រាន តាមសាលាខណ្ឌទាំង១៤ និងនៅតាមវត្តអារាម និងតំបន់ទេសចរផ្សេងទៀតនោះទេ"។
ក្នុងរយៈពេលបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានចូលរួមលេងកម្សាន្ត ជាមួយប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ លេងនៅសង្ក្រាន្តវត្តភ្នំ និងនៅដឹកនាំបញ្ជាកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរក្នុងកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរផងដែរ៕