អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់បំផុត លើការចរចាពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក

Narith | ថ្ងៃទី 17 ខែ មេសា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៧ ០៤ ២០២៥)

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ច សម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាមេរិក ជួបប្រជុំទ្វេភាគី តាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត Jamieson Greer ប្រធាន តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលជាការឆ្លើយតបទៅនឹងលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបង្ហាញសុច្ឆន្ទៈ សុំបើកការចរចាពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥បានឱ្យដឹងថា នាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ច សម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាមេរិក ជួបប្រជុំទ្វេភាគី តាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត Jamieson Greer ប្រធាន តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក។
កិច្ចប្រជុំនេះ ជាការឆ្លើយតបទៅនឹងលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូន ឯកឧត្តមប្រធានាធិបតី Donald J. Trump ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដែលបានបង្ហាញសុច្ឆន្ទៈ សុំបើកការចរចាពាណិជ្ជកម្ម ជាមួយសហរដ្ឋអាម៉េរិក។
នៅក្នុងជំនួបខាងលើនេះ ភាគីទាំងពីរបានពិភាក្សា លើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងបានផ្តល់ សារៈសំខាន់លើឆន្ទៈ ក្នុងការចូលរួមកិច្ចសន្ទនាដោយបើកទូលាយ និងស្មារតីស្ថាបនា ដែលជាមូលដ្ឋានដើម្បីបន្ត ការចរចាឆ្ពោះទៅសម្រេចឱ្យបាន នូវទំនាក់ទំនងពាណិជ្ជកម្មដោយសមធម៌ និងតុល្យភាព។ ភាគីទាំងពីរបានឯកភាព បន្តការពិភាក្សាក្នុងអំឡុងពេលឆាប់ៗខាងមុខនេះ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ចាក់ថា "រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី នឹងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត"៕

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់បំផុត លើការចរចាពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក