អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បញ្ជាក់ជាថ្មី ពុំមានរៀបចំឱ្យមានការជួបជុំលេង សង្ក្រាន្តវត្តភ្នំ បន្ថែមនៅថ្ងៃ១៧នេះទៀតទេ

Narith | ថ្ងៃទី 18 ខែ មេសា ឆ្នាំ 2025

 

 

វិទ្យុជាតិកម្ពុជា  រ៉ាត់ សុវណ្ណ

 

ភ្នំពេញ៖ បន្ថែមលើសេចក្តីជូនដំណឹង ស្តីពីការរៀបចំសង្ក្រាន្តវត្តភ្នំ របស់រដ្ឋបាលរាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ពុំមានការរៀបចំ ឬបន្ថែមឱ្យមានការជួបជុំ   លេងកម្សាន្ត បង្ហើយកម្មវិធីចូលឆ្នាំខ្មែរ សម្រាប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះទៀតទេ ។

ការលើកឡើងរបស់ លោកស្រីអ្នកនាំពាក្យសាលារាជធានីភ្នំពេញខាងលើនេះ ធ្វើឡើងដើម្បីកុំឱ្យយុវជន ឬប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានការយល់ច្រឡំ ដោយតាមទម្លាប់កាលពីឆ្នាំកន្លងៗទៅ សម្រាប់ កម្មវិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តែងតែយល់ថា នឹងអាចមានការជួបជុំលេងកម្សាន្តមួយថ្ងៃបន្ថែម ឬហៅម្យ៉ាងទៀតថា បង្ហើយថ្ងៃចូលឆ្នាំ ។

លោកស្រី ដោ សម្ផស្ស មានប្រសាសន៍នៅរសៀលថ្ងៃទី១៧មេសានេះថា "សូមបញ្ជាក់ថា ដោយសារ សេចក្តីជូនដំណឹង ក៏បានបញ្ជាក់ច្បាស់ដែរថា យើងធ្វើពីថ្ងៃណាដល់ថ្ងៃណា ប៉ុន្តែជាក់ស្តែងកន្លងមក  ថ្មីៗនេះ ក្នុងឆ្នាំនេះ ប្លែកខុសពីឆ្នាំមុន ដែលបងប្អូន ជាពិសេសបងប្អូនយុវជន គាត់ទៅលេងមុនថ្ងៃយើង បើកទៅទៀត ២ថ្ងៃមុន មានន័យថា ១២-១៣ហ្នឹង គឺគាត់លេងឡើងសប្បាយហើយ ហើយចំនួនមិនតិច ទៀត ចំនួនច្រើន ២ថ្ងៃនេះជាង៦០ម៉ឺននាក់ ដូចនេះជាជំហររបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបញ្ចប់ហើយ ថ្ងៃនេះអត់មានទៀតទេ ហើយយើងអនុវត្តតាមសេចក្តីជូនដំណឹង យើង គឺមិនមានការរៀបចំអ្វីជូន គាត់ទៀតទេ" ។

សូមបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ វត្តភ្នំ រយៈពេល ៣ថ្ងៃ ចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ដោយមានរៀបចំកម្មវិធី បែប ប្រពៃណីជាតិ និងកម្សាន្តសប្បាយ ជាច្រើនដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើមស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌៕

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បញ្ជាក់ជាថ្មី ពុំមានរៀបចំឱ្យមានការជួបជុំលេង សង្ក្រាន្តវត្តភ្នំ បន្ថែមនៅថ្ងៃ១៧នេះទៀតទេ
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បញ្ជាក់ជាថ្មី ពុំមានរៀបចំឱ្យមានការជួបជុំលេង សង្ក្រាន្តវត្តភ្នំ បន្ថែមនៅថ្ងៃ១៧នេះទៀតទេ